ថ្ងៃ​២០ ឧសភា ២០១៨ ជា​សំណង​ជា​លើកដំបូង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ជូន​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​

2695
ចែករម្លែក
ការ​ប្រារព្ធ​ទិវា​នៃ​ការចងចាំ នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​បឹង​ជើងឯក ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនា​វ​ត្តី​ស្វែងរក​ការពិត​
​ចាប់តាំងពី​ឆ្នាំ​១៩៨៤ រហូតដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថៃ្ង​ទី​២៣​ខែតុលា ឆ្នាំ​១៩៩១ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​រួមមាន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម និង​អ្នក​ដែល​បានកើត​ក្រោយ​ឆ្នាំ​១៩៧៩ តែងតែបាន​ឈប់សម្រាក​ពី​ការងារ​មួយថ្ងៃ នៅ​ថ្ងៃទី​២០ ឧសភា ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​ចងកំហឹង និង​រំឭក​ទៅដល់​ការឈឺចាប់​ខ្លោចផ្សា​ពី​ការបាត់បង់​សាច់ញាតិ​របស់ខ្លួន នៅក្នុង​របប​វាលពិឃាត​ពី​ឆ្នាំ​១៩៧៥-១៩៧៩​។ ទោះបីជា​យ៉ាងណាក៏ដោយ​ចាប់ពី​ឆ្នាំ​១៩៩២ ទិវា​ចងកំហឹង​ត្រូវបាន​បាត់​រូប​ភាពជា​សាធារណៈ ឬក៏​ប្រារព្ធ​ឡើង​ក្នុង​កម្រិត​តូច និង​ស្ងៀមស្ងាត់​ក្នុង​រង្វង់​តែ​គណៈបក្ស​ប្រជាជន​តែប៉ុណ្ណោះ នេះ​ប្រហែលជា​ដោយសារ​ការផ្លាស់ប្ដូរ​ន​យោ​បាយ​ចំពោះ​ក្រុមខ្មែរក្រហម​ដែល​ពេលនោះ ក្រុមខ្មែរក្រហម បានក្លាយ​ជា​ភាគ​គី​នយោបាយ​ស្របច្បាប់​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ​។ បន្ទាប់ពី​ដួលរលំ​ទាំងស្រុង​នៃ​ចលនា និង​កងកម្លាំង​ខ្មែរក្រហម​លើកចុងក្រោយ​បំផុត​នៅ​ចុងឆ្នាំ​១៩៩៨ ទិវា​ចងកំហឹង ២០ ឧសភា ត្រូវបាន​ប្រជាជន​ទូទៅ​បាន​ស្គាល់​ថា​ជា “​ទិវា​នៃ​ការចងចាំ ២០ ឧសភា​” វិញ​។

​កាលពី​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅ រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​បានចេញ​អនុ​ក្រឹ​ត​លេខ​១៩ អនក្រ​.​បក​ចុះ ស្ដីពី​ទិវា​ជាតិ​នៃ​ការចងចាំ​។ នៅក្នុង​អនុ​ក្រឹ​ត​នោះ មាន​៣​មាត្រា​៖
​មាត្រា​១ បានចែង​អំពី​ការកំណត់​យក​ថ្ងៃ​២០ ឧសភា ជា​រៀងរាល់ឆ្នាំ​ជា ”​ទិវា​ជាតិ​នៃ​ការចងចាំ​” ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ជាការ​រំឭក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បានកើត​មាននៅ​ក្នុង​រប​ប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​១៩៧៩​។
​មាត្រា​២ ទិវា​ជាតិ​នៃ​ការចងចាំ​នេះ​ត្រូវ​បានកំណត់​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​។ ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវបាន​ផ្ដល់ឱកាស​ឲ្យ​រៀបចំ​ពិធី​តាម​ជំនឿ​សាសនា ឬ​ទំនៀមទម្លាប់​របស់ខ្លួន​។ បន្ទាប់ពី​រដ្ឋាភិបាល​បានចេញ​នូវ​អនុក្រឹត្យ ២០១៨​នេះ ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​សេចក្ដីប្រកាស ស្តីពី​ការឈប់​សម្រាក​ទិវា​ជាតិ​នៃ​ការចងចាំ​។ ដោយ​សម្រេច ប្រការ​១ ត្រូវបាន​អនុញ្ញាតិ​ឲ្យ​កម្មករ​និ​យោ​ជិ​ក​នៃ​សហគ្រាស គ្រឹៈ​ស្ថាន​ទាំងអស់​ដែលមាន​ចែង​ក្នុង​មាត្រា​១​នៃ​ច្បាប់​ស្ដីពី​ការងារ​ដោយមាន​ប្រាក់​ឈ្នួល​នៅ​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ​។​

ក្នុងឱកាស​ទិវា​នៃ​ការចងចាំ​២០ ឧសភា ឆ្នាំ​២០១៨ នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​បឹង​ជើងឯក​ដែលមាន​ប្រជាជន​ចូលរួម​ប្រមាណ​ជា​៧.០០០​នាក់ ក្នុងនោះ​ក្នុងនោះ​រួមមាន​ព្រះសង្ឃ​២០១​អង្គ​ផងដែរ​។ បន្ទាប់ពី​ការ​ថ្លែង​វិយោគកថា ក៏មាន​ការសម្ដែង​ល្ខោន​អំពី​ខ្មែរក្រហម​ធ្វើ​ទារុណកម្ម សម្លាប់​ប្រជាជន និង​កងទ័ព​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចូលមក​រំដោះប្រជាជន​ចេញពី​របប​យង់ឃ្នង​នេះ​។
​អ្នកចូលរួម​ក្នុង​កម្មវិធី​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា នៅ​បឹង​ជើងឯក​ភាគច្រើន​មានការ​ពេញចិត្ត​នឹង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​ម្ពុ​ជា​ដែល​បានចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ទូទាំងប្រទេស​បាន​ឈប់សម្រាក​ជា​សាធារណៈ​មួយថ្ងៃ​ដោយមាន​ប្រាក់​ឈ្នួល​។

​និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឈ្មោះ ម៉ី សោភ័ណ ដែល​បាន​ចូល​ល​រួម​ក្នុង​កម្មវិធី​នេះ​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានកំណត់​យក​ថ្ងៃ​២០ ឧសភា ជា​រៀងរាល់ឆ្នាំ​ជា​ថ្ងៃ​ឈប់សម្រាក និង ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ដែលមាន​ភាព​ក្ដុកក្ដួល និង បង្ហាញ​ពី​ការសោកស្ដាយ​ចំពោះ​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​។ ការឈប់​សម្រាក​នេះ​ក៏​ជា​សំណង​មួយ​ក្នុងកា​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង ការ​រំឭក​សោដនា​កម្ម​ដែល​បានកើត​ឡើង​ពី​អតីតកាល​។ ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ សោភ័ណ បាន​បន្តថា​មិន​ចង់​ឲ្យ​របប​ខ្មែរក្រហម​នេះ​កើតឡើង​ម្ដងទៀត​ទេ​។

​ឈ្មោះ ពៅ ស៊ីថា អាយុ​៦៤​ឆ្នាំ មាន​តួនាទី​ជា​ក្រុមប្រឹក្សា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បាន​ចូលរួម​ក្នុង​ទិវា​ជាតិ​នៃ​ការចងចាំ​នៅ​ជើងឯក ដើម្បី​រំឭក​ពី​របប​ពីរ​បប ប៉ុល ពត ដែល​សម្លាប់​ប្រជាជន​ស្លូតត្រង់ និង ធ្វើ​ការគោរព​វិញ្ញាណក្ខន្ធ ឧ​ទ្ទិ​កុសល ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​។ ស៊ីថា បាន​បាត់បង់​សាច់ញាតិ​បងប្អូន ឪពុកម្ដាយ​ទាំងអស់​៨​នាក់​ស្លាប់​នៅក្នុង​ខេត្តពោធិ៍សាត់ ដែល​ត្រូវ​របប ប៉ុល ពត បានសម្លាប់​។ ស៊ីថា បាន​យល់ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុ​ក្រឹ​ត​ដែល​បាន​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ឈប់សម្រាក​ទូទាំងប្រទេស​កម្ពុជា នៅ​ថ្ងៃ​២០​ឧសភា ជាការ​ល្អ​ព្រោះ​វា​ជា​សំណង​មួយ​ដល់​ជនរងគ្រោះ នៃ​របប​ខ្មែរក្រហម ហើយ​ប្រជាជន​ក៏មាន​ពេល​មួយថ្ងៃ​ដើម្បី​ប្រារព្ធ​ពិធី​ទិវា​នៃ​ការចងចាំ​ទូទាំងប្រទេស​។​

​លោក សុខ សារឿន មាន​អាយុ ៧៥ ឆ្នាំ​ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​ឌិន ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។ បច្ចុប្បន្ន​គាត់​រស់នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយ​រៀបរាប់​ពី​ការបាត់បង់​កូន​ពីរ​នាក់ និង​ការបាត់បង់​សមាជិកគ្រួសារ បងប្អូន​ជីដូនមួយ ដែល​បាន​ស្លាប់​នៅក្នុង​សម័យ​ខ្មែរក្រហម​។ សារឿន បាន​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា​នៃ​ការចងចាំ ២០ ឧសភា ឆ្នាំ​២០១៨ នៅ​បឹង​ជើងឯក​នេះ គឺ​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​។ សារឿន បាន​បន្ថែមថា គាត់​បាន​ចូលរួម​ទិវា ២០ ឧសភា​ជា​រៀងរាល់ឆ្នាំ​។ នៅ​ថ្ងៃ ២០ ឧសភា ២០១៨​នេះ សារឿន នៅតែមាន​អារម្មណ៍​ឈឺ​ចាប់ពី​បាត់បង់​ក្រុមគ្រួសារ​ឪពុកម្ដាយ ហើយក៏​មិនដឹងថា​អ្នក​ទាំងនោះ​ស្លាប់​នៅទីណា​ដែរ​។ សារឿន មិនបាន​ដឹង​អំពី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ឲ្យ​ប្រជាជន​ឈប់​ទូទាំងប្រទេស​នៅ​ថ្ងៃ​២០​ឧសភា​ឡើយ ប៉ុន្តែ សារឿន រីករាយ​នៅពេលដែល​រាជរដ្ឋាភិបាល​អនុញ្ញាតិ​ឲ្យ​ឈប់សម្រាក​មួយថ្ងៃ​៕