ថ្ងៃ​បើកឆាក​ឃោសនា​: គណបក្ស​ប្រជាជន​កម្ពុជា​-​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​បើក​យុទ្ធនាការ​ជា​ទ្រង់ទ្រាយ​ធំ​

2228
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​បើក​យុទ្ធនាការ​ជា​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​បើកឆាក​ដំបូង នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ចំណែក​គណបក្ស​មួយចំនួនទៀត ធ្វើការ​ឃោសនា​ដែរ ប៉ុន្តែ​ក្នុង​លក្ខណៈ​ជា​ទ្រង់ទ្រាយ​តូច​។

​គិត​ត្រឹម​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​គណបក្សនយោបាយ​ចំនួន​០៦ បាន​ជូនដំណឹង​ពី​ការឃោសនាបោះឆ្នោត​របស់​ខ្លួន ទៅកាន់​គណៈកម្មាការ​រៀប​ចំការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​។​

​លោក​លុន ឆេង​កៃ ប្រធាន​ណៈ​ក​ម្មា​ការរៀបចំ​ការបោះឆ្នោត​រា​ជ​ធានី​ភ្នំពេញ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាប់ផ្ដើម​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​៧ ខែកក្កដា នៅ​កោះ​ពេជ្រ និង​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម ៦​ម៉ឺន​នាក់​។ នៅក្នុង​ក្បួន​ឃោសនា​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើប្រាស់​រថយន្ត ១៧២០​គ្រឿង ម៉ូតូ ១៤៤០០​គ្រឿង​។ ចំណែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏​នឹង​ចាប់ផ្ដើម​ឃោសនា នៅ​ថ្ងៃទី​០៧ ខែកក្កដា​ដែរ ដោយ​ជួបជុំ​ហែ​ក្បួន​ចេញពី​ផ្លូវ​៦០​ម៉ែត្រ ទៅ​បញ្ចប់​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ (​មាត់ទន្លេ​) ដោយមាន​អ្នកចូលរួម ១៥០០០​នាក់ នឹង​ប្រើ​រថយន្ត​តូចធំ ចំនួន​៣០០​គ្រឿង ម៉ូតូ​កង់​បី ចំនួន ៥០០​គ្រឿង និង​ម៉ូតូ ៤០០០​គ្រឿង​។ រីឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហែ​ក្បួន​នៅ​ថ្ងៃទី​៧ ខែកក្កដា ចេញពី​ទីស្នាក់ការ​គណបក្ស​នៅ​ជ្រោយ​យ​ចង្វារ មាន​អ្នកចូលរួម​២០០០​នាក់ ប្រើ​រថយន្ត​តូច ៤០​គ្រឿង រថយន្ត​កូរ៉េ ៨០​គ្រឿង ម៉ូតូ​កង់​បី ៣០០​គ្រឿង និង​ម៉ូតូ​៥០០​គ្រឿង​។ ហើយ​បញ្ចប់​នៅ​ផ្លូវ​ហាណូយ និង​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ផ្លូវ ៦០​ម៉ែត្រ​៕ ល​