ថ្ងៃនេះ ! ក្រសួង​សាធារណការ នឹង​បើកដាក់​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន គម្រោង​កាណូត​ដឹក​អ្នក ដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ

884
ចែករម្លែក

ដោយ : វិបុល / ​ភ្នំពេញ ៖ វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៦ ខែមេសា​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដុះ​អាសន្ន គម្រោង​កាណូត ដឹក អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ដែល​នឹង នៅ​ស្ថានីយ​នាវា​ដឹក​អ្នកដំណើរ​ឬ​ស្សី​កែវ ត្រង់​គីឡូម៉ែត្រ​លេខ​៦ ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​។ ពិធី​សម្ពោធ​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន។

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ការដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន គម្រោង​កាណូត​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​នេះ បាន​ចូលរួមចំណែក​ដល់​ការផ្តល់ មធ្យោបាយ​ធ្វើដំណើរ​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការ ចំណាយ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ តាម​ដងផ្លូវ ផងដែរ​។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​កាណូត​ដឹក​អ្នកដំណើរ​នេះ ដោយ ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​០៦ ខែ មេសា រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​។​

​សូម​រម្លឹកថា ស្ថានីយ៍​រង់ចាំ​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក មាន​ចំនួន​៦​កន្លែង ដែល​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​បាននិងកំពុង​សាងសង់ ដើម្បី​កាត់បន្ថយ​ការ​កក​សន្ទះ​ចរាចរណ៍ និង​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នៅលើ​ដងផ្លូវ ហើយ​ក្រសួង​គ្រោង​នឹងដាក់ ដំណើរការ​ជា​បណ្ដោះអាសន្ន​ចំនួន​៤​កន្លែង នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ខាងមុខ​៕

កាណូតដឹកជញ្ជូនអ្នកដំណើរ (រូបភាព ៖ ហ្វេសប៊ុកក្រសួង)