ថៃ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ជាង​១០​នាក់​ ចំពោះ​ការ​បំផ្ទុះ​គ្រាប់​នៅ​ក្រុង​បាងកក​

226
ចែករម្លែក

​កងកម្លាំង​សន្តិសុខ​ថៃ កំពុង​តាម​ប្រមាញ់​ជនសង្ស័យ​ជា​ង​ដប់​នាក់ ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​តូចៗ​ជាច្រើន​នៅក្នុង​ក្រុង​បាងកក​កាលពី​សប្តាហ៍​​មុន នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​ថៃ ​លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​សីហា​។​

​គ្រាប់បែក​ចំនួន​៦ ​បាន​ផ្ទុះ​នៅក្នុង​រដ្ឋធានី​ថៃ​កាលពី​ថ្ងៃ​សុក្រ ចំ​ពេល​ទីក្រុង​នេះ​ទទួល​រៀបចំ​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ដៃគូ​មក​ពី​អាម៉េរិក ចិន និង​មហា​អំ​​ណា​ច​ពិភពលោក​ផ្សេង​ទៀត​។​

​អាជ្ញាធរ​ឥឡូវ និយាយ​ថា ​គ្រាប់បែក​ភ្លើង​ចំនួន​៦​គ្រាប់​ទៀត​បាន​ផ្ទុះ​នៅ​កណ្តាល​ក្រុង​បាងកក រួមមាន​២​គ្រាប់​បាន​បង្ក​ជា​អគ្គិភ័យ​នៅ​ផ្សារ​ទំនើប​មួយ​នៅ​កណ្តាល​សង្កាត់​លក់​​ដូរ​ពេញ​និយមនៃ​ទីក្រុង​។​

​កាលពី​ថ្ងៃ​សៅរ៍ គ្រាប់បែក​បី​ក៏​បាន​ផ្ទុះ​នៅ​ម៉ាស៊ីន​ATM ចំនួន​៣​នៅ​ខេត្ត​ភាគខាងត្បូង​ប៉ា​តា​នី តែ​មិន​បង្ក​របួសស្នាម​អ្វី​ទេ​ និង​ក៏​មិនទាន់​មាន​ជន​ឬ​ក្រុម​ណា​អះអាង​ទទួល​​ខុស​ត្រូវ​នៅឡើយ​ដែរ​។​

​លោក​ប្រា​យុទ្ធ​បាន​និយាយថា​ «​មាន​ជន​ជាប់​ពាក់ព័ន្ធ​ជាង​១០​នាក់​ដែល​ត្រូវ​ចាប់ខ្លួន ចោទប្រកាន់​និង​ស៊ើបអង្កេត​សម្រាប់​មូលហេតុ​នៃ​ការវាយប្រហារ​នេះ​។​ពេលនេះ យើង​មិន​​អាច​និយាយថា​នរណា​នៅ​ពីក្រោយ​ការវាយប្រហារ តែ​ពួកគេ​ជា​មនុស្ស​គ្មាន​បេះដូង​និង​មានបំណង​បង្កចលាចល​សម្រាប់​ប្រទេស​ចំ​ពេល​អ្វីៗ​ដំណើរ​នៅក្រោម​រដ្ឋាភិបាល​ប្រជា​ធិប​​តេ​យ្យ​មួយ​»​។​

​កាលពី​ថ្ងៃ​សុក្រ មនុស្ស​២​នាក់​ត្រូវបាន​ចាប់ខ្លួន ចំពោះ​ការ​បង្កៃ​គ្រាប់បែក ដែល​អាជ្ញាធរ​មុន​នោះ​បាន​និយាយថា ​វា​ជា​គ្រាប់បែក​ក្លែងក្លាយ នៅមុខ​ស្នាក់ការ​ប៉ូលិស​ក្នុង​ក្រុង​​បាងកក​។​ជនសង្ស័យ​ទាំង​ពីរ មកពី​ខេត្ត​ណារ៉ាត​ធី​វ៉ាតភាគ​ខាងត្បូង​ដែល​បាន​និង​កំពុង​ជួប​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាលកណ្តាល​នៅ​ក្រុង​បាងកក​៕​ដោយ​៖​វាសនា​/Ha

នាយករដ្ឋមន្ត្រី​ថៃ​អះអាងថា ជន​វាយប្រហារ​ដោយ​គ្រាប់បែក​កាលពី​សប្តាហ៍​មុន​នៅ​បាងកក មានបំណង​បង្កចលាចល

#