ថោ​កែ​ស្រី​ម្ចាស់​ក្រុមហ៊ុន​ល្បែង Bet365 របស់​អង់គ្លេស​បើកប្រាក់​ឈ្នួល​ឱ្យ​ខ្លួនឯង ៣៤០ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​

1234
ចែករម្លែក

​លោកស្រី ដេ​នី​សេ ខូ​ត​ថេ​ស (Denise Coates) គឺមាន​ជាង​នាយករដ្ឋមន្ត្រី​អង់គ្លេស​និង​សូម្បី​មហាសេដ្ឋី រី​ឆាត ប្រ៊ែ​ន​សុន ទៅទៀត​។​

​ហើយ​កាលពី​ឆ្នាំមុន លោកស្រី​បាន​បើកប្រាក់​ឈ្នួល​ឱ្យ​ខ្លួនឯង​ចំនួន ៣៤០ លាន​ដុល្លារ​អាមេរិក​ចេញពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ជាង ៦៧៥ លាន​ដុល្លារ​។​

​យោងតាម​សារព័ត៌មាន Metro បានឱ្យដឹងថា មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​ល្បែង Bet365 បាន​រកប្រាក់​ចំណូល​បាន​ជាង ៩៣ ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ​កាលពី​ឆ្នាំ ២០១៧​។​

​លោកស្រី​បាន​បំបែក​ឯតទគ្គ​កម្ម​ផ្ទាល់ខ្លួន​របស់គាត់​ដែល​បានធ្វើ​ឡើង​កាលពី​ឆ្នាំមុន​មួយទៀត នៅពេលដែល​លោកស្រី​បើកប្រាក់​ឈ្នួល​ឱ្យ​ខ្លួនឯង​ចំនួន ២៧៩ លាន​ដុល្លារ​។​

​ថ្មីៗ​នេះដែរ​គណនី​ដែល​បាន​កត់ត្រា​ប្រាក់ខែ​បានបង្ហាញ​នៅ​ឆ្នាំនេះ​ថា លោកស្រី​បានទទួល​ប្រាក់​ឈ្នួល ២៨៣ លាន​ដុល្លារ បូក​ជាមួយ​ប្រាក់ចំណេញ​ភាគលាភ​ចំនួន ៥៨ លាន​ដុល្លារ​ទៀត ដោយ​ធ្វើឱ្យ​លោកស្រី​ក្លាយជា​នាយក​ជនជាតិ​អង់គ្លេស​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត និង​ជានា​យក​ប្រតិបត្តិ​ដែលមាន​ប្រាក់ខែ​ខ្ពស់បំផុត​នៅលើ​ភពផែនដី​។​

​កាសែត The Guardian បាន​រាយការណ៍​ថា​ប្រាក់ខែ​របស់លោក​ស្រី​គឺ​ច្រើនជាង​នាយករដ្ឋមន្ត្រី​អង់គ្លេស ១៣០០ ដង​។​

​ប៉ុន្តែ​ទោះបីជា​មានទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​យ៉ាងនេះ​ក្តី ក៏ប៉ុន្តែ​លោកស្រី​ខូ​ត​ថេ​ស​ពុំ​សូវ​មាន​គេ​ស្គាល់​នៅក្នុង​ចក្រភព​អង់គ្លេស​និង​នៅ​ជុំវិញ​ពិភពលោក​នោះទេ​។​

​លោកស្រី ខូ​ត​ថេ​ស ជា​អតីត​អ្នក​គិតលុយ​ល្បែង​ភ្នា​ក់បាល់ ដែល​ធ្លាប់​បម្រើ​ការឱ្យ​ក្រុមហ៊ុន​ភ្នាល់​បាល់​របស់​ឪពុក​គាត់​កាលពីមុន​នោះ បាន​បើក​ក្រុមហ៊ុន Bet365 នៅ​ឆ្នាំ ២០០១ នៅក្នុង​អគារ​បណ្តោះអាសន្ន​មួយ​នៅក្នុង​ចំណតរថយន្ត បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Sheffield ជាមួយនឹង​សញ្ញាបត្រ​សេដ្ឋកិច្ច និង​បាន​ទិញ Domain វេ​ប​សាយ​ឈ្មោះ www.Bet365.com នៅលើ eBay ក្នុងតម្លៃ ២៤.៤៤៤ ដុល្លារ​។​

​តាម​ការព្យាករណ៍ លោកស្រី​ខូ​ត​ថេ​សមាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៧,៤៦ ពាន់​លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ដេ​នី​សេ ខូ​ត​ថេ​ស ម្ចាស់​ក្រុមហ៊ុន​ល្បែង Bet365