ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩

436
ចែករម្លែក
  • 24
    Shares

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បញ្ហា​ការងារ​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​តែង​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច ដូចនេះ​ចូរ​ប្រយ័ត្ន​កើត ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​ប្រកប​កិច្ចការងារ​ឬ​ចុះ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ទេ​ផល​អាក្រក់​ងាយ​កើត​ជាង​សព្វមួយដង​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​កម្រៃ​គ្រាន់ចិញ្ចឹម​ក្រពះ​ទៅរួច​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​និង​ភាព​រកាំរកូស ក៏​កើតមាន​ច្រើន​ដែរ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​តោង​តែ​សម្រុក​ពេញទី​នោះ​ផល​ដែល អាក្រក់​នឹង​ប្រែ​មកជា​ល្អ​វិញ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​បើ​លោកអ្នក​រង់ចាំ​ការងារ​ឬ​រង់ចាំ​ប្រាក់កាស​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​មួយចំនួន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ទោះ​ចំណូល​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀងទាត់​នោះឡើយ​៕

ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ងាយ​ជួប​បញ្ហា​មិនល្អ​យាយី ដែល​នាំ​ពិបាក ត្រូវ​ឆ្លងកាត់​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ត្រូវគេ​បោកប្រាស់​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយកើត​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ទន្ទឹងរង់ចាំ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ទេ​គឺ​តែង​ទទួល​ការ​ខក បំណង​ច្រើនជាង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច​ក្តី​ប៉ុន្តែ យ៉ាងណា​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​ផង​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ចូល​យាយី​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេ​ម៉ា​ក្តី​មានការ​លូតលាស់​យឺត​តែ​ងាយ​ថយក្រោយ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ គ្រាន់បើ​ផង​។ ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​រកស៊ី​ដោយ​អាចមាន​ការ ចម្រើន​លូតលាស់​ដូច​ពាក្យចាស់​ថា​”​ដាក់ចុះ​រីកដុះដាល​តាម​ដៃ​”​ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ដោយ​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​សាសង​ស្នេហា​ថ្មីថ្មោង​តែង​សម​ដូច​គាប់​បំណង​ជានិច្ច​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ម្ល៉ោះហើយ​បើ​លោកអ្នក ជួប​រឿង​ជម្លោះ​ណាមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ ប្រពៃ​បំផុត​។ ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង សៅហ្មង​តែប៉ុណ្ណោះ​។ ក្នុងពេល​នេះដែរ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​អារម្មណ៍ មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។​

​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​លោកអ្នក​គប្បី​បើក​ចិត្ត​ឱ្យ​ទូលាយ​ហើយ​ធ្វើ​អ្វី​មានការ​អំណត់​តស៊ូ​នោះ​តែង​ទទួលជោគជ័យ​ដូចជា​ទី​ពេញចិត្ត​ត្រឡប់មកវិញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក អ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​ការបំពេញ​កិច្ចការងារ​អ្វី​លោកអ្នក​មិនអាច​ធ្វេសប្រហែស​បាន ឡើយ​ហើយ​ត្រូវតែ​ចេះ​ខិតខំ​បំពេញ​ទើប​ផល​ល្អៗ​ហុច​មកវិញ​គ្រាន់​ដូច​ជាទី​ពេញចិត្ត​។ ក្នុង​រង្វង់ គ្រួសារ​វិញ​ស្វាមីភរិយា​មាន​ភាព​ប្រទាំង​ប្រទើស ដូច្នេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប រក្សា​ភាព​សុខដុម​បានយូរ​អង្វែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ការប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​អាក្រក់​កើតឡើង​គប្បី​ប្រឹងប្រែង​ដោះស្រាយ បើ​មិន​ដូច្នេះ​នឹង​ជួប​ការលំបាក​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការរក​ផល​ចំណូល​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំង​រស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ឬ​សម្រេច ចិត្ត​ក្នុងការ ធ្វើ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។ ក្រៅពីនេះ​លោកអ្នក​ថែមទាំង​អាច​នៅមាន ដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​មាន​សភាព​ដូច​សព្វមួយដង ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ផងដែរ ប៉ុន្តែ​យ៉ាងណា​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ហើយ​ចង់​ទំនាក់ទំនង​នរណាម្នាក់​តែង​ជោគជ័យ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​មានជោគ​មានជ័យ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន ទៅមុខ​សន្សឹមៗ​ផងដែរ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន ភាព​សុខដុម​ល្អ​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕​

#