ថៃ​ប្រុង​បញ្ជូន​យន្តហោះ​យោធា​ចូល​ជម្លៀស​ប្រជាជន​ខ្លួន តែ​ចិន​បដិសេធ និង​ថា​ខ្លួន​អាច​គ្រប់គ្រង​សភាពការណ៍​បាន​

288
ចែករម្លែក

នាយករដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ ចាន​អូ​ចា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មករា​ថា យន្តហោះ​ត្រៀម​អស់​ហើយ​ដើម្បី​ជម្លៀស​ជនជាតិ​ថៃ​ចេញពី​ទីក្រុង​វូ​ហាន ដែល​រង​​ការវាយប្រហារ​ដោយ​វីរុស​ឆ្លង តែ​ចិន​មិន​អនុញ្ញាត​ដោយ​ថា​ខ្លួន​(​ចិន​)​អាច​គ្រប់គ្រង​សភាពការណ៍​។​

​លោក​ប្រា​យុទ្ធ បាន​និយាយថា « ចិន​បាន​បញ្ជាក់​អះអាងថា ខ្លួន​អាច​គ្រប់គ្រង​វីរុស​នេះ​…​ការហោះហើរ​របស់​យន្ត​ហោះ​ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​ប្រទេស​ជា​គោលដៅ​​ជាមុន​…​បើ​សភាពការណ៍​អាច​គ្រប់គ្រង​បាន វា​មិន​ចាំបាច់​ជម្លៀស​ទេ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយថា​លោក​បាន​បញ្ជា​អោយ​មាន​ការត្រៀម​ជម្លៀស​ជនជាតិ​ថៃ​ចេញពី​វូ​ហាន​តាំងពី​ជិត​មួយ​ខែ​មុន​និង​បាន​បង្កើត​ក្រុម​វេជ្ជបណ្ឌិត​សំរាប់​ការងារ​នេះ​និង​ស្ថានទូត​ថៃ​នៅ​ចិន​ក៏​រៀបចំ​បញ្ជី​ឈ្មោះ​ជនជាតិ​ថៃ​ដែល​មាន​បំណង​វិល​មក​ស្រុក​វិញ​ដែរ​។​

​មេ​ទ័ពអាកាស​ថៃ លោក​ម៉ា​ណាត វង់​វ៉ាត បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មករា​ថា យន្តហោះ​C130​ដល់​ទៅ​៤​គ្រឿង​និង​ក្រុម​វេជ្ជសាស្ត្រ​បាន​ត្រៀម​ខ្លួន​ចេញ​​ដំណើរ​ទៅ​កាន់​ទីក្រុង​វូ​ហាន​ភ្លាម​នៅ​ពេល​មាន​បញ្ជា​ពី​រដ្ឋាភិបាល​។​

​ចំណែក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ុន បាន​និយាយថា​រដ្ឋាភិបាល​កំពុង​ពិចារណា​អំពី​ផែនការ​ជួយ​ពលរដ្ឋ​ថៃ​នៅ​វូ​ហាន​។​

​យោង​តាម​ក្រសួង​ការបរទេស​ថៃ សរុប​មាន​ជនជាតិ​ថៃ​៦៤​នាក់ (​សិស្ស​៥៤ និង​អ្នក​ម៉ាស្សា​១០)​នៅក្នុង​ទីក្រុង​នេះ​។​តែ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​បាន​និយាយ​​ថា​មាន​ជនជាតិ​ថៃ​ពី​២០០​ទៅ​៣០០​នាក់​នៅ​វូ​ហាន​។​

​ការជម្លៀស​ពលរដ្ឋ​ថៃ​នេះ​ត្រូវបាន​លើកឡើង​បន្ទាប់​ពី​អាម៉េរិក បារាំង​និង​ជប៉ុន​កំពុង​រៀបចំ​យន្តហោះ​ទៅ​ដឹក​ពលរដ្ឋ​របស់​គេ​ចេញពី​ទីក្រុង​វូ​ហាន​ផងដែរ​។​

​នៅ​ថ្ងៃ​ចន្ទ​ទី​២៧​មករា ក្រសួង​ការបរទេស​ថៃ​ត្រូវ​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យមើល​ផែនការ​យថាហេតុ​មួយ​សំរាប់​ពលរដ្ឋ​ថៃ​នៅ​ចិន ហើយ​វិធានការ​មួយ​អាច​ជា​ការជម្លៀស​ជនជាតិ​ថៃ​ចេញពី​ទីក្រុង​វូ​ហាន​។​បើសិនជា​អង្គប្រជុំ​សំរេច​ថា​ស្ថានការណ៍​សុខភាព​នៅ​វូ​ហាន​ធ្ងន់ធ្ងរ​នោះ​រដ្ឋាភិបាល​នឹង​បញ្ជា​ទៅ​កងទ័ពអាកាស​អោយ​បញ្ចេញ​យន្តហោះ​ទៅ​ចិន​ភ្លាម​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ​បាន​អះអាងថា ករណី​ឆ្លង​កូរ៉ូណា​វីរុស​នៅ​ថៃ​ដែល​មាន​ការបញ្ជាក់ បាន​កើន​ដល់​៨​នាក់ ហើយ​មនុស្ស​៨៤​នាក់​ទៀត​ត្រូវបាន​ដាក់​ក្រោយ​ការតាមដាន តែ​៤៥​នាក់​បាន​រួចផុត​ការត្រួតពិនិត្យ​ហើយ​ចាកចេញ​ពី​មន្ទីរពេទ្យ​តែ​៣៩​នាក់​ទៀត​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​នៅឡើយ​៕​ប្រែ​សម្រួល​៖​វាសនា​

​ចិន​បញ្ជូន​ពេទ្យ​យោធា​ចូល​ក្រុង​វូ​ហាន​ដើម្បី​ជួយ​ព្យាបាល​អ្នក​ឆ្លង​វីរុស​ថ្មី