ថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យមានអ្នកទស្សនាជិត៣ម៉ឺននាក់

159
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យគឺល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានអ្នកទស្សនាជិត៣ម៉ឺននាក់ ។

ពេលបិទនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកជំទស្រី ម៉ៅ ម៉ាល័យ ព្រមទាំងមានការចូលរួមពីអភិបាល អភិបាលរង ប្រធានក្រុមប្រឹក្សាខេ្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងមិត្តបរទេសមកពីខេត្តស្រះកែវ ប្រទេសថៃ តំណាងអគ្គកុងស៊ុវៀតណាមប្រចាំខេត្តបាត់ដំបង មន្ត្រីរាជការ កងកម្លាំង និងអ្នកមកទស្សនាជិត៣ម៉ឺននាក់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ពិធីបុណ្យអុំទូកនៅខេត្តនេះបានធ្វើពីថ្ងៃទី២៩ តុលា ហើយបញ្ចប់នៅព្រលប់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៩ ក្នុងស្ទឹងសិរីសោភ័ណខាងក្រោយសាកលវិទ្យាល័យមានជ័យសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។

ទូកអុំដែលចូលរួមប្រណាំងមាន២៦ទូក។ ក្រោយការប្រកួតប្រណាំងដ៏ស្វិតស្វាញក្នុងស្មារតីកីឡករ លទ្ធផលទូកជ័យលាភីបានចំណាត់ថ្នាក់រួមមាន ទូកចំណុះ៦៦- ៧៦នាក់ ចំណាត់ថ្នាក់លេខ១ បានទៅទូកសុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ។ លេខ២ ទូកពិសីមានជ័យបារមីស្រីស្អាត ។លេខ៣ ទូកមង្គលបូរីមានជ័យបារមីនាយកនសន្តិភាព ។ទូកទាំង៣មកពីស្រុកមង្គបូរី ។

ទូកចំណុះ២២នាក់ ចំណាត់ថ្នាក់លេខ១ បានទៅទូកសុវណ្ណគង្គារមានជ័យបារមីវត្តអង្គបុស្ប មកពីក្រុងសិរីសោភ័ណ ។លេខ២ ទូកអធិរាជហ៍ឥន្ទ្រីយ៍សែនជ័យបារមីភ្នំស្វាយរបស់កងរាជអាវុធហត្ថខេត្ត ។ ទូកចំណុះ៥នាក់ លេខ១បានទៅទូកក្មេងវត្តចម្ការចេកមកពីស្រុកមង្គលបូរី ។

ទូកចំណុះ៥នាក់ ចំណាត់ថ្នាក់លេខ១ បានទៅទូកកូនសារាយតូចមកពីស្រុកមង្គលបូរី
និងទូកកិត្តិយសចំណុះ៣នាក់ លេខ១បានទៅទួកបុប្ផាអង្គាបុស្បមកពីក្រុងសីសោភ័ណ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានមានប្រសាសន៍កោតសរសើរនិងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងសមត្ថកិច្ច អ្នកពាក់ព័ន្ធដែលបានរៀបចំបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលមានទិដ្ឋភាពនិងទស្សនីយភាពចម្រុះបម្រើអោយការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ អន្តរជាតិ បានសប្បាយរីករាយក្រោមម្លប់សុខខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជាដែលមានរាជរដ្ឋាភិបាលដឹកនាំ ។

លោកឧបនាយករដ្ឋមន្ត្រីកែ គឹំមយ៉ាន ក៏បានណែនាំអោយរដ្ឋបាលខេត្តបន្តដឹកនាំ អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ពិសេសឆ្លើយតបនូវការអភិវឌ្ឍន៍និងឆ្លើយតបសំណូមពរមូលដ្ឋាន ហើយក៏ក្រើនរំលឹកពលរដ្ឋ ពិសេសអតីតសកម្មជនគណបក្សសង្គ្រោះជាតិកុំចាញ់កលឧបាយ ហើយទៅគាំទ្រឬចូលរួមនឹងសកម្មភាពខុសច្បាប់ប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ទណ្ឌិតសមរង្សូីនិងគូកន។

លោក និងគណៈអធិបតីបានផ្តល់ពានរង្វាន់ ទង់ ថវិកានិងគ្រឿងឧបភោគ បរិភោគដល់ទូកជ័យលាភី តាមចំណាត់និងចំណុះទូក ដើម្បីជម្រុញលើកទឹកចិត្តអោយកីឡាករ/កីឡាការិនី និងអ្នកសេ្នហាកីឡាអុំទូកឲ្យបន្តខិតខំនៅលើកក្រោយទៀត៕B/