ថៃ​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចូល​៦​ខែ​ទៀត​ដើម្បី​ទាក់ទាញ​ទេសចរ​

212
ចែករម្លែក

​រដ្ឋាភិបាល​ថៃ នឹង​បន្ត​ការ​មិន​យក​ថ្លៃ​ទិដ្ឋាការ​ពេល​ភ្ញៀវ​មក​ដល់​រយៈពេល​៦​ខែ​ទៀត​ដើម្បី​បង្កើន​ចំនួន​ទេសចរ​បរទេស​ចូល​មក​លេង​ប្រទេស​ថៃ​។​

​អ្នកនាំពាក្យ​រង​នៃ​រដ្ឋាភិបាល​ថៃ បាន​និយាយ​ថា​គណៈរដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃ​២២​តុលា បានអនុម័ត​ការបន្ត​ការ​មិន​យក​ថ្លៃ​ទិដ្ឋាការ​ពេលមកដល់​សំរាប់​ពេល​៦​ខែ​ទៀត រហូត​​ដល់​ខែ​មេសា​ឆ្នាំក្រោយ​។​

​ការ​មិន​យក​ថ្លៃ​ទិដ្ឋាការ​នេះ​ត្រូវបាន​អនុវត្ត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​មុន និង​ត្រូវ​ផុត​ពេល​កំណត់​នៅ​ចុងខែ​នេះ​។​ការលុបចោល​ទិដ្ឋាការ​ថ្លៃ​២០០០​បាត​(៦៦​ដុល្លារ​) ចាប់តាំងពី​​ពេលនោះ​មក​បាន​នាំអោយ​កើន​ចំនួន​ភ្ញៀវ​បរទេស​១២០​ភាគរយ ទោះ​ជា​រដ្ឋ​បាន​ខាតបង់​ចំណូល​១០,៧៦​ពាន់​លាន​បាត​(៣៥៥​លាន​ដុល្លារ​)​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា ការខាតបង់​នេះ​វា​មិន​សំខាន់​ទេ​បើ​ធៀប​នឹង​ការចំណាយ​របស់​អ្នកទេសចរ​ប្រមាណ​១៤៤,៧៣​ពាន់​លាន​បាត​(៤,៧៧​ពាន់​លាន​ដុល្លារ​)​។​

​ចំណាត់ការ​នេះ​ជា​ផ្នែក​នៃ​វិធានការ​របស់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុងស្រុក រួម​មាន​ការលើកទឹកចិត្ត​សំរាប់​អ្នកទេសចរ​ក្នុងស្រុក ឥណទាន​អនុគ្រោះ និង​ការកាត់បន្ថយ​​កំរៃ​ជួញដូរ​ខាង​អចលនទ្រព្យ​។​

​រដ្ឋាភិបាល​ក៏​បាន​លៃ​ប្រាក់​១៩​ពាន់​លាន​បាត​ទុក​សំរាប់​ជំរុញ​ទេសចរណ៍​ក្នុងស្រុក ក្នុងនោះ​១០​ពាន់​លាន​បាត​សំរាប់​អាជ្ញាធរ​ទេសចរណ៍​ថៃ​៕​ដោយ​៖​វាសនា​

ចំណាត់ការ​របស់​រដ្ឋាភិបាល​ថៃ​កើតឡើង​ចំ​ពេល​មាន​របាយការណ៍​អំពី​ការធ្លាក់ចុះ​ការមកដល់​នៃ​អ្នកទេសចរ​ចិន​