ថ្ងៃទី​១​ខែមករា​ក្លាយជា​ថ្ងៃ​ចូលឆ្នាំថ្មី​សកល​តាំង​ពីមុន​គ្រិស្តសករាជ​ជិត​ប្រាំ​ទសវត្សរ៍​

277

​ភ្នំពេញ​៖ បើ​អ្នក​គិតថា ថ្ងៃទី ១ ខែមករា ដែលជា​ថ្ងៃ​ចូលឆ្នាំ​សកល ថា ជាការ​ចូលឆ្នាំ​របស់​គ្រិស្តបរិស័ទ នោះ អ្នក​ត្រូវ​គិត​ឡើងវិញ ត្បិត​ការចូល ឆ្នាំ​នៅ​ថ្ងៃទី​១ ខែមករា នេះ ត្រូវបានធ្វើ តាំងពី​១៥៣​ឆ្នាំ មុន​ព្រះ​យេស៊ូគ្រិស្ត ប្រសូត ប៉ុន្តែ​ត្រូវបាន​ទទួលយក​ជា ទូទៅ​ជិត​ប្រាំ​ទសវត្ស៍​មុន​គ្រិស្តសករាជ (​គ្រិស្តសករាជ​) ។ ចំណែក​ខែមករា បាន​មានកំណើត​ក្នុង​លោក​នេះ តាំងពី​៧១៣​ឆ្នាំមុន​គ្រិស្ត សករាជ​មកម្ល៉េះ ។
​ ​
​ដោយហេតុតែ​គេ​ឃើញ ប្រតិទិន​សកល បាន​ប្រើប្រាស់​គ្រិស្តសករាជ ពោលគឺ​ឆ្នាំ នៃ​ការ​ប្រសូត របស់​ព្រះ​យេស៊ូគ្រិស្ត​ទើប​ប្រជាជន​ខ្មែរ ជាច្រើន​លាន​នាក់ ក៏ដូចជា​មនុស្ស​រាប់ពាន​លាន​នាក់​ផ្សេងទៀត លើ​ពិភព លោក​គិតថា ឆ្នាំ​សកល គឺជា​ឆ្នាំ​របស់​គ្រិស្តបរិស័ទ ។ ឯការ​ចូលឆ្នាំ​សកល ក៏ ជាការ​ចូលឆ្នាំ របស់​គ្រិស្តសាសនា​ដែរ ។ ប្រការនេះ បណ្តាលឱ្យ​មនុស្ស​ដែល មិនមែនជា​អ្នក​គ្រិស្ត​និយម ហើយ​ជា​អ្នក អភិរក្ស​សាសនា​របស់ខ្លួន​មាន​អារម្មណ៍ មិន​ចង់​ទទួលយក​ទិវា​ចូលឆ្នាំ​សកល ដោយ​ពួកគេ​បានចាត់ទុក ថ្ងៃ​ចូលឆ្នាំ សកល ស្មើនឹង​ថ្ងៃបុណ្យ​ណូអែល ឬ បុណ្យ​គ្រី​ស​ស្មាស់ (Christmas) ជា​ពិធី បុណ្យ​ដែល​គេ​ធ្វើឡើង​ដើម្បី​ពង្រីក ឥទ្ធិពល​គ្រិស្តសាសនា​ដែរ ។
​ ​
​ប៉ុន្តែ​តាមពិតទៅ​ប្រតិទិន ដែល​ត្រូវបាន​ប្រើប្រាស់​ជាស​កល​រាល់ ថ្ងៃនេះ មានកំណើត​ឡើង​ក្នុង​លោក តាំងពី​ពេល​ព្រះ​យេស៊ូគ្រិស្ត​មិនទាន់ មានកំណើត​ក្នុង​លោក​នេះឡើយ​ម្ល៉េះ ។ និយាយ​ម្យ៉ាង​ទៀតថា ប្រតិទិន សកល​ពុំមែន​ជា​ប្រតិទិន​របស់​គ្រិស្តសាសនា​ឬ​កើតចេញពី​គ្រិស្ត សាសនា ឡើយ គឺ​ពួក​គ្រិស្ត​និយម​ទេតើ ដែល យក​ប្រតិទិន​សកល​ទៅប្រើ​ប្រាស់ ។
​ ​
​តាម​ការសិក្សា​យើង​បានដឹង ថា ប្រតិទិន​ដែល​ពិភពលោក​កំពុង ប្រើប្រាស់​ឬ​ដែល​យើង​ហៅថា ប្រតិទិន សកល នេះ ឈ្មោះ​ប្រតិទិន​ហ្គ្រេ​ហ្គោ​រាន មាន​ដើមកំណើត​ចេញមក​ប្រតិទិន​រ៉ូ​ម៉ាំង ឈ្មោះថា ប្រតិទិន​រ៉ូ​មូ​លូ​ស ដែល​ត្រូវ បាន​រៀបរៀង​បង្កើតឡើង​ដោយ​លោក រ៉ូ​មូ​លូ​ស ជា​សហ​ស្ថាបនិក​ទីក្រុង​រ៉ូម នៅ ៧៥៣​ឆ្នាំមុន​គ្រិស្តសករាជ ។
​ ​
​ប្រតិទិន​នេះ ក្នុង​មួយ​ឆ្នាំមាន ១០​ខែ ស្មើនឹង​៣០៤​ថ្ងៃ ដោយ​នៅសល់ ៦១​ថ្ងៃ នៃ​សិសិររដូវ​ពុំ​ត្រូវបាន កំណត់ ឬ​ចាត់​ចូលក្នុង​ខែ​ណាមួយ​ឡើយ ហើយ ខែ​ទី​១ នៃ​ប្រតិទិន​នេះ គឺ​ខែមីនា ។ អ្វីដែល​គប្បី​កត់ ចំណាំ​នៅទីនេះ គឺថា នៅ សម័យ​កាលនោះ ខែមករា និង​ខែកុម្ភៈ ពុំទាន់​មាននៅ​ក្នុង​លោក​យើង​នៅ ឡើយ ។​
​ ​
៤០​ឆ្នាំ​ក្រោយមក ពោលគឺ នៅ​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្តសករាជ ឬ​មុន ព្រះ​គ្រិស្ត​ប្រសូត​ព្រះ​ចៅ​អធិរាជ រ៉ូ​ម៉ាំង ព្រះនាម​នូ​ម៉ា ប៉ុ​ម​ពី​លី​យឺ​ស បាន​កែប្រែ ប្រតិទិន​រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន​ថ្មី​មួយ ផ្សេងទៀត ដោយ​ការបញ្ចូល​ខែ​ចំនួន ពីរ​នៅ​ខាងដើម គឺ​ខែមករា (January) និង​ខែកុម្ភៈ (February) ហើយ​គេ​បានឱ្យ ឈ្មោះ​ប្រតិទិន​ថ្មី​នេះ​ថា “​ប្រតិទិន​នូ​ម៉ា​” (Numa Calendar) ។
​ ​
​ចំណុច​គួរ​កត់ចំណាំ ដ៏​សាមញ្ញ នៅទីនេះ គឺថា ថ្ងៃទី​១ ខែមករា ក៏បាន ចាប់ផ្តើម​មាននៅ​ក្នុង​លោក​ចាប់ពី ពេល​ដែលមាន​ប្រតិទិន​នូ​ម៉ា នេះឯង ។ ប៉ុន្តែ​ទោះជា​គេ​បានចាត់ទុក​ខែមករា ថា​ជា​ខែ​ចូលទៅក្នុង​ឆ្នាំ​ក្តី ក៏​គេ​នៅ មិនទាន់​សម្រេចយក​ខែមករា សម្រាប់ ប្រារឰ​ពិធី​ចូលឆ្នាំថ្មី​នៅឡើយ ។​
​ ​
​ព្រះ​ចៅ នូ​ម៉ា បានដាក់​ឈ្មោះ ខែ​ទី​១ នៃ​ឆ្នាំ​ក្នុង​ប្រតិទិន​របស់​ព្រះអង្គ ថា ន្ញ៉ា​រាយ (​មករា​) នេះ​គឺ​សំដៅ​ដល់ ឈ្មោះ​ទេវតា ជេ​នូ​ស (January) ឬ ឡា​នួ​រី​យើ​ស (Janus) ជា​ទេវតា រក្សា​ទ្វារ នៅក្នុង​ទេវ​កថា​រ៉ូ​ម៉ាំង និង ជា​ទេវតា​មុខ​ពីរ ដែល​មើលទៅ​ក្នុង អតីតកាល​ផង និង​អនាគតកាល​ផង ។ ប្រជាជន​រ៉ូ​ម៉ាំង បាន​ឧទ្ទិស​ថ្ងៃទី​១ ខែ មករា ដល់​ទេវតា​អង្គ​នេះឯង ។​
​ ​
​នៅក្នុង​អំឡុង​សម័យកាល ប្រវត្តិសាស្ត្រ​រ៉ូ​ម៉ាំង មានការ​ផ្លាស់ប្តូរ​ជា ច្រើនលើក​ច្រើនគ្រា​នូវ​ថ្ងៃ​ចូលឆ្នាំថ្មី ។ នៅ​សតវត្សរ៍​ទី​៣ មុន​គ្រិស្តសករាជ រហូតដល់​២២២​មុន​គ្រិស្តសករាជ ត្រូវ គេ​អះអាងថា ថ្ងៃ​ចូលឆ្នាំថ្មី ត្រូវបានធ្វើ នៅ​ថ្ងៃទី​១ ខែឧសភា ខណៈ​ឯកសារ​ខ្លះ អះអាងថា ថ្ងៃទី​១ ខែកក្កដា ខ្លះ​ថា ថ្ងៃ ទី​១៥ ខែមីនា ។ លុះដល់​ឆ្នាំ​១៥៣ មុន គ្រិស្តសករាជ ទើប​គេ​ចាប់ផ្តើម​កំណត់ យក​ថ្ងៃទី​១ ខែមករា ធ្វើជា​ថ្ងៃ​ចូលឆ្នាំថ្មី បន្ទាប់ពី​អ្នកកាន់អំណាច​រ៉ូ​ម៉ាំង ចូលកាន់ តំណែង ។
​ ​
​សូម​រំលឹកថា កាលណោះ ប្រតិទិន​រូ​ម៉ាំង ដែល​បាន​ក្លាយជា ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ននេះ ពុំ មានការ​រាប់​ឆ្នាំ​ដូចជា គ្រិស្តសករាជ ឡើយ ប៉ុន្តែ​គេ​បានចាប់ផ្តើម​រាប់​ឆ្នាំ នៃ ការចូល​កាន់អំណាច នៃ​អ្នកដឹកនាំ​ណា ម្នាក់ ដូចជា​ថា ឆ្នាំ​ទី​១ ទី​២….. នៃ រជ្ជកាល​ស្តេច​….​ដូច្នេះ​ជាដើម លុះដល់ មាន​ស្តេច​ណា​ឡើង​គ្រងរាជ្យ​ថ្មី គេ​ក៏ ចាប់ផ្តើម​រាប់​ឆ្នាំ​ជាថ្មីទៀត ។
​ ​
​ក្រោយមក​ទើប​ពួក​អ្នក​ប្រវត្តិ សាស្ត្រ និង​ពួក​អ្នកប្រាជ្ញ បានជ្រើសរើស​យក​ឆ្នាំ​បន្ទាប់ពី​ការសាងសង់ ទីក្រុង​រ៉ូម ថា​ជា​ឆ្នាំ​ទី​១ របស់​ពួកគេ​ជា​និរន្តរ៍ ហើយ​ពាក្យ​ដែល​គេ​ប្រើ​នោះ​ជា​ភាសា រ៉ូ​ម៉ាំង ថា ab urbe condita ab urbe condita ¬AUCAUC) ដែល មានន័យថា “​បន្ទាប់ពី​ការកសាង​ទីក្រុង (​រ៉ូម​)“ ។​
​ ​
​នៅ​ឆ្នាំ​ទី​៤៦ មុន​គ្រិស្តសករាជ ព្រះ​ចៅ​អធិរាជ​ជូ​លី​យើ​ស សេ​ហ្សា​បានរៀបចំ​បង្កើត​ប្រតិទិន មួយ​ដែល​ត្រូវ គេ​ឱ្យ​ឈ្មោះថា ប្រតិទិន ជូ​លាន (Julian calendar) ដោយ​កែតម្រូវ​កាលបរិច្ឆេទ មួយចំនួន ពី​ប្រតិទិន​នូ​ម៉ា របស់​រ៉ូ​ម៉ាំង និង​កំណត់​យក​ឆ្នាំ​ទី​៤៦ មុន​គ្រិស្តសករាជ ឱ្យ​ត្រូវ​នឹង​ឆ្នាំ​៧០៨ នៃ AUC ។ ព្រះ​ចៅ​អធិរាជ​សេ​ហ្សា បានកំណត់ យក​ថ្ងៃទី​១ ខែមករា ថា ជា​ថ្ងៃ​ចូលឆ្នាំថ្មី ។ បន្ទាប់ពីនោះ ប្រទេស​នៅ​អឺរ៉ុប​ខាង លិច​ភាគច្រើនបំផុត​បានទទួល​យក​ថ្ងៃ ទី​១ ខែមករា ថា ជា​ថ្ងៃ​ចូលឆ្នាំថ្មី​ជា​បន្ត បន្ទាប់មក ។​
​ ​
​ឆ្នាំ​១៥៨២ សម្តេច​ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ (Pope Gregory XIII) បានរៀបចំ​សម្រួល​ប្រតិទិន​ជូ​លាន ដែល ត្រូវបាន​គេ​ហៅថា ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន (Gregorian calendar) ហើយ​នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​១៥៨២ ទើប​ប្រតិទិន នេះ បាន​ត្រូវ​ប្រើ​ជំនួស​ប្រតិទិន​ជូ​លាន រហូតមក​ក្តី ក៏​ថ្ងៃ​ចូលឆ្នាំថ្មី​នៅតែ​ជា​ថ្ងៃ ទី​១ ខែមករា ដដែល ។​
​ ​
​សរុបមក ថ្ងៃទី​១ ខែមករា បាន មានកំណើត​ក្នុង​លោក​យើង​នេះ តាំងពី ៧១៣​ឆ្នាំមុន​គ្រិស្តសករាជ មកម្ល៉េះ ប៉ុន្តែ ថ្ងៃទី​១ ខែមករា នៅ​មិនទាន់​ត្រូវបាន​គេ ជ្រើស​រើសយក​ជា​ថ្ងៃ​ចូលឆ្នាំថ្មី​ឡើយ ។ លុះដល់​ឆ្នាំ​ទី​៤៦​មុន​គ្រិស្តសករាជ ជា ពេលដែល​លោក​ជូ​លី​យើ​ស សេ​ហ្សា រៀបចំ​ប្រតិទិន​ឡើង​នោះ ទើប​គេ​ឃើញ មាន​ភាពប្រាកដប្រជា​ឡើង​ថា ថ្ងៃទី​១ ខែ មករា ជា​ថ្ងៃ​ចូលឆ្នាំថ្មី​សកល រហូតមក ហើយ​អ្វីដែល​គេ​ត្រូវតែ​ប្រាកដ​នោះ​ថា ចូលឆ្នាំ​សកល មិនមែនជា​ចូលឆ្នាំ​គ្រិស្ត បរិស័ទ​ឡើយ ប៉ុន្តែ​គឺ​គ្រិស្តបរិស័ទ​ទេ ដែល​សម្រប​កំណត់​យក​ថ្ងៃ​ចូលឆ្នាំ​របស់ ពួកគេ​ទៅតាម​ថ្ងៃ​ចូលឆ្នាំ​សកល ៕