ថោង ឈឺ​ន ប្រធាន​សន្តិសុខ​ស្រុក​កោះជ័យ តំបន់​២៤ ភូមិភាគ​បូព៌ា​

(​ដកស្រង់​ចេញពី​ឯកសារ​ចម្លើយសារភាព​លេខ D000៥៥)

765
ចែករម្លែក

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត
​ខ្ញុំ​ឈ្មោះ ថោង ឈឺ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​កន្លែង​កំណើត​នៅ​ភូមិ​ស្នាយ​ព្រឹម ឃុំ​ពញា​លៀង ស្រុក​ត្របែក (​បច្ចុប្បន្ន​ស្រុក​ព្រះស្ដេច​) ខេត្តព្រៃវែង​។ ខ្ញុំ​មាន​តួនាទី​ជា​ប្រធាន​សន្តិសុខ​ស្រុក​កោះជ័យ​តំបន់​២៤​។ ខ្ញុំ​ធ្លាប់បាន​បួស​ជា​ព្រះសង្ឃ​អស់​រយៈពេល​៣​ព្រះវស្សា នៅ​វត្ត​ទួល​ស្ដើង ស្ថិតនៅ​ក្នុងភូមិ​ស្នាយ​ព្រឹម​។ ក្រោយមក​ខ្ញុំ​ក៏បាន​លាចាក​សិក្ខាបទ​វិញ​ដើម្បី​មកជួយ​ធ្វើស្រែ​ឪពុកម្ដាយ​។​

កងទ័ព​ខ្មែរក្រហម​ដែល​បាន​ផ្តាច់ខ្លួន​ពី​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ទៅ​ចុះចូល​ជាមួយ​កងទ័ព​វៀតណាម​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​វៀតណាម ក្នុង​ឆ្នាំ​១៩៧៨​។​
(​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​)

​នៅក្នុង​ឆ្នាំ​១៩៤៩ រហូតដល់​ឆ្នាំ​១៩៥២ ខ្ញុំ​បាន​ចូលរួម​តស៊ូ​ចលនា​ជាមួយ​ខ្មែរឥស្សរៈ ដើម្បី​វាយ​បារាំង​។ ក្រោយមក ខ្ញុំ​បាន​ឈប់​ចូលរួម​ជាមួយ​ខ្មែរឥស្សរៈ និង​បាន​វិលត្រឡប់​មកជួយ​ធ្វើស្រែ​ប្រពន្ធ​វិញ​។ នៅក្នុង​ឆ្នាំ​១៩៥៦ ឈ្មោះ សំ ភួង (​មេឃុំ​ពញា​លៀង​) បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ធ្វើជា​គិញ​ឲ្យ​គាត់ ដោយ​ធ្វើការ​តាមដាន​ក្រុម​ខ្មែរឥស្សរៈ​ចាស់ៗ​។ ក្នុងនោះ​ខ្ញុំ​ត្រូវ​ទទួល​ភារកិច្ច​តាមដាន​ក្រុម​ឥស្សរៈ ហើយ​ប្រសិនបើ​មានការ​បះបោរ​របស់​ក្រុម ឬ​ក្រុម​នេះ​មាន​សកម្មភាព​ប្រឆាំង​ជាមួយ​រាជការ ត្រូវ​រាយការណ៍​ទៅ​ឈ្មោះ ភួង ឲ្យ​បានដឹង​។ ខ្ញុំ​បាន​យល់ព្រម​តាម​សំណើ​របស់ ភួង ព្រោះ​ប្រសិនបើ​ខ្ញុំ​មិន​យល់ព្រម​តាម​សំណើ​របស់គាត់​ទេ គាត់​នឹង​រាយការណ៍​ប្រាប់​រាជការ​ឲ្យ​ចាប់​ខ្ញុំ​ដាក់គុក​មិន​ខាន​។ នៅក្នុង​ឆ្នាំ​១៩៦៧ ឈ្មោះ ទក ស៊ន​(​កសិករ​ភូមិ​ព្រីង​) ដែលជា​អ្នកជិតខាង​ខ្ញុំ​បាន​នាំ​ឈ្មោះ ឈូក (​ក្ដាប់​មិនបាន​) មក​ផ្ទះ​ខ្ញុំ​។ ឈូក ក៏បាន​ធ្វើការ​អប់រំ​ខ្ញុំ​ឲ្យ​ស្រឡាញ់​បដិវត្តន៍ និង​ធ្វើ​បដិវត្តន៍​នៅក្នុង​ភូមិ​ស្នាយ​ព្រឹម​។​

​នៅក្នុង​ឆ្នាំ​១៩៦៨ ឈូក បាន​នាំ​ឈ្មោះ ទិ​ត ដោត (​លេខា​ឃុំ​ពញា​លៀង​ថ្មី ក្រោយមក​ស្លាប់​ដោយសារ​ជំងឺ​នៅក្នុង​ឆ្នាំ​១៩៦៨) និង​ឈ្មោះ ទិ​ត ឈុំ (​កូន ទិ​ត ដោត​) មក​ផ្ទះ​ខ្ញុំ​ទៀត​។ ឈូក បានធ្វើ​ការអប់រំ​ខ្ញុំ​, ទិ​ត ដោត និង ទិ​ត ឈុំ​។ នៅក្នុង​ខ្លឹមសារ​នោះ​រៀបរាប់​ពី​ការធ្វើ​បដិវត្តន៍​មិនមាន​ប្រាក់ខែ​, លំបាក គ្មាន​បាន​ផលប្រយោជន៍​អ្វី​សម្រាប់​ខ្លួនឯង​។ ចំណែក​ការធ្វើជា​ខ្មែរ​សេរី​មាន​ប្រាក់ខែ​, មានបុណ្យ​ស័ក្តិ​, មិន​លំបាក និង​បាន​ផលប្រយោជន៍​ច្រើន​ដល់​ខ្លួន​។ យើង​ទាំង​៣​នាក់​បាន​យល់​ស្របតាម ឈូក ព្រោះ​បាន​ប្រាក់ខែ​ផង​។ ឈូក ក៏បាន​ណែនាំ​ឲ្យ​អនុវត្ត​ភារកិច្ច​ធ្វើយ៉ាងណា​មិន​ឲ្យ​យុវជន​ធ្វើ​បដិវត្តន៍ និង​ឃោសនា​ប្រជាជន​មិន​ឲ្យ​ជឿ​លើ​បដិវត្តន៍​។

​ក្រោយពី​ចប់​ប្រជុំ ឈូក បាន​ខ្ញុំ​និង​អ្នក​ដែល​បាន​ចូលរួម​ប្រជុំ​ទៅទាក់ទង​ឈ្មោះ ឈឹម (​នៅក្នុង​ឆ្នាំ​១៩៧០ ធ្វើការ​នៅ​សេដ្ឋកិច្ច​តំបន់​២៤)​។ ក្រោយមក ឈឹម បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​នៅផ្ទះ​របស់​ឈ្មោះ ទេព អ៊ុច (​អតីត​ឥស្សរៈ នៅក្នុង​ភូមិ​ធ្នង់ ឃុំ​ពញា​លៀង បច្ចុប្បន្ន​ស្ថិតនៅ ក្នុង​ឃុំ​ស្តៅ​កោង​)​។ អ្នក​ដែល​ចូលរួម​ប្រជុំ​មាន ៖ ឈ្មោះ ឈឹម​, ទេព អ៊ុច​, សុខ ប៉ូ (​អតីត​ឥស្សរៈ​),​ហោ ប៉ុន (​អតីត​មេភូមិ​ធ្នង់​), ស៊ា​ប (​សមាជិក​ឃុំ ពញា​លៀង​) និង​ខ្ញុំ​។​

​នៅក្នុង​ឆ្នាំ​១៩៦៩ ខ្ញុំ​បាន​ចាត់តាំង​កម្លាំង​បាន​២​នាក់​ឲ្យ​ជួយ​ធ្វើការ​ឃោសនាអប់រំ​ប្រជាជន យុវជន​មិន​ឲ្យ​ជឿ​លើ​ការឃោសនា​ពី​បដិវត្តន៍​។ ក្នុងនោះ​មានឈ្មោះ ថោង ឆន (​ជា​ប្អូនប្រុស​របស់ខ្ញុំ​) និង​ឈ្មោះ អ៊ួ​ង យឺន (​ជា​ក្មួយជីទួតមួយ​របស់ខ្ញុំ​)​។ នៅ​ឆ្នាំ​១៩៧០​ខ្ញុំ​បាន​អប់រំ បាន​ឈ្មោះ ហោ ទ្រី (​នៅ​ឆ្នាំ​១៩៧៣ ហោ ទ្រី បាន​ក្លាយជា​គណៈកម្មាធិកា​រ​ភូមិ​ស្នាយ​ព្រឹម​។ ហោ ទ្រី ជា​មនុស្ស​ខិល​ណាស់​ខាង​លួច​ស៊ីផឹក និង​លេងល្បែង​)​។ ខ្ញុំ​, ថោង ឆន និង អ៊ួ​ង យឺន បាន​បំផុសប្រជាជន​មិន​ឲ្យ​ចូលធ្វើ​បដិវត្តន៍​។ នៅក្នុង​ខែមីនា និង មេសា ឆ្នាំ​១៩៧១ ខ្ញុំ​ចាំ​មិន​ច្បាស់ ឈូក បាន​ហៅ​ខ្ញុំ​ទៅ​ជួប​នៅ​ភូមិ​ក្រសាំង​ទង ឃុំ​ពញា​លៀង (​ខ​) ដោយ ឈូក បាន​ឲ្យ​ខ្ញុំ​រាយការណ៍​ពី​កម្លាំង​ដែល​កសាងបាន​។

​នៅ​ឆ្នាំ​១៩៧១ ដដែល ឈឹម បាន​ចុះ​មកជួប​ខ្ញុំ​នៅ​ភូមិ​ធ្នង់ ឃុំ​ពញា​លៀង (​ក​) ដែល​ក្នុង​ដែល​ក្នុងពេល​ជួប​នោះបាន​ឧទ្ទេសនាម​មនុស្ស​៨​នាក់​ទៀត​មាន​៖ ឈ្មោះ​សឹង គង់ (​អតីត​មេភូមិ​ស្ពាន​ជ័យ ឃុំ​ពញា​លៀង​), ញ៉ឹក មឿ​ន (​កសិករ​ភូមិ​ស្ពាន​ជ័យ​), យង់ ផ្លុ​ង (​កសិករ​ភូមិ​ព្រីង ឃុំ​ពញា​លៀង​), ទុំ វេន (​កសិករ​ភូមិ​ស្ពាន​ជ័យ ឃុំ​ពញា​លៀង​), ទុំ វ៉ន (​កសិករ​ភូមិ​ស្ពាន​ជ័យ​), ព្រាប គុន (​កសិករ​ភូមិ​ស្ដា​ជ័យ​), ហោ ច​ន (​កសិករ​ភូមិ​ព្រីង​) និង ទក ស៊ន (​កសិករ​ភូមិ​ព្រីង​)​។

​នៅ​ខែមករា ឆ្នាំ​១៩៧៣ ឈ្មោះ មិ (​អនុ​លេខា​ស្រុក​កោះជ័យ​ក្រោយមក​ត្រូវ​អង្គការ​ចាប់ខ្លួន​) បាន​ចាត់តាំង​ខ្ញុំ​ធ្វើជា​ប្រធាន​សន្តិសុខ​ស្រុក​កោះជ័យ​។ ឈ្មោះ មិ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្បត់​អង្គការ​ជាមួយ​ខ្ញុំ​ទេ​។ ខ្ញុំ​រស់នៅក្នុង​មន្ទីរ​សន្តិសុខ​នេះ​អស់​រយៈ​ប្រហែលជា​បួន​ទៅ​ប្រាំ​ខែ​។ ក្រោយមក​ខ្ញុំ​និង​ឈ្មោះ ហង់ សុ​ភី ធ្វើការ​នៅ​មន្ទីរ​សន្តិសុខ​ស្រុក​កោះជ័យ​តំបន់​២៤​ដែរ រស់នៅ​ចុះសម្រុង​គ្នា​ល្អ​ខ្លាំងណាស់​។ ខ្ញុំ​បានធ្វើ​ការអប់រំ​ឈ្មោះ ហង់ សុ​ភី ជា​បន្តបន្ទាប់​ឲ្យ​ឃើញ​ពី​បដិវត្តន៍​មានការ​លំបាក​។ ឃើញ​របប​សេរី​រស់នៅ​ស្រួល ហើយ​ប្រជាជន​ចូលចិត្ត​រស់នៅ​ជាង​កុម្មុយនីស្ត​។ ហង់ សុ​ភី ក៏បាន​ឯកភាព​ជាមួយ​ខ្ញុំ​ដែរ​។ ក្រោយមក​ខ្ញុំ​បាន​ណែនាំ ហង់ សុ​ភី ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់​ដោយ​ធ្វើការ​សួរចម្លើយ​អ្នកទោស ដេញដោល​រក​ខ្សែ​ឲ្យ​អស់ និង បំផុស​អ្នកទោស​ឲ្យ​លួច​រត់​ចេញពី​មន្ទីរ​។ ហង់ សុ​ភី បាន​ធ្វើតាម​ការណែនាំរ​បស់​ខ្ញុំ​ហើយ​មាន​អ្នកទោស​លួច​រត់​ជា​ហូរហែ​។

​នៅក្នុង​ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​អប់រំ និង​ទាក់ទង​បាន​កម្លាំង​ម្នាក់​ឈ្មោះ សុខ ឈឺ (​ប្រធាន​សហករណ៍​ភូមិ​ក្លែង​គង់ នៅក្នុង​ឆ្នាំ​១៩៧៥ អង្គការ​ចាប់ខ្លួន​) ដែល​ធ្លាប់​មក​ទាក់ទង​ខ្ញុំ​នៅ​មន្ទីរ​សន្តិសុខ​ស្រុក​កោះជ័យ ស្ថិតនៅ​ពោធិ៍​បូរី ឃុំ​បឹង​ដោល ធ្វើការ​បំផុសប្រជាជន​នៅតាម​ព្រំដែន ដូចជា ប្រជាជន​នៅក្នុង​ឃុំ​ក្រាំង​តា​យ៉ង​, បឹង​ដោល​, ព្រះស្ដេច និង​ឃុំ​បន្ទាយ​ចក្រី ឲ្យ​រត់​ទៅ​ស្រុក​យួន​ជា​បន្តបន្ទាប់ អស់​ប្រហែលជា​៣០​ទៅ​៤០​នាក់​។ ក្រោយមកទៀត​ខ្ញុំ​បាន​ចាត់តាំង​ឈ្មោះ សុខ ឈឺ ឲ្យ​ដើរ​ចាត់តាំង​កម្លាំង​ខ្មែរ​សេរី ដែល​ហៅថា​ចលនា​ក្បាល​ស​ឲ្យ​បន្តសកម្មភាព​តទៅទៀត​សម្រាប់​ជួយ​ឃោសនា​ប្រឆាំងនឹង​បដិវត្តន៍​។​

​ក្រោយមក​ឈ្មោះ សុខ ឈឺ បាន​រាយការណ៍​ប្រាប់​ខ្ញុំ​ថា គាត់​បាន​អប់រំ និង​ចាត់តាំង​កម្លាំង​ក្បាល​សបាន​៤​នាក់​ឲ្យ​ជួយ​ធ្វើ​សកម្មភាព​ជាមួយ​គាត់ រួមមាន ៖ តុ​ប (​អតីត​ជាម​នុស្ស​ខិលខូច​ខាង​លួច​), ប៉ុន (​កសិករ​ភូមិ​បែកឆ្នាំង ឃុំ​ឫស្សីស្រុក​), វៃ (​កសិករ​ភូមិ​អិត ឃុំ​ឫស្សីស្រុក​) និង ចាន់ (​កសិករ​ភូមិ​អិត​, ឃុំ​ឫស្សីស្រុក​)​។​

​នៅក្នុង​ឆ្នាំ​១៩៧៥ ក្រោយ​រំដោះ ឈូក បាន​ចុះ​មកជួប​ខ្ញុំ និង សុខ សែម (​អនុប្រធាន​សន្តិសុខ​កោះជ័យ​)​។ ឈូក បាន​ឲ្យ​ខ្ញុំ​ចាត់តាំង​កម្លាំង​នៅក្នុង​មន្ទីរ​សន្តិសុខ ដោយ​ធ្វើការ​បំផុស​ឈ្លើយសឹក​ឲ្យ​រត់​ទៅផ្ទះ​។ បន្ទាប់មក​ខ្ញុំ និង សុខ សែម បាន​ចាត់តាំង​កម្លាំង​៤​នាក់ ដែលជា​បុគ្គលិក​នៅក្នុង​មន្ទីរ​សន្តិសុខ​ហើយ​ធ្លាប់មាន​ការទុកចិត្ត​គ្នា​តាំងពីរ​ដើម​មក ដើម្បី​បំផុស​ឲ្យ​ឈ្លើយសឹក​រត់​ទៅផ្ទះ​ជា​បន្តបន្ទាប់ មានឈ្មោះ មឿង សារ៉ន​, ឈឹម ធិ​, យឹ​ន ថា និង គឹម ម៉ែន​។​

​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​១៩៧៧ ដោយ​ទទួល​ផែនការ​ក្បត់​ពី​ខ្ញុំ​, សុខ សែម និង បក្ខពួក​បួន​នាក់​ទៀត​បាន​បំផុស​ឈ្លើយសឹក នៅ​មន្ទីរ​សន្តិសុខ​ស្រុក​កោះជ័យ តំបន់​២៤ ស្ថិតនៅក្នុង​ពោធិ៍​បូរី ឃុំ​បឹង​ដោល ឲ្យ​បះបោរ​។ ឈ្លើយសឹក​បាន​វាយ​ដណ្ដើម​អាវុធ​ពី​កងសន្តិសុខ​បាន​៥​ដើម ហើយ​ថែមទាំង​វាយ​សម្លាប់​យុវជន​ដាំបាយ​ម្នាក់ទៀត​។ ឈ្លើយសឹក​ទាំងនោះ​បាននាំគ្នា​រត់​ចូល​ព្រៃ​។ ប៉ុន្តែ​អង្គការ​ទទួលបាន​ឲ្យ​ព័ត៌មាន​ពី​តំបន់ និង​ស្រុក​ទាន់ពេលវេលា​ក៏បាន​យក​ទ័ព​ទៅ​ឡោមព័ទ្ធ​បាញ់ និង​ចាប់យក​មកវិញ​ទាំងអស់​។ នៅ​ខែកក្កដា ឆ្នាំ​១៩៧៧ អង្គការ​បាន​ចាប់ មឿង សារ៉ន​, ឈឹម ធិ​, យិន ថា​, គឹម ម៉ែន និង សុខ សែម យកទៅ​បាត់​។ ក្រោយមក​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៧ អង្គការ​ក៏បាន​ចាប់ខ្លួន​ខ្ញុំ​ទៀត​។

​កំណត់ចំណាំ​៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម​។ ដូច្នេះ​យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយសារភាព​របស់ ថោង ឈឺ​ន ពិតប្រាកដ​ឬ យ៉ាងណា​នោះទេ​៕ ល​