ថ្ងៃស្អែក គណៈក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​សម្រេចសេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ដើម្បី​ដាក់ចូល​​ក្នុង​របៀបវារៈ​ប្រជុំ​រដ្ឋសភា​

843

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦ ខែតុលា​ដើម្បី​ពិនិត្យ​និង​សម្រេច​បញ្ជូន​សេចក្តីស្នើច្បាប់​ស្តី​​ពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​, សេចក្ដីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះ​​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​, សេចក្ដីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​និង​សេចក្ដីស្នើ​​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​ដាក់ចូល​ក្នុង​របៀបវារៈ​ប្រជុំ​រដ្ឋសភា ដើម្បី​ពិភាក្សា​និង​អនុម័ត​។​

​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ដែល​គេ​ដឹងថា ជា​គណៈកម្មការ​ទី​៦​បាន​មានប្រសាសន៍ថា គណៈកម្មការ​បាន​ឯកភាពគ្នា​សម្រេច​បញ្ជូន​សេចក្តីស្នើច្បាប់​ទាំង​បួន​នេះ​ជូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដើម្បី​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា ធ្វើការ​ពិភាក្សា​និង​អនុម័ត​នាពេលខាងមុខ​។​

​លោក​បញ្ជាក់ថា តាម​ការពិនិត្យ​សេចក្ដីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គឺ​វា​ពិត​ជាមាន​ភាពសមស្រប​ទៅនឹង​ច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់​ដែល​នៅ​ជា​ធរមាន​ផ្សេងៗ​ទៀត​។ ម្យ៉ាងទៀត​ការស្នើ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ទាំង​៤​ក៏​ដើម្បី​ឲ្យ​ច្បាប់​​មាន​សង្គតិភាព​ជាមួយ​គ្នា សម្រាប់​ការអនុវត្តន៍​ក្នុង​នីតិកាល​បន្តបន្ទាប់​ទៀត ។​

​ចំណែក​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ថា ចំពោះ​សេចក្តីស្នើច្បាប់​ទាំង​បួន ដែល​បញ្ជូនមក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា គឺ​នឹង​ប្រជុំ​សម្រេច​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ។ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​នឹង​សម្រេច​លើ​សេចក្តីស្នើច្បាប់​ទាំង​បួន​នោះ ដាក់​ចូលក្នុង​របៀបវារៈ​ប្រជុំ​សភា ដើម្បី​ពិភាក្សា និង​អនុម័ត​។​

​សូមបញ្ជាក់ថា​ ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នោះ ត្រូវបាន​សមាជិក​រដ្ឋ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤៩​រូប​បាន​ចុះហត្ថលេខា ដាក់ជូន​រដ្ឋសភា កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​បើកផ្លូវ​ឲ្យ​មាន​នីតិវិធី​បែងចែក​អាសនៈ​សម្រាប់​គណបក្ស​នយោបាយ​ណាមួយ ដែល​បោះបង់​អាសនៈ លុប​ចេញពី​បញ្ជី ឬ​ដែល​ត្រូវ​រំលាយ ដោយ​ការសម្រេច​របស់​តុលាការ​កំពូល​៕​ដោយៈ មុនី​រ័ត្ន​/sn