ថ្ងៃនេះ​តុលាការ​កំពូល នឹង​បើកសវនាការ​សំណុំរឿង​សកម្មជន​បឹងកក់​៤​នាក់ ​

172

(​ភ្នំពេញ​) ៖ សកម្មជន​បឹងកក់​ចំនួន ៤ នាក់​នឹងត្រូវ​តុលាការ​កំពូល​ជ​នុំ​ជម្រះ​នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​បទ​ចោទ​«​ប្រឆាំង​អ្នករាជការ​​សាធារណៈ​»​។ នេះ​បើតាម​កាលបរិច្ឆេទ​រប​ស់​តុលាការ​កំពូល​។​
​ ​
​ជនជាប់ចោទ​ទាំងនោះ​មាន​អ្នកស្រី ទេព វ​ន្នី រួមទាំង​បក្ខពួក ៣ នាក់​ទៀត គឺ​អ្នកស្រី បូ ឆវី​, អ្នកស្រី គង់ ចន្ថា និង​អ្នកស្រី ហេង មុំ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សកម្មជន​ដីធ្លី​និង​ធ្លាប់​តវ៉ា​រក​ដំណោះស្រាយ​ពី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងកក់​។​ពួកគេ​ត្រូវបាន​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស កាលពី​ខែកញ្ញា ឆ្នាំ ២០១៦ ដោយ​ដាក់ពន្ធនាគារ​ម្នាក់ៗ ៦​ខែ តាម​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​លើ​បទ ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ ប៉ុន្តែ​គ្មាន​ការពិន័យ​ជា​ប្រាក់​ទេ​។
​ ​
​យ៉ាងណាក្ដី ពួកគេ ៣ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​លើកលែងតែ​អ្នកស្រី ទេព វ​ន្នី​ដែល​កំពុង​ជាប់ពន្ធនាគារ​ពាក់ព័ន្ធ​​ករណី​ផ្សេង​ដែល​តុលាការ​ចោទ​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា​នៅក្បែរ​គេហដ្ឋាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ប្រព្រឹត្ត កាលពី​ឆ្នាំ ២០១៣​។​
​ ​
​ករណី​ដាច់ដោយឡែក របស់​អ្នកស្រី ទេព វ​ន្នី​នេះ កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៧​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​អ្នកស្រី ទេព វ​ន្នី ដាក់ពន្ធនាគារ ២ ឆ្នាំកន្លះ និង​ពិន័យ​ជា​ប្រាក់ ៤ លាន​រៀល និង​បង្គាប់​ឲ្យ​សង​សំណង​ទឹកប្រាក់ ៤​លាន​រៀល​ទៅ​សន្តិសុខ​ខណ្ឌ​ដូន​​ពេញ​ឈ្មោះ ហោ ហឿន និង ៥ លាន​រៀល​ទៅ​ឈ្មោះ អ៊ុក រតនៈ ផងដែរ​។ ហើយ​កាលពី​ខែសីហា ឆ្នាំនេះ សាលាឧទ្ធរណ៍​ក៏បាន​សម្រេច​​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​កាត់ក្ដី​ឲ្យ​អ្នកស្រី ទេព វ​ន្នី ជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ​ដដែល​។​
​ ​
​ការសម្រេច​នេះ ធ្វើឡើង​ដោយ​សំអាង​លើ​អង្គហេតុ​កាលពី​៤ ឆ្នាំមុន​ដែល​ពេលនោះ​ក្រុម​សកម្មជន​ដីធ្លី​ពី​តំបន់​បឹងកក់​បាន​ទៅ​ដាក់​ញត្តិ​​នៅ​ភូមិគ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​៕​ដោយ​៖​វិបុល​/sn