ថ្ងៃ​២០​ឧសភា ត្រូវ​កំណត់​ជា​ទិវា​ជាតិ​នៃ​ការចងចាំ លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ​និង​ការធ្វើ​បុណ្យ​ឧ​ទ្ធិ​ស​ដល់​ជនរងគ្រោះ និង ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​

201

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ គណៈ​អចិ​ន្ត្រៃ​យ៏​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​ទិវា​ជាតិ​នៃ​ការចងចាំ​ដោយមាន​និមន្ត​ព្រះសង្ឃ​ចំនួន​២០៧​អង្គ​បង្សុកូល​រាប់បាត្រ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ​ន្ធ័​បុព្វបុរស​និង​ប្រជាជន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្រោម​របប​ប្រល័យ​ពូជ​សាស​ន៏​ដែល​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាស​ន៏​ជើងឯក ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​៦០០០​នាក់​។​
​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​លោក​ម៉ប់ សារិន អនុប្រធាន​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​រាជធានី​ភ្នំពេញ​។​
​ក្នុងឱកាស​នោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​រដ្ឋាភិបាល មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​បាន​បានដាក់​កម្រងផ្កា និង​អុជ​ធូប ដោ​យស​ម្រួ​ម​កាយវាចា​ចិត្ត​នៅ​ចំពោះមុខ​ស្តូប​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ​ប្រមាណ​៨.៩៨៥​នាក់ ដែល​ត្រូវបាន​គេ​គាស់​ចេញពី​រណ្តៅ​សព រួម​ចំនួន​៨៦​រណ្តៅ ដែល​ត្រូវ​ពួក​ឃាតករ​អាវខ្មៅ យកមក​សម្លាប់​នៅ​ជើងឯក​នេះ ដោយ​យក​ចេញពី​គុក​ទួលស្លែង​កណ្តាល​ក្រុងភ្នំពេញ ហើយក៏​សូម​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំង​ជិត​១​ម៉ឺន​នាក់​សូម​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
​យោងតាម​អនុក្រឹត្យ​ស្តីពី​ទិវា​ជាតិ​នៃ​ការចងចាំ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ បានសម្រេច​ថា ត្រូវបាន​កំណត់​យក​ថ្ងៃទី​២០​ខែឧសភា ជា​រៀងរាល់ឆ្នាំ ជា ទិវា​ជាតិ​នៃ​ការចងចាំ ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ដើម្បី ៖ លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ​និង​ការធ្វើ​បុណ្យ​ឧ​ទ្ធិ​ស​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើកតម្កើង​ការ​រំលឹក​ដល់​ជនរងគ្រោះ ការស្តារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ របស់​ជនរងគ្រោះ ទោះជា​នៅរស់ ឬ​បាន​បាត់បង់​ជីវិត​ក៏ដោយ ប៉ះប៉ូវ​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ ចូលរួម​ក្នុង​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម ក្នុងសង្គម​កម្ពុជា និង​លើកកម្ពស់​ការផ្សព្វផ្សាយ និង​ការយល់ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​កុំ​ឲ្យ​កើតមានឡើង​សាជាថ្មី​។​
​ថ្វី​ត្បិត​ស្រមោល​អន្ធ​កាល​ដ៏​ខ្មៅ​ង​ងិ​ត​បាន​កន្លងផុតទៅ​ជាង​៣​ទស្សវត្ស​ក៏ដោយចុះ​តែ​ស្លាកស្នាម​នៃ​សោកនាដកម្ម​ប្រល័យ​ពូជ​សាស​ន៏ នៅតែ​ដក់​ជាប់​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់ៗ​រូប​និង​ហាក់ដូចជា​នៅ​ថ្មីៗ​ស្រស់ៗ​នៅឡើយ​។​មហា​សោកនាដកម្ម និង​វិនាសកម្ម​ប្រល័យ​ពូជ​សាស​ន៏​នៃ​របប​ដ៏​ព្រៃផ្សៃ​៣​ឆ្នាំ ៨​ខែ​និង​២០​ថ្ងៃ​បានធ្វើ​ឲ្យ​ជីវិត​ជនស្លូតត្រង់​នៃ​ប្រជាជន​កម្ពុ​ជាជាង​៣​លាន​នាក់​ត្រូវបាន​គេ​កាប់សម្លាប់ និង​រាប់លាន​នាក់​ទៀត ត្រូវ​ព្រាត់ប្រាស់​បែកបាក់​គ្រួសារ ហើយក៏​ពុំមាន​គ្រួសារ​ខ្មែរ​ណា​ម្នាក់​ដែល​ដែល​មិន​បាត់បង់​សមាជិកគ្រួសារ​នោះទេ​។​ស្ត្រី​មេម៉ាយ ក្មេង​កំព្រា និង​ជនពិការ​ជាដើម​មាននៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ក្រោម​ស្នាដៃ​តែ​១​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យ​ពូជ​សាស​ន៏​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។​ថ្ងៃ​២០​ឧសភា ក៏​ជា​សារ​រំលឹក​ទៅដល់​កូន​ខ្មែរ​គ្រប់រូប ក៏​ដូច​មនុស្សជាតិ​លើ​សាកលលោក​កុំ​ភ្លេច​នូវ​របប​ប្រល័យ​ពូជ​សាស​ន៏​ដ៏​សាហាវ​ឃោ​ឃៅ​និង​គួ​អោយ​ស្អប់ខ្ពើម​នេះ​។​
​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជា​ប្រមុខ ក៏ដូចជា​រាជរដ្ឋាភិបាល​គឺជា​ស្ថាបនិក​តែ​១​គត់​ក្នុងការ​ទប់ស្កាត់​មិនឱ្យ​របប​ប្រល័យ​ពូជ​សាស​ន៏​នេះ​កើតមាន​ជា​លើក​ទី​២​នៅលើ​ទឹកដី​អង្គរ​នៃ​យើង និង​រួមគ្នា​ថែរក្សា​សុខសន្តិភាព​ដែល​រាជរដ្ឋាភិបាល​ខំប្រឹង​រកបាន​ដោយ​លំបាក​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់​វង់ ក៏​ដូច​រួមគ្នា​ទប់ស្កាត់​ឲ្យ​បាន​នូវ​រាល់​ឧបាយកល​របស់​ពួក​អគតិ​ដែលមាន​បំណង​នាំ​ប្រទេស​កម្ពុជា​អោយទៅ​ធ្លាក់​ក្នុង​រណ្តៅ​មរណៈ​ជាថ្មី និង​បង្ក​អសន្តិសុខ ប៉ះពាល់​ស្ថេរភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​ក៏ដូចជា​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​
​ដើម្បី​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៏​ឲ្យ​បាន​គង់​វង់​បន្តទៀត ប្រជាពលរដ្ឋ​យើង​ត្រូវ​ចេះ​ប្រើ​សិទ្ធិ​របស់ខ្លួន​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដោយ​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​អណ​ត្តិ​ទី​៦​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​បងប្អូន​ពេញចិត្ត ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​មិន​ទៅណា​ចោល​ប្រជាពលរដ្ឋ និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​៕