ថ្ងៃទី​មួយ​នៃ​សវនាការ​ចោទប្រកាន់​ប្រឆាំងនឹង​ប្រធានាធិបតី​ត្រាំ​គឺ​ផ្តោតលើ​យុទ្ធនា​ការដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន

223
ចែករម្លែក

​អ្នកការទូត​កំពូល​អាម៉េរិក​ម្នាក់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ផ្តល់​សក្ខីកម្ម​នៅក្នុង​សវនាការ​ដំបូង​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​អំពី​ការស៊ើបអង្កេត​ការចោទប្រកាន់​ប្រឆាំងនឹង​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ (១៣ វិច្ឆិកា​) បាន​ភ្ជាប់​ប្រធានាធិបតី​ត្រាំ​ដោយផ្ទាល់​ទៅនឹង​យុទ្ធនា​ការដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​គាត់​ខាង​នយោបាយ​។​

​លោក វី​លលៀម ថា​យ​ល័​រ គឺជា​អ្នកការទូត​អាជីព​ម្នាក់​ក្នុងចំណោម​អ្នកការទូត​ពីរ​នាក់​ដែល​បានផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​អាម៉េរិក ខណៈ​ដំណាក់កាល​ថ្មី​ដ៏​សំខាន់​បានចាប់ផ្តើម​នៅក្នុង​ការស៊ើបអង្កេត​ចោទប្រកាន់ ដែល​គំរាម​ដល់​តំណែង​ប្រធានាធិបតី​របស់លោក​ត្រាំ សូម្បី​នៅពេល​គាត់​កំពុង​ស្វះ​ស្វែងរក​ការបោះឆ្នោត​អាណត្តិ​មួយទៀត​ក្នុង​ឆ្នាំ ២០២០​។​

​ទាំង​លោក​ថា​យ​ល័​រ និង លោក ច​ច កេ​ន បានផ្តល់​សក្ខីកម្ម​អំពី​ការព្រួយបារម្ភ​របស់​ពួកគេ​អំពី​សម្ពាធ​ដោយ​លោក​ត្រាំ​និង​សម្ព័ន្ធមិត្ត​ដើម្បីឱ្យ​អ៊ុយ​ក្រែ​ន​ធ្វើការ​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​បក្ស​ប្រជាធិបតេយ្យ​លោក ចូ បាយ​ដិ​ន នៅក្នុង​សវនាការ​ដ៏​គួរឱ្យកត់សម្គាល់​មួយ ដែល​បានធ្វើឱ្យ​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ទាស់ទែង​គ្នា​។​

​ខណៈ​ជួនកាល​សវនាការ​នេះ​បាន​ប្រែ​ទៅជា​មាន​ភាពចម្រូងចម្រាស ដោយ​រាប់បញ្ចូល​ទាំង​ការ​វាយ​ពាក្យសម្តី​រវាង​សមាជិកសភា​ផង​នោះ សក្ខីកម្ម​ដែល​ផ្តល់​ដោយ​សាក្សី​ទាំងពីរ​ប្រហែលជា​មិនបាន​ផ្តល់​ភស្តុតាង​គ្រប់គ្រាន់ ដែល​បក្ស​ប្រជាធិបតេយ្យ​ត្រូវការ​ដើម្បី​ជំរុញ​អំណះអំណាង​របស់​ពួកគេ​ដែលថា​លោក​ត្រាំ​បាន​ប្រព្រឹត្ត​ខុស ដែល​សម​នឹងត្រូវ​បណ្តេញ​គាត់​ចេញពី​តំណែង​។​

​ការ​លាតត្រដាង​ដ៏​សំខាន់​មួយ​គឺ​កើតចេញពី​លោក​ថា​យ​ល័​រ​ឯកអគ្គរដ្ឋទូត​ស្តីទី​ប្រចាំ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​បានចង្អុលបង្ហាញ​ថា ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​រូបនេះ​មាន​ចំណាប់អារម្មណ៍​ជាង​ក្នុង​ការឱ្យ​អ៊ុយ​ក្រែ​ន​ស៊ើបអង្កេត​លោក​បាយ​ដិ​ន អតីត​អនុ​ប្រធានាធិបតី និង​បានបញ្ជាក់​ជាថ្មី​នូវ​ជំហរ​របស់គាត់​ថា ទឹកប្រាក់​ជំនួយ​សន្តិសុខ​ចំនួន ៣៩១ លាន​ដុល្លារ​នឹងត្រូវ​ដកចេញ​ពី​រដ្ឋាភិបាល​ក្រុង​កៀវ ដរាបណា​អ៊ុយ​ក្រែ​ន​យល់ព្រម​សហការ​ស៊ើបអង្កេត​។​

​លោក​ថា​យ​ល័​របា​ន​និយាយថា សមាជិក​ម្នាក់​នៃ​បុគ្គលិក​របស់គាត់​បាន​ស្តាប់ឮ​ការសន្ទនា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី ២៦ ខែកក្កដា​រវាង​លោក​ត្រាំ​និង​លោក​ហ្គ័​រ​ដុន សុន​លែ​ន អតីត​ម្ចាស់ជំនួយ​នយោបាយ​ដែល​ត្រូវបានតែងតាំង​ជា​អ្នកការទូត​ជាន់ខ្ពស់ ដែល​ក្នុងនោះ​ប្រធានាធិបតី​ត្រាំ​បាន​សួរ​អំពី​ការស៊ើបអង្កេត​ទាំងនោះ ហើយ​លោក​សុន​លែ​ន​បាន​ប្រាប់​គាត់​វិញ​ថា អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។​

​លោក​ថា​យ​ល័​រ​និយាយថា បន្ទាប់ពី​ការ​តេ​ទូរស័ព្ទ​នោះ ដែល​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​លោក​ត្រាំ​ស្នើ​សុំឱ្យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ក្នុងអំឡុងពេល​នៃ​ការហៅ​ទូរស័ព្ទ​នោះ​ឱ្យធ្វើ​ការស៊ើបអង្កេត បុគ្គលិក​នោះបាន​សួរ​លោក​សុន​លែ​ន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​សហភាព​អឺរ៉ុប​ថា តើ​លោក​ត្រាំ​គិត​អ្វី​អំពី​អ៊ុយ​ក្រែ​ន​។​

​លោក​ថា​យ​ល័​រ​បានផ្តល់​សក្ខីកម្ម​ថា “​ឯកអគ្គរដ្ឋទូត​សុន​លែ​ន​បាន​ឆ្លើយថា លោក​ប្រធានាធិបតី​ត្រាំ​ខ្វល់ខ្វាយ​ច្រើន​អំពី​ការស៊ើបអង្កេត​លើ​លោក​បាយ​ដិ​ន ដែល​លោក​ហ្គី​វលី​យ៉ា​នី​កំពុង​ជំរុញ​ធ្វើឡើង​”​។ លោក​រូ​ឌី ហ្គី​វលី​យ៉ា​នី គឺជា​មេធាវី​ផ្ទាល់​របស់លោក​ត្រាំ​។​

​ដោយ​ត្រូវបាន​សួរ​ដោយ​លោក អា​ដាំ សី​ហ្វ ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​បក្ស​ប្រជាធិបតេយ្យ​ថា​តើ​នោះ​មានន័យថា​លោក​ត្រាំ​ខ្វល់ខ្វាយ​ចំពោះ​ការស៊ើបអង្កេត​ជាជាង​អំពី​ប្រទេស​អ៊ុយ​ក្រែ​ន​ឬ​យ៉ាងណា​នោះ លោក​ថា​យ​ល័​រ​និយាយថា “​ពិតមែន​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

លោក វី​លលៀម ថា​យ​ល័​រ ឯកអគ្គរដ្ឋទូត​ស្តីទី​ប្រចាំ​ប្រទេស​អ៊ុយ​ក្រែ​ន ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​សភា​កាលពី​ថ្ងៃ​ពុធ