ថៃ​បណ្តេញ​គ្រូបង្វឹក​ក្រោយ​ចាញ់​ឥណ្ឌា​យ៉ាង​អាម៉ាស​ក្នុងការ​ប្រកួត Asian Cup

471
ចែករម្លែក

​ឥណ្ឌា​ដែល​ល្បី​តែ​ខាង​កីឡា​គ្រី​ឃី​ត បានធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​បំបាក់​ថៃ​ក្នុង​លទ្ធផល ៤-១ ក្នុងការ​ប្រកួត​ជុំ​ទី​១​នៃ​ពូ​ល A ក្នុង​កម្មវិធី Asian Cup កាលពី​ថ្ងៃអាទិត្យ​ទី ៦ មករា​។

​ភ្លាមៗ​បន្ទាប់ពី​ចប់​ការប្រកួត សមាគម​បាល់ទាត់​ថៃ​បាន​បណ្តេញ​គ្រូបង្វឹក​សញ្ជាតិ​សែ​ប៊ី លោក​មី​ឡូ​វ៉ាន់ រ៉ា​ជេ​វ៉ា​ក់ ដែល​រង​ការរិះគន់​ខ្លាំង​ស្រាប់​សម្រាប់​ការដឹកនាំ​ក្រុម​ដំរី​ចម្បាំង​ដ៏​អន់​ពេញ​មួយឆ្នាំ​២០១៨​។

​ជំនួយការ​គ្រូបង្វឹក​លោក​សិរី​សាក់ យ៉ូ​ត​យ៉ា​ថៃ​នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថៃ​ប្រកួត​ជម្រុះ​នៅ​ការប្រកួត​សេសសល់​យ៉ាងហោចណាស់ ២ ប្រកួត​ចុងក្រោយ​។

​ខ្សែប្រយុទ្ធ​ជើងចាស់​ឥណ្ឌា ស៊ូ​នី​ល ឆេ​ទ្រី (Sunil Chhetri) ស៊ុត​ចូល​២​គ្រាប់​ម្នាក់ឯង និង​វ៉ា​ដាច់​ម៉េ​ស​ស៊ី​ដើម្បី​ក្លាយជា​កីឡាករ​អន្តរជាតិ​សកម្ម​ដែល​ស៊ុត​ចូល​ទី​ច្រើនជាងគេ​បំផុត ជាមួយ​គ្រាប់​បាល់ ៦៦ គ្រាប់​គឺ​លើស​ម៉េ​ស​ស៊ី​១​គ្រាប់​។ មានតែ​រ៉ូ​ណា​ល់​ដូ (៨៥​គ្រាប់​) ម្នាក់​គត់​ដែល​ឈ្នះ​ខ្សែប្រយុទ្ធ​ឥណ្ឌា​រូបនេះ​។

​បរាជ័យ​នេះ​បានធ្វើឱ្យ​ថៃ​ឈរ​នៅ​លេខ​៤​បាត​តារាង​ពូ​ល A ជាមួយ​ការប្រកួត​នៅសល់​២​ទៀត​គឺ​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំងៗ គឺ បា​រ៉ែ​ន និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​៕ ដោយ៖ កញ្ញាដាលីស

ថៃ​ចាញ់​ឥណ្ឌា​៤-១​យ៉ាង​ភ្ញាក់ផ្អើល​ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល A នៃ​ក្របខ័ណ្ឌ Asian Cup កាលពី​ថ្ងៃអាទិត្យ