ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីស្វែងរកសំឡេងឆ្នោតគាំទ្រ របស់ខ្លួនតាំងពីព្រលឹមមក នៅខេត្តបន្ទាយមានជ័យ សម្រាប់គណបក្សប្រជាជនកម្ពុជាខេត្តមានមនុស្ស១០ម៉ឺនប្លាយនាក់បានចូលរួមហែ និងជួបជុំនៅខេត្ត នាក្រុងសិរីសោភ័ណ និងតាមស្រុក ក្រុង៨ទៀត។ ក្នុងនោះនៅទីរួមខេត្តមានប្រមាណ២ម៉ឺននាក់ នៅក្រុងប៉ោយប៉ែត មានប្រមាណជាង៣ម៉ឺននាក់ និងតាមស្រុកនានា ១ស្រុកៗជាង១ម៉ឺននាក់។ ចំណែកគណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដង្ហែធំក្នុងខេត្ត និងឆ្លងស្រុកក្រុង កាលពីថ្ងៃទី២៦ខែកក្កដា រួចហើយ។
លោក ហី គឹមសេង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៧ខែកក្កដាថា ក្នុងការបោះឆ្នោតសាកលជ្រើសរើសអ្នកតំណាងរាស្ត្រថ្ងៃទី២៩ខែកក្កដា ដ៏ដ្លីខាងមុខ នៅខេត្តបន្ទាយមានជ័យ មានគណបក្ស១៣ ចូលរួមបោះឆ្នោត។ មានការិយាល័យបោះឆ្នោតសរុប ១.០៧០ការិយាល័យ មានចំនួនអ្នកបោះឆ្នោត ដែលធ្វើបច្ចុប្បន្នភាពរួច ៣៥៥.៦៦៧នាក់។ មានភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍ ចំនួន៣.២០៨ នាក់/ស្រី ៧១៣នាក់ និងមានភ្នាក់ងារសង្កេតការណ៍ជាតិមកពី១៣ អង្គការ សមាគមសរុបចំនួន១.៤៤០នាក់។
លោកបន្តថា នៅថ្ងៃបិទយុទ្ធនាការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើពិធីយុទ្ធនាការធំគគ្រឹកគគ្រេងជាងគេ។ ចំណែកគណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដង្ហែធំក្នុងខេត្ត និងឆ្លងស្រុកក្រុងកាលពីថ្ងៃទី២៦ខែកក្កដា រួចហើយ។ គណបក្សនយោបាយ ១៣ គឺតាមលំដាប់លេខរៀង : លំដាប់លេខ ១-គណបក្សខ្មែររួបរួមជាតិ។ លំដាប់លេខ ៤ :គណបក្សសញ្ជាតិកម្ពុជា។ ៦-គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ។ ៧-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ៨- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ ១០- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ១១-គណបក្សខ្មែរសាធារណរដ្ឋ។ ១២-គណបក្សខ្មែរឈប់ក្រ។ ១៣-គណបក្សហ្វ៊ុនស៊ីនប៉ិច ។១៥-គណបក្សយុជនកម្ពុជា។ ១៧- គណបក្សឆន្ទៈខ្មែរ។ ១៩-គណបក្សខ្មែរតែមួយ និង២០-គណបក្សប្រជាជនកម្ពុជា៕ ល