ថៃ​បោះឆ្នោត​រើស​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃនេះ​ហើយ​! ប្រា​យុទ្ធ ឬ ថា​ណា​ថន​?

816
ចែករម្លែក

​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា និង​អ្នកនយោបាយ​ប្រឆាំង​យោធា​វ័យក្មេង ថា​ណា​ថន ចាង​រឿង​គិត​ចា​គិត នឹង​ប្រជែង​គ្នា​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ក្នុង​ការបោះឆ្នោត​ក្នុង​​សភា​នៅ​ថ្ងៃ​ពុធ​ទី​៥​មិថុនា​នេះ បន្ទាប់ពី​ក្រុម​ប្រឆាំង​របប​សឹក​បាន​សម្រេច​ជា​ចុងក្រោយ​ថា ប្រធាន​បក្ស​ធំ​បំផុត​លំដាប់​ទី​៣​នេះ សមស្រប​សម្រាប់​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​​រដ្ឋមន្ត្រី ទោះ​ជា​តុលាការ​ធម្មនុញ្ញ​បាន​ព្យួរ​ការងារ​សភា​របស់​លោក​ក្តី​។​

​សម្រាប់​ប្លុក​ប្រឆាំង​យោធា មាន​បេក្ខជន​៣​រូប​ទៀត​មកពី​គណបក្ស​ភឿ​ថៃ តែ​លោក​ថា​ណា​ថន​ មកពី​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​ ដែល​ទើប​បង្កើត​ថ្មី តែ​ទាក់ទាញ​ការចាប់​​អារម្មណ៍​ខ្លាំង​ទទួលបាន​ការគាំទ្រ​ជាងគេ​។​

​គណបក្ស​ភឿ​ថៃ មិន​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​សភា​មកពី​ក្រៅ​ប្លុក​របស់ខ្លួន​ទេ​ តែ​ដោយសារ​ចង់​បំពេញ​ការ​សន្យាថា​នឹង​រារាំង​ក្រុម​យោធា​កុំ​ឲ្យ​បន្ត​កាន់​​អំណាច​តទៅទៀត ខ្លួន​ក៏​គាំទ្រ​លោក​ថា​ណាថ​ន​ ដែល​ជា​ប្រធាន​គណបក្ស​ដៃគូ ជា​បេក្ខជន​ប្រជែង​ជាមួយ​លោក​ប្រា​យុទ្ធ​ទៅ តែ​វា​ក៏​បណ្តាល​ឲ្យ​សមាជិក​បក្ស​ភឿ​ថៃ​មួយ​ចំនួន​​មិន​សប្បាយចិត្ត​ដែរ​។​

​ទោះជា​យ៉ាងណា លោក​ប្រា​យុទ្ធ ដែល​កំពុង​ស្ថិត​ក្នុង​តំណែង​នាយករដ្ឋមន្ត្រី​ស្រាប់ ត្រូវ​រំពឹងថា​នឹង​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ដដែល បន្ទាប់​ពី​ប្លុក​យោធា​ធានា​បាន​សមាជិកសភា​​ភាគច្រើន​២៥៤ រួមមាន​សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​ភូម​ចៃ​ថៃ​។​

​គណបក្ស ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​នៅ​នាទី​ចុង​ក្រោយ​ដើម្បី​ចូលរួម​ក្រុមចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​ត របស់​ក្រុម​លោក​ប្រា​យុទ្ធ​។​ទោះជា​យ៉ាងណា​​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន ស្ទាក់ស្ទើរ​ក្នុង​ការបោះ​ឆ្នោត​គាំទ្រ​លោក​ប្រា​យុទ្ធ ដោយសារតែ​លោក​ជា​មេដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​នៅ​ឆ្នាំ​២០១៤​។​

​សូមបញ្ជាក់​ថា​ ថៃ​នៅតែ​បែកបាក់​គ្នា​យ៉ាង​ជូរ​ចត់​ក្រោយ​រដ្ឋប្រហារ​បន្តបន្ទាប់ ការប្រឆាំង​តវ៉ា​ហិង្សា​និង​រដ្ឋាភិបាល​អាយុ​ខ្លីៗ​អស់​១៥​ឆ្នាំ​ក្នុងការ​ប្រជែង​គ្នា​រវាង​ស្ថាប័ន​រាជានិយម​​បែប​អភិរក្ស​និង​បណ្តា​គណបក្ស​ដែល​មាន​ការគាំទ្រ​ពី​អ្នកក្រ​និង​វណ្ណៈ​កណ្តាល​។​

​អ៊ុត​តា​ម៉ា សាវ៉ា​ណា​យ៉ាណា មេដឹកនាំ​គណបក្ស​ផា​ឡាំង ប្រចា​រ៉ា​ត បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​មួយ​ថា​«​លោក​ប្រា​យុទ្ធ​មាន​គុណសម្បត្តិ សមត្ថភាព​និង​ភាព​ជា​មេដឹកនាំ​​សម្រាប់​មុខ​ការ​នេះ​»​។​

​ប្រា​យុទ្ធ ក៏​មាន​ការគាំទ្រ​រឹងមាំ​ពី​ព្រឹទ្ធសភា ដែល​ជ្រើសតាំង​ឡើង​ដោយ​ក្រុម​យោធា​និង​ដាក់​សុទ្ធតែជា​ពួក​មេទ័ព​និង​សម្ពន្ធមិត្ត​យោធា​រួមទាំង​បងប្អូន​ប្រុស​បង្កើត​របស់លោក​​ប្រា​យុទ្ធ​ផង​៕​ដោយៈ​វាសនា​/Ha

ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​នេះ​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា​ជា​ការជ្រើសរើស​រវាង​ក្រុមគាំទ្រ​យោធា និង​ក្រុម​ប្រជាធិបតេយ្យ​ដែល​ស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​​ថាក់ស៊ីន ស៊ីណា​វ៉ាត​។​លោក​ប្រា​យុទ្ធ (ឆ្វេង)នឹង​មានប្រៀប​លើ​ថា​ណា​ថន ប្រធាន​គណបក្ស​ធំ​បំផុត​ទី​៣​របស់​ថៃ​