ថ្ងៃទី​១៩ ខែកក្កដា ២០១៨

1087
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​ធ្វើ​អ្វី ក៏​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​កក់ក្តៅ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​អ្វីមួយ​ដែល​កើតឡើង​តាំងពី​យូរ​មកហើយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំ​គោង​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​ឃើញថា ចាប់ពី​ដើមខែ​កក្កដា នេះ​មក​ដំណើរ​ជីវិត​របស់លោក​អ្នក​ក៏​ទទួលរង​ផល​លំបាក​មួយចំនួន​ដែរ​ក្នុងនេះ​ដូចជា​បញ្ហា​តួនាទី ការងារ​ប្រាក់កាស​បញ្ហា​ផ្ទាល់ខ្លួន​និង​បញ្ហា​សុខភាព​ឬ​សូម្បី​សេចក្តីស្នេហា​ក្តី​។ អ្នក​កើត​ឆ្នាំ​គោ​តាម ពិត​ពុំមាន​ឥទ្ធិពល​អ្វី​នាំឱ្យ​កើត​បញ្ហា​ងាយៗ​នោះទេ ប៉ុន្តែ​ចូរ​ចងចាំ​ថា​នា​ខែ​នេះ​ការប្រមាថ​អ្វីមួយ ក៏​មិន​ត្រូវយក​ដាក់ខ្លួន​ដាច់ខាត​។​ដោយឡែក​នា​ថ្ងៃ​នេះដែរ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​បើ​ចង់​ប្រកបការងារ​តូចធំ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​
​ ​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ សម្រាប់​លោកអ្នក​កកើត​ឆ្នាំ​ខ្លា​ឃើញថា​ក្នុង​សប្តាហ៍​ទី​៣​នៃ​ខែកក្កដា​នេះ​មិន ទទួលរង​ប៉ះទង្គិច​អ្វី​ទៅលើ​ស្ត្រី​ទេ ប៉ុន្តែ​ផ្ទុយ​មកវិញ​សម្រាប់​បុរស​គប្បី​មានការ​ប្រយ័ត្នប្រយែង បន្តិច​ពីព្រោះថា​ងាយ​ជះ​ផល​មិនល្អ​ណាមួយ​មក​ក្បែរ​ខ្លួន​ណាស់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​កុំ​គប្បី​លោភលន់​ទិញ​របស់របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​។ សម្រាប់​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើទោះបីថា​មិនមាន​អ្វី​បង្ក​ការអុកឡុក​យាយី​ក្តី​តែ​ក៏មាន ភាព​សុខដុម​គ្រាន់បើ​។​

បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខយក្ស​ដាក់គ្នា​ឬ​កើតការ​គុំ​គួ​ន​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ក្រឡាប់ចាក់​បាន​ធ្លាក់​ស្រុតចុះ​មកវិញ​ហេតុនេះ លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​ទាំង​ការរស់នៅ​និង​ការងារ​។ នៅថ្ងៃនេះ​ដែរ​ចំពោះ លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​តែង​បាន​ត្រឹម មួយ​បង់កម្លាំង​ច្រើនជាង​។

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ផង​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា នៅចាំ​ហុច​ឱ្យ​គ្រាន់​កក់ក្តៅ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់​ទី កន្លែង​លក់ដូរ​ឬ​ចង់​ទិញ​កន្លែង​លក់ដូរ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥត ថយក្រោយ​ទេ ហើយ​បើ​មានការ​ពុះពារ​ធ្វើ​អ្វីមួយ​ផង​តែង​ទទួល​ផ្លែផ្កា​មកវិញ​ដូច​ជាទី​កក់ក្តៅ​។ ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទី ជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​សេះ ពិសេស​បុរស​ចូរ​ប្រយ័ត្នប្រយែង​បញ្ហា សុខភាព​បន្តិច​ពីព្រោះថា​ងាយ​ប៉ះទង្គិច​ជាង​សព្វមួយដង​។ ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​កិច្ចការងារ តូចធំ​លោកអ្នក​អាច​សម្រុក​បាន​ផងដែរ ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់ ឆ្នាំងបាយ​ដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្នជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ត្រូវ​រារាំង​ឧបសគ្គ​មូ​យ​ចំនួន ហេតុនេះ​ទោះ​ប្រកបការងារ​អ្វី​ត្រូវ​មើលមុខ​ក្រោយ​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ប្រែប្រួល​មក​មិនល្អ​ដូចនេះ​បើ​មានការ​ណាត់ជួប​នរណា​ម្នាក់​លោកអ្នក​គប្បី​ទៅឱ្យ​ទាន់ពេលវេលា​ពីព្រោះថា​អាច​បាត់បង់​ទាំង​ផលប្រយោជន៍​ឬ​អតិថិជន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​មក​ទុកឱ្យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំវក


​រាសី​ខ្ពស់ត្រដែត​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ស្វា​នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​ហេតុនេះ ទោះ​ប្រកប​កិច្ចការងារ​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ តែង​ផ្តល់​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​ត្រឡប់មក វិញ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ​ហើយ បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង ។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​អារម្មណ៍​មួហ្មង​ច្រើន​និង​ការប្រកប​ការ ងារ​ជួប​បញ្ហា​រាំងស្ទះ​ចំពោះមុខ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រួវ​បោះទុន​អ្វីមួយ​ដោយ តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​កុំ​ជួយ​យកអាសារ​គេ​ពេក​ប្រយ័ត្ន​យក គុណ​ប្តូរ​ទោស​មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា ហើយ​ពិតជា​ស្រាយ​មិន​ចេញ​ឡើយ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច​ហើយ​ងាយ កើត​បញ្ហា​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិន អាចធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានដែរ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី ។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ចំពោះ​គ្នាច្រើន​ដូចនេះ​លោកអ្នក​ចាំបាច់​ត្រូវ​កាត់ បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​ជ្រូក​នា​ខែ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ មិន​ថា​ការងារ​ប្រាក់កាស ឬ​ទំនាក់ទំនង​អ្វីមួយ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ សម្រាប់​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ឃើញថា​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​កើតឡើង​ទៅរួច​៕