ថ្ងៃបុណ្យ​អុំទូក​៣​ថ្ងៃ ខេត្តកោះកុង​មាន​ភ្ញៀវទេសចរ​ជាង ៣​ម៉ឺន​នាក់ មកលេង​កម្សាន្ត​

195
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ប្រធានស្តីទី​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បង្ហាញថា ក្នុង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០​ដល់​១២ ខែវិច្ឆិកា នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៩ ខេត្តកោះកុង មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មកលេង​កម្សាន្ត​ជាង​៣១,៩៩១​នាក់ កើន​៣,៧០៦​នាក់ បើ​ធៀប​ទៅ​និង​ឆ្នាំ​២០១៨​។ តួលេខ​កំណើន​អ្នកទេសចរ ព្រោះតែ​ខេត្ត​ក៏មាន​រៀបចំ​កម្មវិធី​ប្រណាំង ប្រគុំ​តន្ត្រី អប​អំបុក និង​សន្តិសុខ​សុវត្ថិ​ភាពល្អ​។​

​របាយការណ៍​របស់លោក ឈុន សំ​ឃី​ត ប្រធានស្តីទី​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ឱ្យដឹងថា ឆ្នាំ​២០១៩​នេះ​ភ្ញៀវ​ជាតិ ដែល​ចូលមក​ស្នាក់នៅ និង​ដើរ​កម្សាន្ត​ក្នុង​ខេត្តកោះកុង មាន​ចំនួន​២៥,៦៤៨​នាក់ កើន​៥,២ ៩៤​នាក់ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​៦,៣៤៣​នាក់ ថយចុះ​១,៥៨៨​នាក់ បើ​ធៀប​នឹង​ឆ្នាំទៅ​មិញ ពោលគឺ​សរុប​៣១,៩៩១​នាក់ កើន​៣,៧០៦​នាក់ ស្មើនឹង​១៣​ភាគរយ​។ ក្នុងនោះ មាន​ភ្ញៀវទេសចរ​ជាតិ​ដែល​មក​កម្សាន្ត​លេង​នៅតាម​រមណី​ដ្ឋា​ន និង​សហគមន៍​ទេសចរណ៍​ចំនួន​១៧,២៨៧​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១,១៩៤​នាក់​។

​លោក​ប្រធានស្តីទី​មន្ទីរ​ទេសចរណ៍​ខេត្ត ថ្លែង​ដែរ​ថា មូលហេតុ​ដែលនាំឱ្យ​ចំនួន​ភ្ញៀវទេសចរ​កើនឡើង ដោយសារតែ​មកពី​ខេត្តកោះកុង​មាន​សន្តិសុខ សុ​វត្តិភាព​ល្អ រួមទាំង​មានការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​នៅ​ខេត្តកោះកុង ស្ថានភាព​ផ្លូវជាតិ​លេខ​៤៨ មានការ​ជួសជុល​បាន​ច្រើន​ងាយស្រួល​ធ្វើដំណើរ​ទៅមក​។ ជាពិសេស​រដ្ឋបាលខេត្ត​ក៏​រៀបចំ​កម្មវិធី​ប្រណាំង​ទូកង បណ្តែតប្រទីប និង​អប​អំបុក នៅ​សួនច្បារ​មុខ​សាលាខេត្ត​តាម​ដៃ​ព្រែ​កកោះ​ប៉ោ ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ និង​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​។

​បញ្ហា​កាកសំណល់​សំរាម មានការ​រ​ទុកដាក់​បាន​ត្រឹមត្រូវ និង​បុគ្គលិក​ប្រមូល​សំរាម​បាន​ទាន់ពេលវេលា មិន​បន្សល់ទុក​នៅ​យូរ​ឡើយ​។ ហើយ​អ្វីដែល​មិន​ទប់ស្កាត់បាន​នោះ តម្លៃ​សេវាកម្ម​ស្នាក់នៅ អាហារ​បរិភោគ តាម​អាហារ​ដ្ឋា​ន ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន​បន្ត​លួច​តម្លើងថ្លៃ រីឯ​មួយចំនួន​បាន​រក្សា​តម្លៃ​របស់ខ្លួន​យ៉ាង​ល្អ​។​

​ទាក់ទិន​នឹង​បញ្ហា​សុខាភិបាល លោក ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង លើកឡើងថា អំឡុង​ពិធី​បុណ្យជាតិ​៤​ថ្ងៃ​មកនេះ ស្ថានភាព​ពិនិត្យ និង​ព្យាបាល​ត្រូវបាន​ផ្តោត​ការយកចិត្ត​ទុក​ខ្ពស់​ដោយមាន​វេន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​ជំងឺ​អ្វីមួយ​។

​ទោះយ៉ាងណា ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ព្រះ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក ឆ្នាំ​២០១៩ រយៈពេល​៤​ថ្ងៃ ស្ថានភាព​ចំនួន​អ្នកជំងឺ​ចេញចូល​មន្ទីរពេទ្យ គឺ​ពុំមាន​បញ្ហា​ច្រើន​ដូច​ឆ្នាំ​កន្លងទៅ​ទេ ដែល​កាលនោះ មាន​ជំងឺ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ករណី និង​ពុល​អាហារ​ផ្សេងទៀត​ជាដើម​។​

​ដោយឡែក​លោក សរ សារ៉ាត់ ស្នងការរង​នគរបាល​ខេត្តកោះកុង​ទទួល​ផ្នែក​សេនាធិការ ក៏បាន​បញ្ជាក់ដែរថា មាន​ស្ថានភាព​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​ល្អប្រសើរ​ដូចគ្នា​ទេ ដោយ​រាល់​កម្លាំង​សមត្ថកិច្ច​របស់លោក ត្រូវបាន​ដាក់ពង្រាយរ​ក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​គ្រប់​គោលដៅ​ដែល​កំណត់ទុក គឺ​រាប់​ចាប់តាំងពី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​រហូតដល់​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៤ ស្រុកស្រែ​អំបិល ឬ​តាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​។​
​ខេត្តកោះកុង តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​និយម​ទៅលេង​កម្សាន្ត​ច្រើនជាងគេ​រួមមាន​៖ រមណីយដ្ឋាន​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប សហគមន៍​ធម្មជាតិ​ទឹកជ្រោះ​តា​តៃ តំបន់​អេកូ​ទេសចរ​ជាយ​អា​រ៉ែ ជី​ផាត ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង ចេតិយ​ឃុន​ឆាង​ឃុន​ផែន ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង និង​រមណីយដ្ឋាន​មហាសាគរ​វិស្សមកាល​តា​រា​រះ​នា​ទិស​នារ​តី ជាដើម​៕ ល​