ថ្កោលទោស​អំពើហិង្សា​របស់បាតុ​ករនិង​ការវាយប្រហារ​នៅ​ស្ថានីយ​រថភ្លើង​ដែល​បណ្តាលអោយ​របួស​​៤៥​នាក់​(វីដេអូ)

619
ចែករម្លែក

​មេដឹកនាំ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​ចន្ទ​ទី​២២​កក្កដា បានធ្វើការ​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​បាតុក​ករ​ប្រឆាំង​រដ្ឋាភិបាល​ខ្លះ ចំពោះ​ការ​វាយប្រហារ​លើ​ការិយាល័យ​តំណាង​ចិន​ដីគោក​នៅក្នុង​ទីក្រុង​។​

មេដឹកនាំ​ហុងកុង ការី ឡាំ ចេញមក​ថ្កោលទោស​អំពើហិង្សា​របស់​បាតុករ​និង​ក្រុង​បងធំ ដែល​បាន​ធ្វើអោយ​ហុងកុង​ចលាចល​កាលពី​ថ្ងៃអាទិត្យ​

​កាលពី​ថ្ងៃអាទិត្យ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បំបែកពួក​សកម្មជន​នៅ​ការិយាល័យ​ទំនាក់ទំនង​របស់​ចិន ដែល​ជា​ស្ថាន​តំណាង​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​​ក្នុង​ទីក្រុង​នេះ ។​ពួក​បាតុករ​ប្រឆាំង​ច្បាប់​បត្យាប័ន​ជាច្រើន​នាក់​បាន​នាំ​ការតស៊ូ​របស់​គេ​ទៅកាន់​ការិយាល័យ​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាំងនៅ​ប៉ែក​ខាងលិច​កោះ​ហុងកុង​។​ពួកគេ​បាន​បាញ់ថ្នាំ​បង្កើតជា​អក្សរ​នៅលើ​ជញ្ជាំង ធ្វើអោយ​ប្រឡាក់​ខូច​ស្លាក​ឡូហ្គោ​របស់​ការិយាល័យ​និង​ចោល​ស៊ុត​ដាក់​អាគារ​ការិយាល័យ​តំណាង​ចិន​នេះ​។​

​នាយក​ប្រតិបត្តិ​ហុងកុង លោកស្រី ការី ឡាំ បាន​និយាយថា ការវាយប្រហារ​ការិយាល័យ​នេះ គឺ​ជា​ការប្រឆាំង​នឹង​អធិបតេយ្យភាព​ជាតិ​។​

​អ្នកនាំពាក្យ​ការិយាល័យ​នៅ​យប់​ថ្ងៃអាទិត្យ បាន​ចេញ​មក​ធ្វើការ​ថ្កោលទោស​ពួក​ប្រឆាំង​តវ៉ា​ដែល​បាន​បំផ្លាញ​អាគារ​និង​ធ្វើអោយ​ប្រឡាក់​ក្រវេមក្រវាម​ឡូហ្គោ​តំណាង​ជាតិ ដោយ​ថា​អំពើ​នេះ​ជា​ការប្រឆាំង​ដោយផ្ទាល់​នឹង​អធិបតេយ្យ​ជាតិ​។​

​ក្នុងពេល​ជាមួយគ្នា ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​រដ្ឋ​ចិន បាន​និយាយ​នៅក្នុង​បទ​អត្ថាធិប្បាយ​មួយ​នៅ​ថ្ងៃ​ចន្ទ​ថា ការវាយប្រហារ​លើ​ការិយាល័យ​ទំនាក់ទំនង​នេះ​គឺជា​«​ការប្រឆាំង​យ៉ាង​ច្បាស់ក្រឡែត​ទៅ​នឹង​រដ្ឋាភិបាលកណ្តាល​» ហើយ​នឹង​មិន​ត្រូវ​អត់ឱន​អោយ​បាន​ទេ​។​

​លោកស្រី​ឡាំ ក៏​បាន​ពណ៌នា​ការវាយប្រហារ​ដ៏​រន្ធត់​ដោយ​ក្រុមបងធំ​លើ​ពលរដ្ឋ​ធម្មតា និង​បាតុករ​នៅ​ស្ថានីយ​រថភ្លើង​នៅ​សង្កាត់​Yuen Long កាលពី​យប់​ថ្ងៃអាទិត្យ​និង​បាន​បញ្ជា​​ទៅ​ប៉ូលិស​អោយ​ស្វែងរក​ជនដៃដល់​។​

​ការប្រយុទ្ធ​គ្នា​ដ៏​សាហាវ​មួយ​បាន​ផ្ទុះឡើង​នៅ​ជាយក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២១​កក្កដា នៅ​ជិត​ព្រំដែន​ចិន ដោយ​ក្រុម​មនុស្ស​ពាក់អាវ​ស ប្រដាប់​ដោយ​ដំបង​ឈើ​និង​ឆត្រ វាយ​គ្នា​ជាមួយ​ក្រុម​មនុស្ស​ស្លៀកពាក់​ខ្មៅ​ដែល​ទំនង​ជា​ក្រុមបាតុក​ប្រឆាំង​រដ្ឋាភិបាល ។​

​ការប្រយុទ្ធ​គ្នា​នេះ​បណ្តាលអោយ​របួស​មនុស្ស​៤៥​នាក់ រួមមាន​សមាជិក​សភា​ម្នាក់ និង​អ្នកកាសែត​ខ្លះ​ផង នៅពេល​ការប៉ះទង្គិច​គ្នា​រវាង​បាតុក​ករ​ប្រឆាំង​ច្បាប់​បត្យាប័ន​និង​ប៉ូលិស​ក៏​កំពុង​ពុះកញ្ជ្រោល​ឡើង​ផងដែរ​នៅ​កណ្តាល​ក្រុង​។​

​ក្រុម​ពាក់​ស​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ស្ថានីយ​រថភ្លើង​Yuen Long Station​នៅ​ប្រមាណ​ម៉ោង​១០​កន្លះ​យប់ ដោយ​ផ្តោត​ការវាយប្រហារ​លើ​ជន​ស្លៀកពាក់​ខ្មៅ ដែល​គេ​ជឿ​ថា​ជា​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​ដែល​បាន​បំបែកហ្វូង​និង​ធ្វើ​ដំណើរ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ស្ថានីយ​Yuen Long ជាប់​ព្រំដែន​ទីក្រុង​សិន​ចិន​របស់​ចិន​ដីគោក​។​

​រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​ចេញ​សេចក្តីថ្លែងការណ៍​ទាំង​កណ្តាល​យប់​ថា «​ជន​ខ្លះ​បាន​ជួបជុំគ្នា​នៅ​ស្ថានីយ​រថភ្លើង​និង​ចូល​ក្នុង​ទូរ​រថភ្លើង​ហើយ​វាយ​អ្នកដំណើរ​ដែល​នាំ​ដល់​ការប្រឈមមុខ​និង​ការរង​របួស​។​វា​ជា​អំពើ​ដែល​មិន​អាច​ទទួលយកបាន​ចំពោះ​ហុងកុង ក្នុងនាម​ជា​សង្គម​មួយ​ដែល​គោរព​នីតិរដ្ឋ​។​រដ្ឋាភិបាល​ហុងកុង​សូម​ថ្កោលទោស​ជា​ខ្លាំង​អំពើ​ហិង្សា​ណាមួយ​ហើយ​នឹង​ចាត់​វិធានការ​អនុវត្ត​ន៍​ច្បាប់​»៕​ប្រែ​សម្រួល​៖​វាសនា​

ជាង​៤០​នាក់ ភាគច្រើន​ជា​អ្នក​ពាក់​អាច​ខ្មៅ បាន​រងរបួស ពី​ការវាយប្រហារ​ពី​ក្រុម​បុរស​ពាក់អាវ​ស ពាក់​ម៉ាស​មុខ​

ការិយាល័យ​តំណាង​របស់​ចិន​រង​ការបំផ្លាញ​កាលពី​ថ្ងៃអាទិត្យ​