ថៃ ស្រី​នាង ដែលបង្ហោះ​វីដេអូ​ស៊ិច​ស៊ី​លើស​ដើម​ត្រូវ​ឃាត់ខ្លួន​

2138
ចែករម្លែក
ថៃ ស្រី​នាង ដែលបង្ហោះ​វីដេអូ​ស៊ិច​ស៊ី​លើស​ដើម​ត្រូវ​ឃាត់ខ្លួន​

ដោយៈ មុនី​រ័ត្ន​-​កា​ម៉ាច​/ភ្នំពេញៈ​ស្ត្រី​រកស៊ី​ម្នាក់​ដែល​តែង​ផ្សាយ​ឡាយ​( Live) លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​( Facebook) ដែល​បញ្ចេញ​អស់​កេរខ្មាស ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មកវិញ ក្រោយ​ពេលដែល​ទើប​ធ្វើ​កិច្ចសន្យា​ហើយ បែរជា​ល្មើ​សនឹង​កិច្ចសន្យា និង​បន្ត​ប្រព្រឹត្ត​អំពើ​ឥត​អៀនខ្មាស​នោះ​ម្តងទៀត​។


​ស្ត្រី​អាយុ​៣៩​ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ត្រូវគេ​ស្គាល់​ថា​ជា​ស្ត្រីលក់ ផលិតផល​អន​ឡាញ​របស់ខ្លួន​តាម​បណ្តាញ​សង្គម​ដោយបាន​បញ្ចេញ​សាច់ និង​កន្លែង​កេរខ្មាស​មួយចំនួន ដែល​អំពើ​ទាំងនោះ បាន​រង​ការរិះគន់​យ៉ាង​ក្រៃលែង​។ ស្ត្រី​រកស៊ី​ម្នាក់​នោះ មាន​ទីលំនៅ​ក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​


​ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ត្រូវបាន​សមត្ថកិច្ច បាន​កោះហៅ​សាកសួរ​និង​ក្រោយមក​បានធ្វើ​កិច្ចសន្យា និង​ថែមទាំង​បញ្ជាក់​ក្នុង​វីដេអូ​សារភាព​អំពី​ការថត​ឡាយលក់​ផលិត​តាម​ហ្វេ​ស​ប៊ុកបង្ហាញ​កេរខ្មាស​ផងដែរ​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា សមត្ថកិច្ច​ពិតជា​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ពិតប្រាកដ​មែន ​ទាក់ទង​ការបង្ហាញ​កេរ្តិ៍ខ្មាស​ដោយ​មិន​រាងចាល​។ លោកស្នងការ​បានបញ្ជាក់​ថា ការឃាត់ខ្លួន​នេះ គឺ​តាម​បញ្ជា​របស់លោក​កែវ ធា ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង​


​ចំណែក​អធិការនគរបាល​ខណ្ឌ​ទួលគោក លោក សុខ ហេង បាន​ប្រាប់​រស្មី​កម្ពុជា​ថា លើក​នេះ​ប្រហែលជា​ចាត់ការ​តាមច្បាប់​ហើយ​។ ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ស្នាក់នៅ សង្កាត់​បឹងកក់​ទី​១ ដែល​តែងតែ​ផុស​រូបភាព និង​វីដេអូ​ឃ្លីបលក់​សម្លៀកបំពាក់​សិច​ស៊ី​ជ្រុល​ហួសហេតុ​នោះ​ធ្វើ ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេចក្ដីថ្លៃថ្នូង​​ទំនៀមទម្លាប់​ប្រពៃណី និង​កិត្តិយស​ស្ត្រី​ខ្មែរ ត្រូវបាន​នាំខ្លួន​មកកាន់ អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ម្តង​រួចហើយ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ និង​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​បន្ទាប់ពី​នាង​បាន​សំពះសុំទោស​ជា​សាធារណៈ​នូវ​រាល់​កំហុសឆ្គង​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ផ្សព្វផ្សាយ (Live) ចាប់ពីពេលនេះ​ទៅ​។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​នាង​បង្ហោះ​រូបភាព​សិច​ស៊ី​ហួសហេតុ​ដដែល​នេះ​មកជា​លើក​ទី​ពីរ​។

សមត្ថកិច្ច​ខណ្ឌទួលគោក បាន​នាំខ្លួន​នាង ថៃ ស្រី​នាង មក​សួរនាំ​រឿង​ចេតនា​ឌឺដង​ដាក់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​បញ្ឈប់ ការ​ឡាយ​ស្ទើរ​ចេញ​កេរ។​

សូមជម្រាបថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី​ពិនិត្យមើល និង​ចាត់វិធានការ​រល់​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយចំនួន ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែលមាន​តាម​វេ​ប​សាយ​មួយចំនួន ព្រោះនេះ​ពិតជា​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិ​ត្ត​យស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ឲ្យ​ធ្វើ​បែប​នោះឡើយ​។


​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បាន​ព្រមាន​ចាត់វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ​មួយចំនួន ដែល​មានការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ជ្រុលនិយម ហើយ​ធ្វើការ​ផ្សព្វផ្សាយ​(Live)​លក់​ផលិតផល​របស់ខ្លួន​លើ​បណ្តាញ​សង្គម​ផ្សេងៗ ដែល​នេះ​ក៏​ជាការ​ប៉ះពាល់​ដល់​តម្លៃ សីលធម៌ និង​កិត្តិយស​ស្ត្រី​ខ្មែរ​យើង​ផងដែរ​៕សរន/Ha

ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង​