ថៃ​ពន្យារពេល​អនុវត្តច្បាប់​ការងារ​ថ្មីរយៈពេល១២០​ថ្ងៃ បន្ទាប់ពី​ពលករ​ចំណាកស្រុក​បរទេស​សម្រុក​ចាកចេញនាំអោយខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរ​

1011
ចែករម្លែក

រដ្ឋាភិបាលយោធា​ថៃ​និយាយថា ខ្លួន​នឹង​ពន្យារពេល​ចូល​ជាធរ​មាននូវ​ច្បាប់​ការងារ​ថ្មី បន្ទាប់ពី​ពលករ​ចំណាកស្រុក​រាប់ពាន់នាក់ ភៀសខ្លួន​ទៅ​ស្រុកកំណើត​ក្នុងប្រទេស​ជិតខាង​វិញ​ក្នុង​សប្តាហ៍​នេះ ដោយ​បារម្ភ​ថា​ត្រូវគេ​ចាប់ខ្លួន និង​ផាកពិន័យ​ធ្ងន់ធ្ងរ ក្រោម​អនុក្រឹត្យ​ថ្មី​នេះ​។

ភាព​ជ្រួលច្របល់​បាន​កើតឡើង​ដោយសារតែ​កិច្ចប្រឹងប្រែង​របស់​ថៃ​ដើម្បី​ចេញ​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​រាប់លាន​នាក់ ដែល​រួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​ថៃ ជាមួយ​ការងារ​ជាច្រើន​ក្នុង​រោងចក្រ ទូក​នេសាទ និង ការងារ​ប្រាក់កម្រៃ​ទាប​ជាច្រើន​ទៀត​។​

​របប​យោធា​បាន​ដាក់ចេញ​យុទ្ធនាការ​ជាច្រើន ក្នុង​គោលបំណង​ចុះឈ្មោះ​ពលករ​ចំណាកស្រុក និង បង្ក្រាប​លើ​បណ្តាញ​ជួញដូរ​មនុស្ស​ខុសច្បាប់ ប៉ុន្តែ​ការប្រឹងប្រែង​តែង​មិនមាន​ប្រសិទ្ធភាព និង អនុវត្តបាន​តែមួយ​ឆាវៗ​។​

ជា​លទ្ធផល ពលករ​ចំណាកស្រុក​ជាច្រើន​នៅតែ​បន្ត​គ្មាន​ឯកសារ និង ងាយ​រងគ្រោះ​ចំពោះ​ការកេងប្រវ័ញ្ច​ដោយ​ក្រុម​អ្នកជួញដូរ​មនុស្ស និង ថៅកែ​ខិលខូច​។

គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី ៣០ មិថុនា របប​យោធា​និយាយថា​ខ្លួន​នឹង​ពន្យារពេល​ចំនួន ១២០ ថ្ងៃ​នូវ​ការចូល​ជា​ធរមាន​ផ្នែក​ខ្លះ​នៃ​ច្បាប់​ការងារ​ថ្មី​ទាក់ទិន​ពលករ​បរទេស ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ២៣ មិថុនា បន្ទាប់ពី​ច្បាប់​ថ្មី​នេះ​បង្កចលាចល​ក្នុងចំណោម​ពលករ​បរទេស និង ថៅកែ​របស់ខ្លួន​។

ឧបនាយករដ្ឋមន្ត្រី វី​សា​នុ គ្រី​ង៉ា​ម បាន​ប្រាប់​អ្នកកាសែត​ថា “​អំឡុង​គ្រានេះ នឹងមិន​មានការ​ចាប់​ខ្លួន ឬ បង្ក្រាប​លើ​ពលករ​ខុសច្បាប់​ទេ លើកលែងតែ​អ្នក​ដែល​រំលោភច្បាប់​ជួញដូរ​មនុស្ស​”​។

ការពន្យារពេល​ចូល​ជាធរ​មានច្បាប់​នេះ កើតឡើង បន្ទាប់ពី​ពលករ​រាប់ពាន់នាក់​បាន​ចាក​ចេញទៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង កម្ពុជា​វិញ ដោយ​បារម្ភ​ពី​ការចាប់ខ្លួន និង ផាកពិន័យ​ក្រោម​ច្បាប់​ថ្មី ដែល​ផាក​ពលករ​ចំណាកស្រុក​រហូតដល់​ទៅ ៣.០០០ ដុល្លារ ចំពោះ​ការខ្វះខាត​លិខិតអនុញ្ញាត​ការងារ​ដែល​មាន​សុពលភាព​។ ក្រោម​ច្បាប់​ថ្មី​នេះ ថៅកែ​ក៏​អាច​រង​ការផាកពិន័យ​ដល់​ទៅ ៨០០.០០០ បាត​ផងដែរ (២៤.០០០ ដុល្លារ​) សម្រាប់​ពលករ​គ្មាន​ឯកសារ​ម្នាក់ ដែល​ថៅកែ​នោះបាន​ជួល​៕ ​ដោយ ៖កញ្ញាដាលីស

ពលករ​បរទេស​សម្រុក​ចាកចេញ​ពី​ថៃ ព្រោះ​បារម្ភ​ការចាប់ខ្លួន​និង​ផាកពិន័យ