ថោក​ហួស​ថ្លែង​! ស្ត្រី​ម្នាក់​ចោទ​ប្តី​ថា​លួច​ក្រលៀន​របស់​នាង​ដើម្បី​កាត់កង​ថ្លៃ​បណ្ណាការ​

223

​ប្តី និង​បងថ្លៃ​ប្រុស​របស់​ស្ត្រី​ជនជាតិ​ឥណ្ឌា ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​នាង​ប្តឹង​ប៉ូលិស​ថា​ពួកគេ​បានរួម​គំនិត​គ្នា​លួច​វះ​យក​ក្រលៀន​​របស់​នាង​ដើម្បី​កាត់កង​ថ្លៃ​បណ្ណាការ​ដែល​ជំពាក់ នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ប្តី​របស់​ស្ត្រី​ដែល​រស់នៅក្នុង​រដ្ឋ​បេន​ហ្គា​ល​ខាងលិច (West Bengal) ប្រទេស​ឥណ្ឌា ខាងលើនេះ​បានរៀបចំ​ការវះកាត់​ពោះវៀន​ដុះ​ខ្នែង នៅពេល​នាង​ចុកពោះ​ខ្លាំង​កាលពី ២ ឆ្នាំមុន​។​

​នៅ​ចុងឆ្នាំ​២០១៧ ការពិនិត្យ​សុខភាព​២​លើក​ដាច់ដោយឡែក​ពីគ្នា​បាន​បង្ហាញថា នាង រីតា សា​កា (Rita Sarkar) អាយុ ២៨ ឆ្នាំ​ដែល​បាន​រង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាច្រើន​ឆ្នាំ​ដោយសារ​រឿង​ថ្លៃ​បណ្ណាការ បាន​បាត់​ក្រលៀន​ម្ខាង​គួរឱ្យភ្ញាក់ផ្អើល​។ ​នាង​បាន​ចោទប្រកាន់ថា ប្តី​របស់​នាង​តែងតែ​ទាមទារ​ថ្លៃ​បណ្ណាការ​ពី​នាង​។

​សូមបញ្ជាក់ថា តាម​ប្រពៃណី​បុរាណ​របស់​ឥណ្ឌា គ្រួសារ​ខាង​កូនក្រមុំ​ត្រូវ​ជូន​ថ្លៃ​បណ្ណាការ​ទៅ​គ្រួសារ​ខាង​កូនកំលោះ​សម្រាប់​អាពាហ៍ពិពាហ៍​។ ទោះជា​យ៉ាងណា ប្រពៃណី​នេះ​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេស​ឥណ្ឌា តាំងពី​ឆ្នាំ​១៩៦១ មកម្ល៉េះ ប៉ុន្តែ​នៅតែមាន​អ្នក​បំពាន​៕ ដោយ​៖ ខុម​/sn