ថ្ងៃស្អែក លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុមគ្រូពេទ្យ​ ២៥០​នាក់​ចុះ​ពិនិត្យនិង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយ​ឥតគិតថ្លៃ​

801

(​កំពង់ស្ពឺ​) ៖ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧​ស្អែក​នេះ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ លោក ហ៊ុន ម៉ា​នី​នឹង​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​​ចិត្ត​របស់លោក​ចំនួន​២៥០​នាក់ ចុះ​ចែក​ថ្នាំ និង​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​
​ ​
​បើតាម​ការបញ្ជាក់​ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី បាន​ឲ្យ​ដឹងថា​ការចុះពិនិត្យ​ព្យាបាល​និង​ចែក​អំណោយ​ថ្នាំ​ជូន​ប្រជា​​ពលរដ្ឋ​នេះ ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៧ ដែល​គ្រោង​នឹង​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​ជាង​៦​ពាន់​នាក់​។​
​ ​
​ការពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​នោះ​រួមមាន ជំងឺ​ទូទៅ ជំងឺផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ​…​។​ល​។​
​ ​
​សូមបញ្ជាក់ថា​រយៈពេល​៥៦​ខែ ឈានចូល​ឆ្នាំ​ទី​០៥ (២០១២-២០១៧) ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ចំនួន​១៩០៤​នាក់ ចុះ​ពិនិត្យ​និង​ព្យា​ល​បាល​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ចំនួន​៧៨​លើក​ក្នុងនោះ​ព្យា​ល​បាល​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១១២.៥៧៧នាក់​៕ដោយ៖វិបុល/sn

​សកម្មភាព​លោក​ហ៊ុន ម៉ា​នី ដែល​បាន​ដឹកនាំ​ចុះ​ព្យ​បាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កាលពីពេល​ក​ន្ល​ង​ទៅ​