ថៃ​បដិសេធ​ការចោទប្រកាន់ថា​នាយករដ្ឋមន្ត្រី​ជួយ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់​ម៉ាឡេស៊ី​

174
ចែករម្លែក

​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កុម្ភៈ​បាន​គំរាម​ប្តឹង​គណបក្សប្រឆាំង​ដែល​ទើប​ត្រូវបាន​រំលាយចោល ដោយសារ​តែ​អ្នកនាំពាក្យ​គណបក្ស​នេះ​កាលពី​ថ្ងៃ​​អាទិត្យ​បាន​អះអាង​ចោទប្រកាន់ថា នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​នៅ​ជា​ប្រមុខ​របប​យោធា បាន​ជួយ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​ក្នុង​មូល​​និធិ​1MDB​របស់​ម៉ាឡេស៊ី​។​

​គណបក្ស អនាគត​ឆ្ពោះទៅមុខ​ដែល​ប្រឆាំង​យោធា​ថៃ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​រំលាយ​ចោល​កាលពី​សប្តាហ៍​មុន និង​សមាជិក​សំខាន់ៗ​របស់​វា​ត្រូវ​បាន​ហាម​​ធ្វើ​នយោបាយ​១០​ឆ្នាំ ដោយសារ​តែ​ប្រធាន​បក្ស​អោយ​គណបក្ស​ខ្ចី​លុយ​រាប់​លាន​បាត ដែល​ខុស​នឹង​ច្បាប់បោះឆ្នោត​។​

​កាលពី​ថ្ងៃអាទិត្យ អ្នកនាំពាក្យ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ នាង ប៉ាន់​នី​កា វ៉ា​នី​ច បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សន្និសីទកាសែត​មួយ​ថា របប​យោធា​បាន​ធ្វើការ​ជាមួយ​អតីត​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដើម្បី​ចាប់ខ្លួន​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នៅ​ក្នុង​រឿងអាស្រូវ​1MDB​នៅ​ឆ្នាំ​២០១៥ និង​បាន​អនុញ្ញាត​ពួកឧក្រិដ្ឋជន​ហិរញ្ញវត្ថុ​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ថៃ​។​

​ប៉ាន់​នី​កា បាន​និយាយថា « រដ្ឋាភិបាល​យោធា​ចង់បាន​ការទទួលស្គាល់​អន្តរជាតិ​ក្រោយ​ធ្វើ​រដ្ឋប្រហារ​…​និង​បាន​បង្កើត​សម្ពន្ធភាព​ងងឹត​មួយ​ជាមួយ​ម៉ាឡេស៊ី​។​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ចេញ​បញ្ជា​ទាំងនេះ គឺ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា​»​។​

​បើ​តាម​នាង ប៉ាន់​នី​កា មាន​ភាពមិនប្រក្រតី​ជុំវិញ​ការចាប់ខ្លួន​និង​ការសារភាព​របស់​សា​វី​យើ ចា​ស្តូ ជនជាតិ​ស្វីស​ដែល​ត្រូវបានថៃ​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១៥ និង​ជា​អ្នក​ទម្លាយ​រឿងអាស្រូវ​ដំបូង​របស់ 1MDB​។​រដ្ឋាភិបាល​ថៃ​គ្រា​នោះ​ក៏​បាន​ផ្តល់​ការស្នាក់អាស្រ័យ​ដល់​ហិរញ្ញិក​ឡូវ តេ​ក ហូ ដោយ​អនុញ្ញាត​អោយ​គាត់​ចូល​ប្រទេស​ថៃ​​យ៉ាងតិច​៥​លើក​រវាង​ឆ្នាំ​២០១៦​និង​២០១៨ ទោះ​ជា​ជន​នេះ​មាន​និវេទន៍​ក្រហម​(​ដីកា​តាម​ចាប់ខ្លួន​)​ពី​សិង្ហ​បុ​រីក្តី​។​

​ឡូ​វ ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន​និង​អាម៉េរិក​ចោទប្រកាន់ថា​លួច​លុយ​៤,៥​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​1MDB ។​

​តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​វាយបក​លើ​នាង​ប៉ាន់​នី​កា ដោយ​និយាយថា​ការចោទប្រកាន់​របស់​នា​ង​«​មិន​ពិត​ដោយ​ធ្វើអោយ​សារ​ធា​រណ​ជន​​យល់ច្រឡំ ហើយ​រដ្ឋ​មន្ត្រី​ពាក់ព័ន្ធ​កំពុង​ពិចារណា​ចាត់​វិធានការ​ច្បាប់​»​។​

​ចំណែក​លោក​ប្រា​យុទ្ធ​បាន​ឆ្លើយ​សំណួរ​អ្នកកាសែត​ថា «​បណ្តា​រដ្ឋមន្ត្រី​កំពុង​ស៊ើបអង្កេត ហើយ​បើ​មិន​ពិត ពួកគេ​អាច​ប្តឹង​»​។​

​ការចោទប្រកាន់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មុន​សភា​ថៃ​ធ្វើ​ការជជែក​ដេញដោល​និង​បោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ចាន​អូ​ចា​​នៅ​ថ្ងៃ​ចន្ទ​ទី​២៤​កុម្ភៈ​។​

​គណបក្ស​អនាគត​ឆ្ពោះទៅមុខ ដែល​ជាប​ក្ស​ធំ​លំដាប់​ទី​៣​នៅក្នុង​សភា​ថៃ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​រំលាយ​ចោល​កាលពី​ថ្ងៃ​សុក្រ​ដោយសារតែ​ការ​ផ្តល់​ឥណទាន​ពី​ប្រធាន​បក្ស​របស់​ខ្លួន​។​

​ការរំលាយ​បក្ស​នេះ​បណ្តាល​អោយ​មាន​ការ​ថ្កោលទោស​ពី​សំណាក់​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ចាត់ទុក​វា​ថា​ជា​វិធី​ធ្វើ​អោយ​ខ្សោយ​ក្រុម​ប្រឆាំង​ទល់​នឹង​រដ្ឋា​​ភិបាល​របស់​លោក​ប្រាយុ​ទ្ធ​ដែល​បាន​ចូលកាន់​តំណែង​លើកដំបូង​ក្នុង​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​និង​បាន​ដឹកនាំ​រដ្ឋាភិបាល​យោធា​មួយ​រហូតដល់​ការបោះឆ្នោត​កាលពី​ឆ្នាំមុន​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកនាំពាក្យ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ នាង ប៉ាន់​នី​កា វ៉ា​នី​ច(ឆ្វេង) ចោទប្រកាន់​លោក​ប្រា​យុទ្ធ​ថា បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់​ម៉ាឡេស៊ី ដោយសារតែ​លោក​​ចូលកាន់​តំណែង​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​និង​ចង់បាន​ការគាំទ្រ​ពី​អន្តរជាតិ​