ថ្ងៃ​ចូលឆ្នាំថ្មី​នៃ​ប្រតិទិន​ដែលមាន​មនុស្ស​ប្រើ​ច្រើន​បំផុត​លើ​ពិភពលោក​

332

(ភ្នំពេញ)​៖ ទោះជា​ប្រតិទិន ហ្គ្រេ​ហ្កូ​រាន (Gregorian calendar) ត្រូវបាន​ប្រើប្រាស់​ជាស​កល សម្រាប់​កំណត់ កាលបរិច្ឆេទ​ជា​ផ្លូវការ​ជាតិ និងអន្តរជាតិ ប៉ុន្តែ​សម្រាប់​ពិធី​ប្រពៃណី​មួយ ចំនួន មាន​ថ្ងៃ​ចូលឆ្នាំថ្មី និង​ពិធីបុណ្យ​ក្នុង សាសនា​ជាដើម នៃ​ប្រជាជាតិ​នានា លើពិភពលោក ត្រូវបាន​ប្រារឰឡើង​នៅក្នុង​ថ្ងៃ​ផ្សេងៗ​គ្នា អាស្រ័យទៅលើ​ថា តើ​ប្រទេស​នោះ​ប្រើ​ប្រតិទិន​អ្វី ក៏ត្រូវគណនា ថ្ងៃ និង​ខែ សម្រាប់​កំណត់​ថ្ងៃ ចូលឆ្នាំថ្មី ឬ​ប្រារឰធ្វើ​ពិធី​នានា​រៀងៗខ្លួន ។ ដោយហេតុនេះ ថ្ងៃ​ចូលឆ្នាំថ្មី នៃ ប្រជាជាតិ​ក្នុង​លោកត្រូវបាន​ធ្វើឡើង ក្នុង​ថ្ងៃ​មិន​ស្របគ្នា​ឡើយ ។​
​ ​
​រហូតមកដល់​ពេលនេះ ប្រតិទិន​ដែល​ត្រូវគេ​ប្រើប្រាស់​សម្រាប់ កំណត់​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ដែល​គេ​ប្រើ ប្រាស់​ច្រើន​បំផុត​មាន​បួន គឺ​ប្រតិទិន ហ្គ្រ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល​, ប្រតិទិន​ចិន​, ប្រតិទិន​ហិណ្ឌូ និង​ប្រតិទិន ពុទ្ធសាសនិក និង​ប្រតិទិន​អ៊ិ​ស្លាម ។​
​ ​
ប្រតិទិន​សកល ឬ ប្រតិទិន ហ្គ្រ​ហ្កូ​រាន​
​បណ្តា​ប្រទេស​ជា​គ្រិស្ត​-​សាសនិក បាន​ប្រើប្រាស់​ប្រតិទិន ហ្គ្រេ​ហ្កូ​រាន ដែល​ត្រូវបាន​ប្រើប្រាស់​ជា សកល ចាប់ពី​ឆ្នាំ​១៥៨២ នៃ​គ្រិស្ត សករាជ ហើយ​ថ្ងៃ​ចូលឆ្នាំថ្មី​នៃ​ប្រតិទិន នេះ គឺ​ទី​១ ខែមករា ។ ហេតុនេះ ទើប ថ្ងៃ​ចូល​ថ្មី​សកល ក៏ដូចជា​ថ្ងៃ​ចូលឆ្នាំថ្មី សម្រាប់​ប្រជាជាតិ​គ្រិស្ត​សាសនិក​ដែរ គឺ នៅ​ថ្ងៃទី​១ ខែមករា ។
​ ​
​ដោយសារ​ប្រតិទិន​នេះ មាន រាប់​គ្រិស្តសករាជ គឺ​ឆ្នាំ​របស់​ព្រះ​យេស៊ូ ទើប​ធ្វើឱ្យ​អ្នកខ្លះ​យល់ថា ថ្ងៃ​ចូលឆ្នាំថ្មី សកល គឺ​ថ្ងៃទី​១ ខែមករា នេះ ថា ជា​ថ្ងៃ ចូលឆ្នាំ​របស់​ពួក​គ្រិស្ត​សាសនិក ។ ប៉ុន្តែ តាមពិតទៅ ថ្ងៃទី​១ ខែមករា ក្លាយជា ថ្ងៃ​ចូលឆ្នាំ​សកល តាំងពី​១៥៣​ឆ្នាំមុន គ្រិស្តសករាជ​មកម្ល៉េះ ហើយ​ត្រូវបាន ទទួលយក​ជាទូទៅ​នៅ​ឆ្នាំ​ទី​៤៦ មុន គ្រិស្តសករាជ ពោលគឺ​តាំងពី​ព្រះ​យេស៊ូ មិនទាន់​ប្រសូត ។ ដូច្នេះ​គឺ​គ្រិស្ត​សាសនិក ទេ​ដែល​សម្រប​ចូលឆ្នាំថ្មី​របស់ខ្លួន​តាម ឆ្នាំ​សកល ។​
​ ​
ប្រតិទិន​ចិន​
​ថ្ងៃ​ចូលឆ្នាំថ្មី នៃ​ជន​ជាតិចិន ត្រូវបាន​ប្រារឰធ្វើ​តម្រូវ​តាម​ចន្ទគតិ ។ ប្រពៃណី​ចូលឆ្នាំថ្មី នៃ​ប្រជាជន​ចិន មិនមែន​ធ្វើ​តែ​នៅក្នុង​ប្រទេស​ចិន​ឡើយ ប៉ុន្តែ​ក៏ត្រូវ​បានប្រារឰ​ធ្វើ​ផងដែរ​នៅក្នុង បណ្តា​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក ដោយ​រួមទាំង​នៅ​ប្រទេស​កម្ពុជា​ផង ។ ប៉ុន្តែ​នៅ​បណ្តា​ប្រទេស ដែល​ទ​ទៃ ពី​ប្រទេស​ចិន ថ្ងៃ​ចូលឆ្នាំថ្មី​ចិន​នោះ មិនមែនជា​ថ្ងៃ​ចូលឆ្នាំថ្មី​ជាតិ​នោះឡើយ​ហើយក៏​មិនមែនជា ថ្ងៃ​សម្រាក​ជាតិ​ដែរ ។ ភាព​រីកសាយ នៃ​វប្បធម៌​នេះ បណ្តាលមកពី​ប្រជាជន​ចិន បាន​ចាក ចេញពី​ប្រទេស​របស់ខ្លួន​ទៅ​រស់នៅ និង បង្កើត​កូនចៅ​តៗ​នៅ​ផ្នែក​ផ្សេងៗ​នៃ ពិភពលោក ហើយ​ក៏បាន​ប្រកាន់ខ្ជាប់​នូវ ប្រពៃណី​របស់​ពួកគេ​ទៅ​អនុវត្តន៍​នៅ ទីនោះ ។​
​ ​
​ប្រតិទិន​ចិន ជា​ប្រតិទិន ចន្ទ​-​សុរិយគតិ ពោលគឺ​ប្រតិទិន ដែល​រួម បញ្ចូល​គ្នា​រវាង​ចន្ទគតិ និង​សុរិយគតិ ប៉ុន្តែ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ប្រជាជន​ចិន គឺជា​ថ្ងៃទី​១ នៃ​ប្រតិទិន​ចន្ទគតិ ។ ដោយសារ​ប្រតិទិន​នេះ ត្រូវតែ​កែតម្រូវ នៅ​រា​ល់បី​ឆ្នាំ​ម្តង ដើម្បីឱ្យ​ត្រូវ​ជាមួយ សុរិយគតិ ទើប​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ប្រារឰ​នៅ​ថ្ងៃ​មិន​ទៀងទាត់​ឡើយ បើ គិត​តាម​ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន ដែលជា ប្រតិទិន​សកល ។​
​ ​
​ទោះយ៉ាងណា​ថ្ងៃ​សម្រាក ចូលឆ្នាំថ្មី របស់​ប្រជាជន​ចិន​រមែង​កើត ឡើង​នៅ​ចន្លោះ​ពីថ្ងៃ​ទី​២០ ខែមករា -​ថ្ងៃទី​២០ ខែកុម្ភៈ នៃ​ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន គឺ​វា​អាស្រ័យ​លើ​ឆ្នាំ​ដែល​ត្រូវ​បន្ថែម​ថ្ងៃ ឬ​មិន​បន្ថែម​នៅក្នុង ប្រតិទិន​ចន្ទគតិ ដែល គេ​ប្រើ​នៅក្នុង​ប្រព័ន្ធ​ប្រតិទិន​ចិន ។
​ ​
​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ជប៉ុន ពី ដើមឡើយ ក៏​ធ្វើ​ត្រូវ​គ្នា​ជាមួយនឹង​ថ្ងៃ ចូលឆ្នាំថ្មី​ចិន​ដែរ ព្រោះ​កាលនោះ ប្រទេស​ជប៉ុន​ប្រើប្រាស់​ប្រតិទិន​ចិន ។ ប៉ុន្តែ​ចាប់ពី​គ្រិស្តសករាជ​១៨៧៣ មក ប្រទេស​ជប៉ុន បាន​ប្រើប្រាស់​ប្រតិទិន ហ្គ្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន​សកល ហេតុនេះ ចាប់ពីពេលនោះ​មក ថ្ងៃ​ចូល ឆ្នាំ​ថ្មី​របស់​ជប៉ុន ក៏ត្រូវ​បានធ្វើ​នៅ​ថ្ងៃទី​១ ខែមករា ដូចជា​ថ្ងៃ​ចូលឆ្នាំថ្មី​សកល​ដែរ​។​
​ ​
​ប្រតិទិន​ហិណ្ឌូ និង​ប្រតិទិន ពុទ្ធសាសនិក​
​ថ្ងៃ​ចូលឆ្នាំថ្មី​របស់​ជន​ហិណ្ឌូ និង​ថ្ងៃ​ចូលឆ្នាំថ្មី​របស់​ពុទ្ធសាសនិក រមែង​ត្រូវចំ​ថ្ងៃទី​១៣​ឬ​១៤ ខែមេសា នៃ​ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន អាស្រ័យ​លើ​ថា វា​ត្រូវចំ​ឆ្នាំ​លោត ឬ ឆ្នាំ​ធម្មតា ។
​ ​
​ចំណែក​ប្រទេស​កម្ពុជា និង ប្រទេស​ថៃ ភូមា និង​ឡាវ ជា​ប្រទេស ប្រតិបត្តិ​សាសនា​ឥណ្ឌា គឺ​ព្រហ្មញ្ញ សាសនា និង​ព្រះពុទ្ធសាសនា ទើប​ថ្ងៃ ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៃ​ប្រទេស​ទាំង នេះ ត្រូវបានធ្វើ នៅ​ថ្ងៃទី​១៣​ឬ​១៤ ខែ មេសា ដែរ ។ ម្យ៉ាង​រដូវ​កាល​នេះ ជា ពេលដែល​ប្រជាពលរដ្ឋ​បាន ច្រូតកាត់ ប្រមូល​ភោគផល​រួចរាល់ សមគួរ​ដល់ ការរីករាយ​សាទរ​ឆ្នាំ​ថ្មី ។​
​ ​
​ប្រតិទិន​របស់​ហិណ្ឌូ និង ប្រតិទិន​ពុទ្ធសាសនិក​នេះ គឺជា​ប្រតិទិន ចន្ទគតិ តាមបែប​ប្រពៃណី ពោលគឺ​គិត ទៅតាម​ប្រពៃណី នៃ​ប្រទេស ឬ និគម​ន៍ រៀងៗ​ខ្លួន ។ ព្រះ​ចន្ទ​មួយ​ចំណិត ដែល ត្រូវបាន​គេ​អង្កេត​ឃើញ​នៅ​ប​ច្ចឹ​ម​ទិស មុនដំបូង​បំផុត នៃ​ខែ​នីមួយៗ បន្ទាប់ពី ព្រះអាទិត្យ​លិច​បាត់ គេ​ហៅថា ព្រះ​ចន្ទ​ថ្មី (​ថ្ងៃមួយ​កើត​) ។ ហើយ​ប្រតិទិន​នេះ ក៏ យក​ថ្ងៃ​ដែល​គេ​បានឃើញ​ព្រះ​ចន្ទ​ថ្មី​នេះ ឯង ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ខែ (​មួយ​កើត​, ពីរ កើត​) ។​
​ ​
ចូលឆ្នាំថ្មី​នៃ​អ៊ិ​ស្លាម សាសនិក​
​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី នៃ​អ៊ិ​ស្លាម សាសនិក ដែល​ត្រូវបាន​គេ​ស្គាល់​ថា ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី មូស្លីម​ផង នោះ រមែង​ត្រូវបាន​ផ្លាស់ប្តូរ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​មិន​ទៀងទាត់ បើ​ផ្ទៀងផ្ទាត់ ជាមួយ​ប្រតិទិន​ហ្គ្រេ​ហ្កូ​រាន ព្រោះ ប្រតិទិន​អ៊ិ​ស្លាម​សាសនិក គឺជា​ប្រតិទិន ចន្ទគតិ ។​
​ ​
​ប្រតិទិន​ចន្ទគតិ​របស់​អ៊ិ​ស្លាម សាសនិក ក៏មាន​លក្ខណៈ​ប្រហាក់ ប្រហែល​នឹង​ប្រតិទិន​ចន្ទគតិ​របស់ ហិណ្ឌូ និង​ពុទ្ធសាសនិក ដែរ គឺ​យក​ថ្ងៃ ដែល​គេ​បានឃើញ​ព្រះ​ចន្ទ​ថ្មី ជា​ថ្ងៃ ចាប់ផ្តើម នៃ​ខែ ។​
​ ​
​ហេតុនេះ ប្រតិទិន​នេះ គេ មិនដឹងថា ខែ​ថ្មី​របស់​ពួកគេ​នឹង​ចាប់ ផ្តើម​នៅពេលណា​ពិតប្រាកដ​ឡើយ គឺ វា​អាស្រ័យ​លើ​ថា ព្រះ​ចន្ទ​រះ​មុន ព្រះអាទិត្យ ដែល​អ្នកវិទ្យាសាស្ត្រ​អ៊ិ​ស្លាម ហៅថា “​ព្រះ​ចន្ទ​ថ្មី​” នោះ ត្រូវបាន​គេ ប្រទះឃើញ​នៅពេលណា ។
​ ​
​នេះ​គឺជា​កំណត់ចំណាំ និង ការ​គណនា​កាលបរិច្ឆេទ​មួយចំនួន នៃ​ថ្ងៃបុណ្យ​ចូល​ថ្មី ប្រពៃណី​អ៊ិ​ស្លាម សាសនិក គណនា​តាម​ប្រតិទិន ហ្គ្រេ​ហ្កូ​រាន​ ៖ ឆ្នាំ​២០០៥=​ថ្ងៃទី​១០ ខែ កុម្ភៈ​, ឆ្នាំ​២០០៦=​ថ្ងៃទី​៣១ ខែមករា​, ឆ្នាំ​២០០៧=​ថ្ងៃទី​២០ ខែមករា​, ឆ្នាំ ២០០៨=​ថ្ងៃទី​១០ ខែមករា​, ឆ្នាំ​២០០៩ =​ថ្ងៃទី​១៨ ខែធ្នូ​, ឆ្នាំ​២០១០=​ថ្ងៃទី​៧ ខែ ធ្នូ​, ឆ្នាំ​២០១១=​ថ្ងៃទី​២៦ ខែវិច្ឆិកា ៕ ដោយ​៖ មេសា​

​ទិដ្ឋភាព​ចូលឆ្នាំថ្មី នៃ ជាតិ​សាសន៍​នានា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត)​
​ទិដ្ឋភាព​ចូលឆ្នាំថ្មី នៃ ជាតិ​សាសន៍​នានា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត)​
​ទិដ្ឋភាព​ចូលឆ្នាំថ្មី នៃ ជាតិ​សាសន៍​នានា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត)​