ថៃ​រឹតបន្តឹង​អ្នកដំណើរ​ចូល​និង​សុំ​អោយ​ប្រជាជន​ខ្លួន​ផ្អាក​ទៅ​សិង្ហ​បុរី​និង​ជប៉ុន ដោយសារ​វីរុស​

127
ចែករម្លែក

​ក្រសួង​សុខាភិបាល​ថៃ បាន​ណែនាំ​ពលរដ្ឋ​ថៃ​ណា​ដែល​មាន​ផែនការ​ទៅ​សិង្ហ​បុរី និង​ជប៉ុន​គួរ​ពន្យារពេល​ដំណើរ​របស់​គេ ដោយសារ​តែ​កំណើន​អ្នកឆ្លង​កូរ៉ូណា​វីរុស​​នៅក្នុង​ប្រទេស​ទាំង​ពីរ​។​

​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត​ស៊ូ​ខុម កាន់​ចា​ណា​ភី​ម៉ា បាន​និយាយថា ការផ្ទុះ​ជម្ងឺ​នៅក្នុង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​ដំណាក់កាល​ទី​៣ នៅ​​ពេល​ដែល​ប្រជាជន​ក្នុងស្រុក​មិនមាន​ប្រវត្តិ​ជួប​ជនជាតិ​ចិន តែ​បែរជា​ឆ្លង​វីរុស​ដែរ​។​

​សូមបញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​១៨​កុម្ភៈ​នេះ ចំនួន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នៅថៃ​មាន​ចំនួន​៣៥​នាក់ បន្ទាប់​ពី​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​រកឃើញ​វីរុស​។​

​វេជ្ជបណ្ឌិត​ស៊ូ​ខុម កាន់​ចា​ណា​ភី​ម៉ា បាន​និយាយថា ជនជាតិ​ថៃ​ដែល​បាន​ទៅ​សិង្ហ​បុរី​និង​ជប៉ុន​នៅ​១៤​ថ្ងៃ​មកនេះ ហើយ​ក្តៅខ្លួន ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ហើយ​នឹង​​ទទួលបាន​ការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​។​

​លោក​ថា សភាពការណ៍​នៅ​ថៃ​ស្ថិត​ក្នុង​ដំណាក់កាល​ទី​២ តែ​ប្រឈម​ការឈាន​ទៅ​ដំណាក់កាល​ទី​៣ បើ​មិន​ប្រយ័ត្ន​ទេ​។​

​អាជ្ញាធរ​ថៃ​ក៏​ពង្រីក​ការពិនិត្យ​រក​វីរុស​ចំពោះ​អ្នក​ដំណើរ​មកពី​សិង្ហ​បុរី​និង​ជប៉ុន​ផងដែរ ខណៈ​អ្នកដំណើរ​និង​សមាជិក​នាវា​MS Westerdam​ដែល​ចុះចត​នៅ​​កម្ពុជា មិន​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​ទេ​, នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​១៨​កុម្ភៈ​។​

​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខាភិបាល បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា​«​យើ​ង​ពង្រីក​ការត្រួតពិនិត្យ​អ្នកដំណើរ​មក​ពី​ជប៉ុន​និង​សិង្ហ​បុរី​។​វិធី​​ពិនិត្យ​រក​វីរុស ត្រូវ​អនុវត្ត​ដូចគ្នា​នឹង​អ្នក​មក​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន​ដែរ​»​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ បាន​បញ្ជា​អោយ​ហាមឃាត់​មិនអោយ​អ្នកដំណើរ​និង​សមាជិក​នាវា​ទេសចរណ៍​MS Westerdam​ចូល​ក្នុង​ប្រទេស​ថៃ​​ឡើយ បន្ទាប់​ពី​ម៉ាឡេស៊ី​អះអាងថា​បាន​រកឃើញ​កូរ៉ូណា​វីរុស​នៅក្នុង​ខ្លួន​អ្នកដំណើ​រជនជាតិ​អាម៉េរិក​វ័យ​៨៣​ឆ្នាំ​ម្នាក់ក្រោយពីចេញពី​កម្ពុជា​ទោះ​ជា​មន្ត្រី​សុខា​​ភិបាល​កម្ពុជា​មាន​អះអាងថា អ្នកដំណើរ​ចេញពី​នាវា​នេះ​ត្រូវ​បាន​ពិនិត្យ​សុខភាព​និងមិន​បាន​រកឃើញ​វីរុស​ទេ​។

លោក​រដ្ឋមន្ត្រី អានុ​ធីន ឆាន​វី​រ៉ា​គូ​ន បញ្ជា​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​កុំ​ដឹក​នរណា​ដែល​បាន​ជិះ​នាវា​MS Westerdam​សំរាប់​រយៈពេល​១៤​ថ្ងៃ​ទៅមុខ​

​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ សិង្ហ​បុរី​មាន​អ្នក​ជម្ងឺ COVID-19 ចំនួន​៧៧​ករណី បន្ទាប់ពី​មនុស្ស​២​នាក់​ទៀត​ត្រូវបាន​រកឃើញ​មាន​វីរុស តែ​ទោះជា​យ៉ាងណា​អ្នក​ជម្ងឺ​COVID-19​សរុប​២៤​នាក់​ត្រូវបាន​ព្យាបាល​ជា​និង​ចេញពី​មន្ទីរពេទ្យ​។​

​អ្នក​ឆ្លង​ករណី​ទី​៧៧ ជា​បុរស​សិង្ហ​បុរី​ដែល​មិន​បាន​ទៅ​ចិន​ទេ​កាលពី​ពេល​ថ្មីៗ តែ​មាន​ការទាក់ទង​ជាមួយ​អ្នក​ជម្ងឺ​ករណី​ទី​៥០ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន DBS​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល​សិង្ហ​បុរី​បានចេញ​សេចក្តីណែនាំ​មួយ​ដោយ​តំរូវអោយ​ប្រជាជន​សិង្ហ​បុរី ឬ​អ្នក​កាន់​កាត​ការងារ​រយៈពេល​វែង​នៅ​សិង​បុរី ណា​​ដែល​បាន​ទៅ​ចិន​កាលពី​ពេល​ថ្មីៗ ត្រូវ​នៅ​តែ​ក្នុងផ្ទះ​របស់​ខ្លួនគ្រ​ប់​ពេល​រយៈពេល​១៤​ថ្ងៃ​៕​ប្រែ​សម្រួល​៖​វាសនា​