ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​លើកទីមួយ របស់​ស្តេច មហា វិ​ជ្ជ​រ៉ា​ឡុងកន​

1375
ចែករម្លែក

​ប្រទេស​ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​គម្រប់ ៦៥ វស្សា​របស់​ស្តេច មហា វិ​ជ្ជ​រ៉ា​ឡុងកន នៅ​ថ្ងៃ​សុក្រ​ទី ២៨ កក្កដា​នេះ រួមជាមួយ​ពិធី​តាម​សាសនា​សំខាន់​ជាច្រើន និង​ការតាំង​ព្រះឆាយាល័ក្ខណ៍​ជា​សាធារណៈ​នៅ​ជុំវិញ​ប្រទេស​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា និង​មន្ត្រី​រដ្ឋាភិបាល​បាន​វេរ​ចង្វា​ន់​ដល់​ព្រះសង្ឃ ៦៥១ អង្គ កាលពី​ព្រឹក​ថ្ងៃ​សុក្រ នៅ​ព្រះបរមរាជវាំង​ក្នុង​ក្រុង​បាងកក​។​

​សាលាខេត្ត​នានា​នៅ​ជុំវិញ​ប្រទេស និង ស្ថានទូត​ថៃ​នៅ​ជុំវិញ​ពិភពលោក​ក៏​រៀបចំ​ចង្វា​ន់​ស្រដៀង​គ្នា​នេះដែរ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​អបអរ​ពិធី​ចម្រើន​ព្រះជន្ម​របស់​ស្តេច​វិ​ជ្ជ​រ៉ា​ឡុងកន ដែល​ត្រូវ​បានដាក់​ជា​បុណ្យជាតិ​លើកដំបូង​ក្នុងឆ្នាំនេះ​។​

​ការិយាល័យ​រដ្ឋាភិបាល និង​ស្ថាប័នឯកជន​ជាច្រើន​បាន​កំពុង​រៀបចំ​ពិធី​ផ្សេងៗ និង ពិធី​តាម​សាសនាព្រះពុទ្ធ​ដើម្បី​អបអរ​ពិធី​ចម្រើន​ព្រះជន្ម​ស្តេច​វិ​ជ្ជ​រ៉ា​ឡុងកន តាំងពី​ថ្ងៃ​ពុធ​មកម្ល៉េះ​។

​រដ្ឋាភិបាល​ថៃ​បាន​កំពុង​កាន់ទុក្ខ​ជា​ផ្លូវការ​រយៈពេល​១​ឆ្នាំ បន្ទាប់ពី​ការចូល​ទិវង្គត​កាលពី​ខែតុលា​ឆ្នាំមុន​របស់​ស្តេច​ភូមិបុល អាឌុលយ៉ាដេត ដែល​មានន័យថា​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវតែ​ស្លៀកពាក់​ឈុតខ្មៅ ឬ ឯកសណ្ឋាន​ផ្លូវការ​។

​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ណែនាំ​ក្រុមមន្ត្រី​និង​សមាជិក​សាធារណៈ​ទាំងអស់​ឱ្យ​ស្លៀកពាក់​ឈុត​ស នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​អបអរ​ពិធី​ចម្រើន​ព្រះជន្ម​ស្តេច​វិ​ជ្ជ​រ៉ា​ឡុងកន​៕ ដោយ៖ កញ្ញាដាលីស

ស្តេច មហា វិ​ជ្ជ​រ៉ា​ឡុងកន