ថៃ​បាញ់​សម្លាប់​ឈ្មួញ​គ្រឿងញៀន​៣​នាក់​ក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​

171
ចែករម្លែក

​ប៉ូលិស​ថៃ​បាន​រាយការណ៍​ថា ជនសង្ស័យ​ជា​អ្នកជួញដូរ​គ្រឿងញៀន​ឬ​អ្នកស៊ីឈ្នួល​ដឹក​ជញ្ជូន​ថ្នាំញៀន​ចំនួន​៣​នាក់​ត្រូវបាន​សម្លាប់​និង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​ចំនួន​២ ក្រោយ​មាន​ការបាញ់​តដៃ​ជាមួយ​កម្លាំង​សន្តិសុខ​នៅ​ជិត​ព្រំដែន​នៅក្នុង​នៅ​ខេត្ត​ឈៀង រ៉ៃ ជាប់​តំបន់ត្រីកោណមាស​កាលពី​​យប់​ថ្ងៃ​អង្គារ​ទី​១៨​កុម្ភៈ ហើយ​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីនស​រុប​៤​សែន​គ្រាប់​និង​មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​៧ គីឡូក្រាម​ត្រូវ​បាន​ចាប់​រឹបអូស​។​

​ការប៉ះទង្គិច​ទីមួយ​បាន​កើតឡើង បន្ទាប់ពី​សមត្ថកិច្ច​ប្រទះ​ឃើញ​រថយន្ត​និង​ម៉ូតូ​ច្រើន​គ្រឿង​ឆ្លង​ព្រំដែន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ចូល​មក​ស្រុក​មួយ​នៅ​ខេត្ត​​ឈៀង​រ៉ៃ​។

​ក្រុម​ប៉ូលិស​និង​ទាហាន​ល្បាត បាន​តាម​ពីក្រោយ​ពួកគេ​រហូត​ដល់​តំបន់​មួយ​។​នៅ​ពេល​ពួកគេ​ចូល​ទៅ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​អ្នក​ដែល​នៅ​លើ​រថយន្ត​​ទាំងនោះ​បាន​បាញ់រះ​។

​ក្នុងអំឡុង​ការបាញ់​តដៃ​នោះ អ្នកជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​សម្លាប់​និង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​។​ជនល្មើស​បាន​រត់ចោល​គ្រឿងញៀន​មេតំ​ហ្វីតា​មីនចំនួន​២៥០.០០០ គ្រាប់​និង​មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន ៧​គីឡូក្រាម ។​

​នៅ​ថ្ងៃ​ដដែល​នោះ រថយន្ត​ដែល​បើក​រត់​នោះ ត្រូវ​បាន​ស្ទាក់ចាប់​ក្រោយ​វា​បាន​បើក​រត់​ធ្លាក់​ផ្លូវ ។​ពួក​អ្នក​ជួញដូរ​គ្រឿងញៀន បាន​បាញ់​មក​លើ​ក្រុម​មន្ត្រី ជាហេតុ​​នាំអោយ​មាន​ការបាញ់​តប​។ បុរស​២​នាក់​នៅក្នុង​រថយន្ត​នោះ ត្រូវបាន​សម្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នេះ ហើយ​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​១៥០.០០០​គ្រាប់ និង​កាំ​​ភ្លើង​ខ្លី​មួ​យ​ដើម ត្រូវបាន​រកឃើញ​ក្នុង​រថយន្ត​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប៉ូលិស​ថៃ​ពិនិត្យមើល​រថយន្ត​របស់​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​ដែល​បាន​បើក​រត់​ធ្លាក់​ផ្លូវ​មួយ​នៅ​ខេត្ត​ឈៀង​រ៉ៃ​កាលពី​យប់​ថ្ងៃ​អង្គារ​