ថ្ងៃទី​១៨​ឧសភា​ប្រកាស​សាលក្រម​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​ដែល​រង​ការចោទប្រកាន់​ពីបទ​ចារកម្ម​

847
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​ដែល​រង​ការចោទប្រកាន់​ពីបទ​ចារកម្ម ត្រូវ​បាន​នាំខ្លួន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ដើម្បី​ធ្វើ​សេចក្ដី សម្រេច​ថា គួរ​បន្ត​ឃុំខ្លួន ឬ​ត្រូវ​ដោះលែង​អ្នក​ទាំងពីរ​។ ចៅក្រម​ស៊ើបសួរ លោក ពេជ្រ វិជ្ជា​ធម៌ នឹង​ប្រកាស​សេចក្តី​សម្រេច នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក​។​

អតីតអ្នកវិទ្យុអាស៊ីសេរី(រូបឯកសារ)

​យោងតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជនសង្ស័យ​អាច​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ត្រឹមតែ​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​លុះត្រាតែ​ចៅក្រម​រកឃើញថា​ការបន្ត​ឃុំខ្លួន​ជនសង្ស័យ​គឺមាន​ភាពចាំបាច់ សម្រាប់​ដំណើរការ​ស៊ើបអង្កេត​។
​អំឡុង​ពេល​សវនាការ​ក្នុង​ខែមីនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក​ចៅក្រម ឃឹម ប៉ុន​បាន​មាន ប្រសាសន៍​ថា​​រឿងក្ដី​នេះ​ស្ថិតក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅឡើយ​ហើយ​ការដោះលែង​អ្នក​ទាំងពីរ​អាច​នាំឱ្យមាន “​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​”​។​

​លោក យាង សុធារិន និង​លោក អ៊ួ​ន ឈិន ធ្លាប់បាន​បម្រើ​ការងារ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ត្រូវបាន​អាជ្ញាធរ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​អ្នក​ទាំងពីរ ត្រូវបាន​ចោទប្រកាន់​ដោយ​យោងតាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ការ ផ្តល់ព័ត៌មាន​ដល់​រដ្ឋ ឬ​ភ្នាក់ងារ​បរទេស ដែល​អាច “​អន្តរាយ​ដល់​ការការពារ​ជាតិ​”​។ អ្នក​ទាំងពីរ ប្រឈម​នឹង​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​ពី ៧ ឆ្នាំ ដល់​១៥ ឆ្នាំ​៕​មន​