ថ្ងៃ​ស្បថ​កាន់តំណែង​អាណត្តិ​ទី ៤ លោកពូ​ទីន ជិះ​រថយន្ត​ប្រណីត​ផលិត​ក្នុងស្រុក​ជា​លើកដំបូង ដឹងថា​ម៉ា​កអី និង​តម្លៃ​ប៉ុន្មាន​ទេ​?

572

​នៅ​ថ្ងៃ​ស្បថ​កាន់តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​៤​របស់ខ្លួន រថយន្ត​ប្រណីត​ផលិត​ក្នុងស្រុក​ជា​លើកដំបូង​បាន​ដឹក​ប្រមុខរដ្ឋ​របស់ខ្លួន​តាមផ្លូវ​ក្រាល​ថ្ម​បុរាណ​ឆ្ពោះទៅ​វិមាន​។

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​ស្បថ​កាន់តំណែង​អាណត្តិ​ទី ៤ កាលពី​ថ្ងៃ​ចន្ទ ទី​៧ ឧសភា បាន​ជិះ​តាម​រថយន្ត​ប្រណីត​ម៉ាក Kortezh ជាជាង​រថយន្ត​ពាស​ដែក​ប្រណីត​របស់​អាល្លឺម៉ង់ Mercedes S600 Pullman ដើម្បី​ឆ្ពោះ​មកកាន់​ព្រឹទ្ធសភា​នៅក្នុង​វិមាន​ក្រឹម​ឡាំង​។

​រថយន្ត Kortezh មានមុខ​កាច​មិន​ចាញ់ Mercedes ប៉ុន្មាន​ទេ ជាមួយ​ចង្កៀង​មុខ​រាង​ចតុកោណកែង​យ៉ាង​សង្ហា និង​កញ្ចក់​ការពារ​គ្រាប់​។

​វា​ជា​រថយន្ត​ប្រណីត​ផលិត​ក្នុងស្រុក​ជា​លើកដំបូង​សម្រាប់​ប្រមុខរដ្ឋ​រុស្ស៊ី​ចាប់តាំងពី​ឆ្នាំ ១៩៨៥ នៅពេល​លោក​ប្រធានាធិបតី មី​ខា​អ៊ី​ល ហ្គោ​បា​ឆូវ ប្រើប្រាស់​ឡាន​ម៉ាក Zil-41052 ដែល​ផលិតឡើង​អំឡុង​ទសវត្សរ៍ ១៩៧០​។​

​រថយន្ត Kortezh ចាប់ផ្តើម​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១២ ជាមួយ​ការវិនិយោគ ១៩៧ លាន​ដុល្លារ​បន្ថែម​ក្នុង​គម្រោង​នេះ​នៅ​ចុងឆ្នាំ ២០១៧​។ រថយន្ត​នេះ​ត្រូវបាន​សហការ​ផលិតរ​វាង​មណ្ឌល​ស្រាវជ្រាវ​រដ្ឋ NAMI និង​ក្រុមហ៊ុន​ផលិត​រថយន្ត Sollers​។

​ក្រៅពី​ផលិត​ទុកឱ្យ​ថ្នាក់ដឹកនាំ​ជិះ គេ​ក៏​នឹង​ផលិត​វា​សម្រាប់​លក់​ឱ្យ​សាធារណជន​ដែរ គឺ​ផលិត ២៥០ ទៅ ៣០០ គ្រឿងក្នុង​មួយឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ ២០១៩ ទៅ លក់​ក្នុងតម្លៃ ៩៥.០០០ ទៅ ១១១.៥០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Kortezh ដឹក​លោកពូ​ទីន​មក​ស្បថ​នៅ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ចន្ទ