ថ្ងៃ​ចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ខេត្តព្រះវិហារ​កើន​ជាង​ឆ្នាំមុន​

1048
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ខេត្តព្រះវិហារ​បាន​កើនឡើង​ចំនួន​៣៤,៥៥​ភាគរ​រយ​ធៀប​នឹង​ឆ្នាំមុន​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​លោក​គង់​វិបុល​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ថា​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ភ្ញៀវទេសចរ​ខេត្ត​បានមក​កម្សាន្ត​ក្នុង​ខេត្តព្រះវិហារ​សរុប​១៩.១៥៦​នាក់​.​ចំនួន​នេះ​បាន​កើនឡើង​៣៤,៥៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​កន្លងទៅ​។​

​លោក​គង់​វិបុល​បាន​បន្តថា​ចំនួន​ភ្ញៀវទេសចរ​ជាតិ​១៨.៧៥៧​នាក់​មានការ​កើនឡើង​៣៦,៦០​ភាគរយ​។​ចំណែក​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​៣៩៩​នាក់​ថយចុះ​២១,១៤​ភាគរយ​។​ក្នុងនោះ​ទីតាំង​ទេសចរណ៍​ដែល​ភ្ញៀវទេសចរ​តែងតែ​ទៅ​កម្សាន្ត​រួមមាន​៖​ប្រាសាទព្រះវិហារ​ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត​,​ប្រាសាទ​កោះកែរ​ស្ថិតក្នុង​ស្រុក​គូលែន​,​ទឹកធ្លាក់​ព្រះ​និម្មិត​ស្ថិត​ក្នុងស្រុក​ឆែប​ជាដើម​។​

​ជាការ​កត់សម្គាល់​ចំនួន​ភ្ញៀវទេសចរ​តាម​រមណីយដ្ឋាន​នានា​មានការ​កើនឡើង​ច្រើនយ៉ាង​ដូច្នេះ​ដោយសារ​ថ្ងៃ​ឈប់សម្រាក​បូករួម​ទាំង​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​មាន​រយៈពេល​៥​ថ្ងៃ​។​ម្យ៉ាងទៀត​អាកាសធាតុ​មាន​លក្ខណៈ​អំណោយផល​ល្អ​ខណៈ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​ប្រព័ន្ធ​ហេ​ដ្ឋា​ន​ចរ​នា​សម្ព័ន្ធ​មាន​លក្ខណៈ​ល្អប្រសើរ​៕S/​