ថ្ងៃ​២០​មិថុនា ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត​!

675
ចែករម្លែក

កាលពី​ថ្ងៃទី​២០ ខែមិថុនា ម្សិលមិញ ក្រសួងការពារជាតិ រៀបចំ​ប្រារព្ធ​ខួប ៤២​ឆ្នាំ (​ថ្ងៃ​២០​មិថុនា ១៩៧៧-​ថ្ងៃ​២០​មិថុនា​២០១៩) នៃ​ទិវា​ចងចាំ​នូវ​ដំណើរ​ឆ្ពោះទៅកាន់ ការ​ផ្តួល រំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ពិធី​នេះ ធ្វើឡើង នៅ​តំបន់​កោះ​ថ្ម ឃុំ​ទ​ន្លួ​ង ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​ឲ្យ​ដឹងថា ការដែល​ក្រសួងការពារជាតិ​ប្រារព្ធ​ខួប ៤២ ឆ្នាំ នៃ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំ របប​ប្រល័យពូជសាសន៍​ប៉ុលពត​នេះ គឺ​ដើម្បី​បញ្ជាក់​អារម្មណ៍ និង​ប្រាប់​ដល់​ក្មេងៗ ជំនាន់​ក្រោយ ឲ្យ​ចងចាំ​នូវ​ព្រឹត្តិការណ៍​ដ៏​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ ដោយ​មិនអាច​បំភ្លេច បាន​នោះឡើយ ខណៈ​ព្រឹត្តិការណ៍​នេះ ត្រូវបាន​សម​មិត្ត ហ៊ុន សែន និង​ដៃគូ​ដ៏​ទុកចិត្ត ផ្សេងទៀត បាន​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​សុខសន្តិភាព​ប្រទេសជាតិ​ទាំងមូល​នោះ​។​

​ឯកសារ ដែល​បាន​ចងក្រង​ដោយ​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​ឲ្យ​ដឹងថា កាលពី​ជាង​៤០ ឆ្នាំមុន សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​ចំនួន​បួន​នាក់ ផ្សេងទៀត គឺមាន​សម​មិត្ត នុ​ច ថន សម​មិត្ត ញឹក ហួន សម​មិត្ត សាន សាញ់ និង​សម មិត្ត វ៉ា ប៉ោ​អ៊ា​ន បានចាប់ផ្តើម​ធ្វើដំណើរ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ចេញពី តំបន់​កោះ​ថ្ម ឃុំ​ទ​ន្លួ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម (​បច្ចុប្បន្ន​ត្បូងឃ្មុំ​) ដើម្បី​ស្នើសុំ​កម្លាំង ភាគី​វៀតណាម ឲ្យ​មកជួយ​រំដោះប្រទេស​ជាតិខ្មែរ​ទាំង​មូល​ឲ្យ​រួច​ផុតពី​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត​។​
​ ​
​ឯក​សារបាន​បញ្ជាក់ថា សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​ដទៃទៀត​បានធ្វើ​ដំណើរ​ជាមួយ នឹង​កាំភ្លើង​បី​ដើម គ្រាប់បែក​ពីរ​គ្រាប់ និង​កាំបិត​ខ្វែវ​មួយ​ដើម ហើយ​ការសម្រេចចិត្ត របស់​សម​មិត្ត​ទាំងអស់នេះ​គឺជា​ការចាកចេញ​ដោយ​ការឈឺចាប់ តែ​ទឹកចិត្ត​មុះ​មុត ដោយ​សម្រេចចិត្ត​យក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​ធ្វើការ​តស៊ូ​ផ្តូ​ល​រំលំ​របប​ប្រល័យពូជសាសន៍​ដ៏​សាហាវ​យ៉ង​ឃ្នង់ ប៉ុល ពត រហូតដល់​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​
​ ​
​ឯកសារ​បានបង្ហាញ​ពី​ចំណុច​គោលដៅ​ជា​ប្រវត្តិសាស្ត្រ ៧​ចំណុច នៃ​ការចាប់​ផ្តើមចេញ ដំណើរ​ពី​ទឹកដី​កម្ពុជា ចូល​ទឹកដី​វៀតណាម​នៃ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប ប្រល័យពូជសាសន៍​ប៉ុលពត ដែល​សម្តេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​៤​រូប​ផ្សេង ទៀត បាន​ចាក​ចេញពី​កម្ពុជា នៅ​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។​

​ចំណុច​ទី​១ ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៃ​បញ្ជាការដ្ឋាន​វរ​សេនា​ធំ តំបន់​២១ វេលា​ម៉ោង ២១:០០​នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ចំ​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​អសា​ឍ ឆ្នាំម្សាញ់ នព​ស័ក ព​.​ស ២៥២១ សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏ ទុកចិត្ត​បួន​នាក់ គឺ នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម ស្រ៊ាង (​ហៅ​សាញ់​) និង វ៉ា ប៉ោ​អ៊ា​ន ចាប់ផ្តើម​ដំណើរ​ភៀសខ្លួន​ទៅ​វៀតណាម ដើម្បី​ស្វែងរក​ការជួយឧបត្ថម្ភ​ក្នុងការ​រំដោះ ជាតិ ចេញពី​របប​ប្រល័យ​ពូជ​សាន៍ ប៉ុល ពត​។ ដោយសារ​ប្រទេស​ទាំងពីរ​ស្ថិតក្នុង ស្ថានភាព​មាន​ជម្លោះ​ប្រដាប់អាវុធ​ជាមួយគ្នា​វៀតណាម​លំបាក​បែងចែក​រវាង​ជន​ភៀស ខ្លួន និង​ទាហាន​ខ្មែរក្រហម ដែលមាន​បំណង​ចូលទៅ​វាយឆ្មក់​។

​ដោយបាន​គិតដល់​បញ្ហា​នេះ ជាមុន សម​មិត្ត ហ៊ុន សែន​បាន​សម្រេចចិត្ត​យកតែ​មនុស្ស បួន​នាក់​ទេ ទៅជា​មួយ ព្រោះ​ក្រុម​ធំ​មួយ​នឹង​បង្ក​ការយល់ច្រឡំ​ថា ជា​ក្រុម​វាយឆ្មក់​របស់ ប៉ុល ពត អាច​បណ្តាលអោយ​ការវាយប្រហារ​ពី​វៀតណាម​។ ធម្មជាតិ ក៏បាន​ចូលរួម ចំណែក​ក្នុងការ​ធ្វើដំណើរ ដោយ​ចន្លោះ​វេលា​ម៉ោង ២២​យប់ ដល់​វេលា​ម៉ោង ១​រំលង អធ្រាត្រ មាន​ភ្លៀង​ផ្លេកបន្ទោរ និង​ផ្គរលាន់​ម្យ៉ាង​ត្រូវការ​ពុះពារ​ទ្រាំទ្រ​នឹង​អាកាសធាតុ ដ៏​លំបាក ប៉ុន្តែ​ម្យ៉ាងទៀត​ក៏​អាចធ្វើ​អោយមាន​សុវត្ថិភាព​ការពារ​ខ្លួន​ក្នុងពេល​ធ្វើដំណើរ នេះ​។
​ ​
​ទីតាំង​ដែល​សម​មិត្ត ហ៊ុន សែន និង​ក្រុម​ឆ្លងកាត់​ពី​ខាង​កម្ពុជា គឺ​នៅត្រង់​ពាំង​ខ្ត័​រ​និង​អាង ដាច់​ដែល មាន​ដើម​ទ្រយឹង​ធំ​ស្កឹមស្កៃ​នៅក្បែ​នោះ​។ នៅ​ទល់​ខាងមុខ គឺជា​ស្រុក​ទុក​និ​ញ ក្នុង​ខេត្ត​សុង​ប៊ែ​រ របស់​វៀតណាម​។
​ ​
​មុនពេល​ឈាន​ជើង​ចូលក្នុង​ទឹកដី​វៀតណាម សម​មិត្ត ហ៊ុន សែន បាន​បែរ​មុខមក​ខាង ទឹកដី​កម្ពុជា ទាំង​ទឹកភ្នែក ដោយនិយាយ​ក្នុង​ចិត្ត​ថា អាយុ ១៣​ឆ្នាំ បែក​ពី​ស្រុកកំណើត ដោយ​អត់​សាលារៀន អាយុ ២៥​ឆ្នាំ​បែក​ពី​ប្រទេស​ដោយ​ពួក​ឃាតក​។​
​ ​
​ចំណុច​ទី​២. វេលា​ម៉ោង ២ ទៀបភ្លឺ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ សម​មិត្ត ហ៊ុន សែន បាន​ដើរចូល​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ទៅក្នុង​ទឹកដី​វៀតណាម​។ អ្នក​ទាំងអស់គ្នា ក៏បាន​សម្រាក​រង់ចាំ​ពេល​ភ្លឺ ដើម្បី​កំណត់​ទិសដៅ សម្រាប់​បន្តដំណើរ​និង​ពុំមាន​អ្វី​ទទួល ទាន​នោះឡើយ​។
​ ​
​សំណួរ​មួយចំនួន ដែល​សម​មិត្ត ហ៊ុន សែន បាន​ចោទសួរ​ខ្លួនឯង​ថា តើ​អាច​ត្រូវស្លាប់ នៅពេល​ឆ្លង​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ការ​ជាន់មីន​ឬ​ដោយ​កងការពារ​ព្រំដែន របស់​វៀតណាម ឬទេ​? តើ​អាច​ត្រូវ​ជាប់គុក ដោយសារ​ការឆ្លង​ដែន​ខុសច្បាប់ ឬទេ​? តើ​វៀតណាម​ជឿ ហើយ​សុខចិត្ត​ជួយ​ក្នុងការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ​? ក្នុងពេលដែល​វៀតណាម កំពុងមាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ប្រជា ធិបតេយ្យ​? សំណួរ​ចុងក្រោយ គឺ​តើ​វៀតណាម អាច​ចាប់បញ្ជូន​មកអោយ ប៉ុល ពត វិញ ឬទេ​? ការចាកចេញ​នេះ ជាការ​ចាកចេញ​ដោយ​ការឈឺចាប់​តែ​មោះមុត​ចោល​ទឹក ដី​កំណើត ចោល​ភរិយា ដែលមាន​ផ្ទៃពោះ ៥​ខែ​។ សម​មិត្ត​ពិតជា​មានការ​លំបាក​ខាង ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ដោយ​គិតដល់​ផលវិបាក អាច​កើតមាន​ចំពោះ​ភរិយា​ដែល​កំពុង ស្ថិតនៅក្នុង​ក្រញាំ​ឃោរឃៅ​របស់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ​។
​ ​
​នោះ​ជា​ពេលដែល​សម​មិត្ត ហ៊ុន សែន ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​ធ្វើការ​តស៊ូ ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពី​ការចូលរួម​ក្នុង​កងកម្លាំង​ប្រដាប់ អាវុធ​នៃ​ចលនា​រំដោះជាតិ រហូតដល់​ពិការភ្នែក​ម្ខាង​នៅ​ឆ្នាំ​១៩៧៥​។ ដោយ​នៅមាន ភ្លៀង​តិចៗ និង​មេឃ​នៅ​ធ្លាក់​អ័ព្ទ​ជាច្រើន លំបាក​រក​ទិស​អោយចំ ដោយ​ពុំមាន​ត្រីវិស័យ ដូចនេះ ត្រូវ​រងចាំ រហូត​ដល់ពេល​ភ្លឺ​ច្បាស់​ថ្ងៃ​រះ ទើប​ចេញដំណើរ នៅ​ម៉ោង​ប្រមាណ ០៨:០០​នាទី​ព្រឹក​។ សម​មិត្ត ហ៊ុន សែន និង​ក្រុម​យុទ្ធ​មិត្ត បាន​សម្លឹង​មើលទៅ​ទិស ដែល​ព្រះអាទិត្យ​រះ នោះ​គឺ​ទិសខាងកើត ជា​ទិស​តែមួយគត់ ដើម្បី​ធ្វើដំណើរ​ទៅដល់ ប្រទេស​វៀតណាម​។​
​ ​
​ចំណុច​ទី​៣. ក្រោយពី​ធ្វើដំណើរ​កាត់​ព្រៃ​ក្នុង​ទឹកដី​វៀតណាម បាន​ប្រមាណ​ជិត​៦​គីឡូ ម៉ែត្រ វេលា​ម៉ោង ១១ ជិត​ថ្ងៃត្រង់ ក្រុម​សម​មិត្ត ហ៊ុន សែន បាន​ទៅ​ជួប​ផ្លូវលំ​មួយ ក្រាល​គ្រួស​ក្រហម ក៏បាន​សម្រេច​លាក់​អាវុធ រួច​រៀបចំ​ដាំបបរ​ដោយ​អង្ករ​ដែល​នៅ សល់​ក្នុង​ទៃ​បន្តិចបន្តួច រួច​បន្តដំណើរ​តាមផ្លូវ​ថ្នល់ ទៅរក​ជួប​កងទ័ព​វៀតណាម និង​ប្រជាជន​វៀតណាម​។ ហេតុអ្វី​បានជា​ក្រុម​សម​មិត្ត​សម្រេច​ធ្វើដំណើរ​ដោយ​លែង យក​អាវុធ​តាម​ខ្លួន​? នេះ​ជាការ​គិតគូរ​ដ៏​ឈ្លាសវៃ ព្រោះ​អោយតែ​ឃើញ​មាន​មនុស្ស​កាន់ អាវុធ​ឆ្លងដែន គឺ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ឬ​កងឈ្លប អាច​នឹង​ផ្ទុះអាវុធ​ភ្លាម ជីវិត​របស់​សម​មិត្ត និង​ក្រុម​យុទ្ធ​មិត្ត មិនអាច​ធានា​បានឡើយ​។​
​ ​
​ចំណុច​ទី​៤. វេលា​ម៉ោង​ពីរ​រសៀល ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ សម​មិត្ត ហ៊ុន សែន និង​ក្រុម​យុទ្ធ​មិត្ត បាន​ដើរ​ទៅដល់​ភូមិ​វៀតណាម​មួយ ដែលមាន​ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រ​ពី​ព្រំដែន​។ ពេល​ប្រទះ នឹង​កម្មករ​ចម្ការកៅស៊ូ​វៀតណាម ដែល​កំពុង​ធ្វើ ដំណើរ សម​មិត្ត ហ៊ុន សែន ដើរ​សំដៅ ហើយ​កម្មករ​នោះ ក៏​អោយ​ក្រុម​សម​មិត្ត​រង់ចាំ នៅ​ទីនោះ​សិន​។ បន្ទាប់មក កម្មករ​បាន​នាំ​កម្លាំង​ស្វ័យការពារ​វៀតណាម មកដល់ ដោយមាន​អាវុធ​មកជា​មួយ​ផង​។ ដំបូង​វៀតណាម​សង្ស័យ​ទៅលើ​ជនកម្ពុជា​ទាំង​ប្រាំ នាក់​នេះ ថា​ជា​ក្រុម​វាយឆ្មក់ ឬ​ក្រុម​ចារកិច្ច​របស់ ប៉ុល ពត ហើយ​បានធ្វើ​ការសាកសួរ​។​
​ ​
​ចំណុច​ទី​៥.​ក្រោយពី​ចាប់ផ្តើម​ជឿជាក់​ខ្លះ លើ​ការអះអាង​របស់​សម​មិត្ត ហ៊ុន សែន ថា​មិនមែនជា​ក្រុម​វាយឆ្មក់​របស់ ប៉ុល ពត ទេ ភាគី​វៀតណាម ក៏បាន​ដាំបាយ​ឆ្នាំង លេខ​១០ និង​ធ្វើ​ម្ហូប ជូន​សម្រាប់​មនុស្ស ៥​នាក់ ដែល​ធ្លាប់តែ​ហូប​បបរ​ជាង​មួយឆ្នាំ ហើយ​។ ក្រោយពី​បានទទួល​ទាន​រួច ជនកម្ពុជា​ទាំង​ប្រាំ​រូប ត្រូវគេ​នាំ​ធ្វើដំណើរ​ចម្ងាយ ៤​គីឡូម៉ែត្រ ទៅដល់​ភូមិ​ឡាំង​ជីន នៅវេលា​ម៉ោង ១៦:៤៥​នាទី​។​
​ ​
​ចំណុច​ទី​៦. ជនកម្ពុជា​ទាំង​ប្រាំ ត្រូវបាន​សាកសួរ​ព័ត៌មាន​ម្តងទៀត នៅ​ទីនោះ ពី សំណាក់​បញ្ជាការ​កងអនុសេនាធំ​ម្នាក់​របស់​វៀតណាម​។ វេលា​ម៉ោង ១៧:១៥​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ អ្នក​ទាំង​ប្រាំ ត្រូវបាន​គេ​ដឹក​ក្នុង​រថយន្ត​ធុន​ធ្ងន់ ម៉ាក GMC ពី​ភូមិ​ឡាំង​ជីន ទៅដល់​ស្រុក​ឡុ​ក​និ​ញ នៅវេលា​ម៉ោង ១៨:០០​នាទី​។​
​ ​
​ចំណុច​ទី​៧. ក្រោយពី​បរិភោគ​អាហារ​ពេល​ល្ងាច​រួច ដែលមាន​បាយ និង​បន្លែ​ត្រកួន ហើយ សម​មិត្ត ហ៊ុន សែន ត្រូវគេ​បំបែក​ចេញពី​អ្នករួមដំណើរ​ទាំង​បួន​នាក់ ដែល​មក ជាមួយគ្នា ហើយ​ត្រូវបាន​គេ​សួរ​ព័ត៌មាន​សាជាថ្មី ដោយ​សំណួរ​ដេញដោល​ជាច្រើន ទៀត​។ នោះ​គឺជា​ពេលវេលា ដែល​តានតឹង ភិតភ័យ​ជាង​ពេលណា​ទាំងអស់ សម្រាប់ អ្នក​ទាំង​បួន ដែល​ធ្វើដំណើរ​មកជា​មួយ​ដោយ​គិតថា គេ​អាច​យក​សម​មិត្ត ហ៊ុន សែន ទៅ​សម្លាប់ ឬ​ទៅណា​មិនដឹង ប្រសិនបើ​មិនឃើញ​ត្រឡប់មកវិញ​។ ពួកគាត់​ទាំង​បួន មាន​អារម្មណ៍​ច្រាស់ច្រាល ទោះ​អស់កម្លាំង ក៏​ដេក​មិន​លក់ បក់​មិន​ល្ហើយ និង​រង់ចាំ រហូត​សម​មិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេល​ជាង​ពាក់កណ្តាល​អា​ធ្រា​ត្រ ឆ្លង​ចូល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩៧៧​។
​ ​
​ដោយសារ​ការសាកសួរ​ដេញដោល​ព័ត៌មាន ធានា​តាម​លំដាប់ថ្នាក់ ដែលមាន​ពី​ថ្នាក់ភូមិ ឃុំ​រហូតដល់​ស្រុក​នេះ បានធ្វើ​ឲ្យ​ភាគី​វៀតណាម ឃើញច្បាស់​នូវ​ឆន្ទៈ​មោះមុត​និង​ជំហរ ដាច់ខាត​របស់​សម​មិត្ត ហ៊ុន សែន ក្នុង​គោលបំណង​ដ៏​មុត​ស្រួច គឺ​ឆ្ពោះទៅរក​ការ​កៀរ គរ​កម្លាំង សម្រាប់​រំដោះជាតិ​មាតុភូមិ ប្រជាជន​ពីរ​បប​ប្រល័យពូជសាសន៍​។
​ ​
​នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩៧៧ សម​មិត្ត ហ៊ុន សែន និង​អ្នករួមដំណើរ​ទាំង​បួន​នាក់ បាន ចេញដំណើរ​ទៅ​ខេត្ត​សុង​ប៊ែ​រ តាម​រថយន្ត​ដឹកអុស​។ វៀតណាម​កាន់តែ​ទទួល ស្គាល់​ថា សម​មិត្ត ហ៊ុន សែន មាន​ឋានៈ​ខ្ពស់​ជា​ថ្នាក់​បញ្ជាការ​វរ​សេនា​ធំ​ហើយ​មិនមែន ជា​ក្រុម ដែល ប៉ុល ពត បញ្ជូនមក​វាយឆ្មក់​វៀ​ត​ណា​ម​ទេ​។​
​ ​
​ពី​ទីតាំង​កោះ​ថ្ម នា​រាត្រី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ បាន​ក្លាយជា​ទិវា​មួយ​ដ៏​សំខាន់ នៃ​របត់​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ជា​ពេលវេលា ដែល​សម​មិត្ត ហ៊ុន សែន បាន​ចាប់ ផ្តើម​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​
​ ​
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​កងកម្លាំង​កម្ពុជា អញ្ជើញ​ទៅកាន់​តំបន់​តស៊ូ​ទាំង ៧​ចំណុច នៅ​ទឹកដី កម្ពុជា និង​បាន​ឆ្លងដែន​ចូល​ទឹកដី​វៀតណាម ដើម្បី​រំលឹក​ប្រវត្តិ​តស៊ូ​របស់​សម្តេច កាលពី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧​។ ក្នុង​ថ្ងៃ​រំលឹក​ពី​ប្រវត្តិ​តស៊ូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​នយោបាយ​មួយចំនួន ទាំង​នៅក្នុង​ទឹកដី​កម្ពុជា និង​ក្នុង​ទឹកដី​វៀតណាម​។​
​ ​
​សរុបមក ថ្ងៃ​២០​មិថុនា ឆ្នាំ​១៩៧៧ រហូតដល់​ថ្ងៃទី​២០​មិថុនា ឆ្នាំ​២០១៩ គឺ​រយៈពេល ៤២ ឆ្នាំមុន សម្តេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត ៤​រូប​ទៀត បាន​យក​ជីវិត​ធ្វើជា​ដើមទុន ទៅ​ប្តូរ​ដើម្បី​សុំ​ជំនួយ​ពី​វៀតណាម ក្នុងការ​ចលនា រំដោះប្រជាជន​កម្ពុជា ចេញពី​របប ប្រល័យពូជសាសន៍​ប៉ុលពត​។ ដូច្នេះ​នៅ ៤២​ឆ្នាំ​ក្រោយនេះ​កម្ពុជា​ពោល​ពេញ​ដោយ សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ហេតុនេះ យើង​ត្រូវ​បន្ត​រួមគ្នា​ការពារ និង​ថែរក្សា​សន្តិភាព ដើម្បី​បន្ត​ការអភិវឌ្ឍន៍ ប្រទេសជាតិ​តទៅទៀត​៕ ដោយ​: ម៉េង​ឆៃ​

#