ថ្ងៃនេះ​កាលពី​១៩​ឆ្នាំមុន សម្តេច​តេ​ជោ​ដាក់ចេញ​នយោបាយ​ឈ្នះ​-​ឈ្នះ ទើប​ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ​

770

(​ភ្នំពេញ​)៖​ក្នុង​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​រំលឹកថា​«​ថ្ងៃទី​២៩ ខែធ្នូ​នេះ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ “​ឈ្នះ​ទាំងអស់គ្នា​”​។ នៅពេលនោះ​ ​ទោះបី​យើង​មាន​កិច្ចព្រមព្រៀង​សន្តិ​​ភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​)​នៅ​បន្ត​គ្រប់គ្រង​តំបន់​មួយចំនួន​ដែល​ពួកគេ​​កាន់កាប់​ជាមួយនឹង​គ្រឿង​អាវុធ​យុ​ទ្ឋ​ភ័​ណ្ឌ​យ៉ាងច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​។

​នៅពេលនោះ​ពួកគេ​ក៏​នៅ​បន្ត​បង្ក​សកម្មភាព​គ្រោះថ្នាក់​ជាច្រើន​ដល់​ប្រទេសជាតិ និង​បង្ក​ការភ័យខ្លាច​ដល់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​។​

​ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង និង​ដើម្បី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ​ទាំងមូល ទើប​នៅ​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​១៩៩៨ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ធានា​ដល់​អាយុជីវិត​និង​កម្ម​សិទ្ឋិ​នានា​របស់​​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​)​នៅពេល​ពួកគេ​ទម្លាក់អាវុធ​វិល​មក​រួមរស់​នៅក្នុង​សង្គម​ជាតិ​ក្រោម​ដំបូល​នៃ​រាជ​រដ្ឋា​ភិ​​បាល​តែមួយ និង​នាយករដ្ឋមន្ត្រី​តែមួយ ទើបបាន​ធ្វើអោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​រហូតមកទល់​ស​ព្វ​ថ្ងៃនេះ​។​

​នយោបាយ ឈ្នះ​-​ឈ្នះ គឺ​ខ្មែរ​ទាំងអស់គ្នា​ឈ្នះ កម្ពុជា​ទាំងមូល​មាន​សុខសន្តិភាព​ហើយ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មានឱកាស​ច្រើនឡើង​ក្នុងការ​​កសាង​សង្គម​គ្រួសារ និង​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​»៕​អត្ថបទ​៖fb​សម្តេច​/sn