ថៃ​ផ្សាំ​បាន​ស្វាយ​ប្រឆាំង​មហារីក

586

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ណា​រី​សួន (Nare-suan) នៅ​ខេត្ត​ភី​ត​សា​នុ​លោក (Phitsanulok) ភាគ​ខាងជើង​ប្រទេស​ថៃ​បាន​អភិវឌ្ឍ​ស្វាយ​មួយ ដែល​អាច​បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​មួយចំនួន​។​

​ពួកគេ​ក៏បាន​បង្កើត​ផលិត​រ៉ូ​លអន​សម្រាប់​ស្ត្រី​ដែលមាន​ក្លិន​ក្លៀក និង​ចង់​ដក​រោមក្លៀក​ផងដែរ​។​

​របកគំហើញ​ដែល​បានបង្ហាញ​នៅ​សប្តាហ៍​នេះ​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​អង្គការ​ស្រាវជ្រាវ​ថៃ​នៅក្រោម​កម្មវិធី​បុណ្យ​គម្រប់​ខួប​ទី​៥០​របស់​ស្តេច​ថៃ​។​

​ជំនួយការ​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​កសិកម្ម​រុក្ខាប្រមាញ់​និង​ធនធានធម្មជាតិ លោក​វេជ្ជបណ្ឌិត ពី​រៈសាក់ ចៃ​ប្រាសាត បាន​ពន្យល់ថា ស្វាយ មហា​ចា​ណុ​ក (Mahachanok) ត្រូវបាន​ជំរុញ​បន្ថែម​ជាមួយនឹង​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ពីរ​ប្រភេទ​គឺ Anthocyanin និង Carotenoid ។​

​សារធាតុ Carotenoid ដែល​រកឃើញ​នៅក្នុង​ផ្លែឈើ​ពណ៌​លឿង ពណ៌​ទឹកក្រូច​និង​ពណ៌​ក្រហម​នោះ គឺ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​នានា ជំងឺ​បេះដូង ជំងឺភ្នែកឡើងបាយ និង​ការ​ខ្សោយ​ភ្នែក​ដែល​ទាក់ទង​ទៅនឹង​អាយុ​។​

​សារធាតុ Anthocyanin ដែល​ផ្តល់​ពណ៌​ក្រហម ពណ៌​ស្វាយ​និង​ពណ៌​ខៀវ​ដល់​ផ្លែឈើ ជួយ​ពន្យឺតការ​ខូច​កោសិកា និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​សម្លាប់​មេរោគ​ក្នុង​ប្រព័ន្ធ​ក្រពះ​ពោះវៀន​។​

​លោក​វេជ្ជបណ្ឌិត ពី​រៈសាក់ និយាយថា ស្វាយ​មហា​ចា​ណុ​ក ដែល​ជាការ​ផ្សាំ​រវាង​ស្វាយ​ថៃ ណា​ង​ក្លាង​វ៉ាន់ និង​ស្វាយ​ព្រះអាទិត្យ​លិច​អូស្ត្រាលី មាន​សំបក​ពណ៌​ក្រហម​លាយ​ពណ៌​ស្វាយ ឬ​ក្រហម​លាយ​លឿង នៅពេល​វា​ទុំ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការណែនាំ​នូវ​សមាសធាតុ​សរីរាង្គ មេ​ទីល ចាស​ម៉ា​ណេ​ត (Methyl jasmonate) នៅមុន​ការប្រមូល​ផល​ស្វាយ បាន​បង្កើន​កម្រិត​នៃ​វីតាមីន C ជាតិ​គ្លុយកូស ជាតិ​ហ្វ្រា​ក់​តូ​ស ជាតិ​ស៊ូ​ក្រូ​ស និង ជាតិ​ការ៉ូ​ថេ​ណ​យ​ដល់​ស្វាយ​។​

​សមាសធាតុ​សរីរាង្គ មេ​ទីល ចាស​ម៉ា​ណេ​ត បូក​ជាមួយ​សារធាតុ​អេ​តា​ហ្វ​ន (Ethephon) ដែល​ទាំងពីរ​នេះ​មាន​សុវត្ថិភាព​និង​គ្មាន​ផលប៉ះពាល់ នឹង​បង្កើន​កម្រិត​ជាតិ​ការ៉ូ​ថេ​ណ​យ (Carotenoid) ៥០​ភាគរយ​។​

​លោក​វេជ្ជបណ្ឌិត​ពី​រៈសាក់​និយាយថា​សាកលវិទ្យាល័យ​នឹង​បន្តធ្វើ​ការ​លើ​គម្រោង​នេះ ហើយ​រំពឹងថា​កសិករ​នឹង​អាច​ដាំ​ដុះ​ស្វាយ​មហា​ចា​ណុ​ក​ហួស​ពី​រដូវ​ដាំ​ដុះ​ធម្មតា​ពី​ខែមេសា​ដល់​ខែមិថុនា ទៅទៀត និង​ផលិត​ផ្លែស្វាយ​ពណ៌​ក្រហម​ស្អាត និង​មាន​សុខភាព​ល្អ ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​។​

​ផលិតផល​រ៉ូ​លអន​កាត់បន្ថយ​ការ​ជ្រុះ​សក់​ដោយ​ប្រើ​ខ្ញី​ហៅថា Waan-Ma-Haa-Mek ត្រូវបាន​បង្កើតឡើង​នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិជ្ជា​រុក្ខជាតិ​ឱសថ​របស់​សាកលវិទ្យាល័យ​ខាងលើ​។​

​ជំនួយការ​សាស្ត្រាចារ្យ លោកស្រី កន​កា​ណុ​ក អ៊ីង​កា​នី​ណាន់ បាន​និយាយថា​ក្រុម​របស់លោក​ស្រី​ដំបូង​បាន​រកឃើញថា កម្ទេច​ខ្ញី Waan-Ma-Haa-Mek អាច​ត្រូវបាន​ប្រើ​ដើម្បី​កាត់បន្ថយ​ការ​ជ្រុះ​សក់​ចំពោះ​បុរស​។​

​ពួកគេ​បានទទួល​បាន​ប៉ាតង់​និង​បាន​បញ្ជូន​បច្ចេកវិជ្ជា​នេះ​ទៅ​ក្រុមហ៊ុន Siam Nawat Co កាលពី​ឆ្នាំមុន​។​

​ផលិតផល​ថ្មី Waan-Ma-Haa-Mek របស់​ពួកគេ​គឺជា​ផលិតផល​រ៉ូ​លអន កាត់បន្ថយ​ការ​ជ្រុះ​សក់​សម្រាប់​ស្ត្រី ដែល​លោកស្រី​កន​កា​ណុ​ក​និយាយថា ផ្តល់​លទ្ធផល​ល្អ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចំនួន ៣០ នាក់​ក្នុង​រយៈពេល ៤ សប្តាហ៍​នៃ​ការធ្វើ​តេស្ត​ជាក់ស្តែង​៕ ដោយ៖ កញ្ញាដាលីស

ស្វាយ​ការពារ​ប្រឆាំង​ជំងឺមហារីក ដែល​ថៃ​ផ្សាំ​បាន ហៅថា មហា​ចា​ណុ​ក