ថ្ងៃ​២៩​ធ្នូ ទិវា​ចងចាំ​នយោបាយ​ឈ្នះ​ឈ្នះ​៖ នាយករដ្ឋមន្ត្រី ចេញ​សារ ក្រសួងការពារជាតិ ធ្វើ​សន្និសីទកាសែត​

126

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៩ ខែធ្នូ​នេះ ជា​ខួប​១៩ ឆ្នាំ នៃ​ទិវា​ចងចាំ​នយោបាយ​ឈ្នះ​ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០១៧)​ដែល​ប្រមុខ​រាជ​រដ្ឋា​ភិ​​បាល​សម្តេច​អគ្គ​មហា​ខេ​នា​ប​តី​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​ក្រោយពី​មេដឹកនាំ​ខ្មែរ​​ក្រហម បានមក​ចុះចូល​ដល់ផ្ទះ​របស់​សម្តេច​តេ​ជោ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​ ​
​នៅ​ថ្ងៃ​រម្លឹក​ទិវា​ចងចាំ​នយោបាយ​ឈ្នះ​ឈ្នះ ថ្ងៃ​២៩ ធ្នូ ខួប ១៩ ឆ្នាំនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារ​នយោបាយ នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ស្របពេល​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ក្រសួងការពារជាតិ តាមរយៈ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ បានធ្វើ​សន្និសីទកាសែត រម្លឹក​ពីថ្ងៃ​ប្រវត្តិសាស្ត្រ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​
​ ​
​ក្នុង​អត្ថបទ ដែលមាន​ចំណងជើង​ថា “​កម្ពុជា ចងចាំ​នយោបាយ ឈ្នះ​-​ឈ្នះ ២៩​ធ្នូ​” សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា “​ថ្ងៃទី​២៩ ខែធ្នូ​នេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ “​ឈ្នះ​ទាំងអស់គ្នា​”​។ នៅពេលនោះ ទោះបី​យើង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅ​បន្ត​គ្រប់គ្រង​តំបន់​មួយចំនួន ដែល​ពួកគេ​កាន់កាប់ ជាមួយនឹង​គ្រឿង​អាវុធ​យុ​ទ្ឋ​ភ័​ណ្ឌ​យ៉ាងច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​។ នៅពេលនោះ ពួកគេ​ក៏​នៅ​បន្ត​បង្ក​សកម្មភាព​គ្រោះថ្នាក់​ជាច្រើន​ដល់​ប្រទេសជាតិ និង​បង្ក​ការភ័យខ្លាច​ដល់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​”​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា “​ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង និង​ដើម្បី​បង្រួបបង្រួម ផ្សះផ្សា​ជាតិ​ទាំងមូល ទើប​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ធានា​ដល់​អាយុជីវិត និង​កម្មសិទ្ធិ​នានា​របស់​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅពេល​ពួកគេ​ទម្លាក់អាវុធ​វិល​មក​រួមរស់​នៅក្នុង​សង្គម​ជាតិ ក្រោម​ដំបូល​នៃ​រាជរដ្ឋាភិបាល​តែមួយ និង​នាយករដ្ឋមន្ត្រី​តែមួយ ទើបបាន​ធ្វើអោយ​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ រហូតមកទល់​សព្វថ្ងៃ​នេះ​”​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា “​នយោបាយ ឈ្នះ​-​ឈ្នះ គឺ​ខ្មែរ​ទាំងអស់គ្នា​ឈ្នះ កម្ពុជា​ទាំងមូល មាន​សុខសន្តិភាព ហើយ​ប្រជាពលរដ្ឋ ក៏​កាន់តែ​មានឱកាស​ច្រើនឡើង ក្នុង​ការកសាង​សង្គម​គ្រួសារ និង​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​”​។
​ ​
​ដោយឡែក នៅ​ក្រសួងការពារជាតិ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ លោកនាយក​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស របស់​ក្រសួងការពារជាតិ បានធ្វើ​សន្និសីទកាសែត​មួយ ដោយបាន​លើកឡើង​ពី​សារសំខាន់​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។ នោះ​គឺ​នយោបាយ​ឈ្នះ​ឈ្នះ បាន​ជួយ​អោយ​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ រស់នៅក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេស​។
​ ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ បាន​បញ្ជាក់ថា “​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ថ្ងៃ​២៩​ធ្នូ​នេះ មិន​សម្រាប់​នរណា​មួយ​ទេ គឺ​សម្រាប់​ជាតិ​ទាំងមូល និង​សម្រាប់​ប្រវត្តិសាស្ត្រ​។ ជា​សមិទ្ធផល និង​ជា​លទ្ធផល នៃ​នយោបាយ​ឈ្នះ​ឈ្នះ មុនគេ​បំផុត គឺ​យើង​បាន​ឯកភាព​ទាំងស្រុង​នៃ​ជាតិ ដូចដែល​យើង​បានឃើញ ហើយ​បន្ត​ពី​ឆ្នាំ​១៩៩៨​មក យើង​ឃើញថា ប្រទេស​យើង មានការ​អភិវឌ្ឍ​រហូត​មកដល់ ១៩ ឆ្នាំនេះ គឺ​មិនអាច​គូសវាស​អស់ ហើយ​មិនអាច​បរិយាយ​អស់​នូវ​អ្វី​ដែលជា​ការវិវត្ត​លើ​វិស័យ​ទាំងអស់ ដែលមាន​ទាំង​ការវិវត្ត និង​ការរីកចម្រើន នៅ​មាតុភូមិ​របស់​យើង ទាំង​ក្នុង​ទឹកដី​របស់​យើង​ផ្ទាល់ ក៏ដូចជា នៅក្នុង​តំបន់ និង​នៅក្នុង​ឆាក​អន្តរជាតិ​”​។​
​ ​
​លោក ណឹ​ម សុវត្ថិ បាន​បន្ថែមថា នយោបាយ​ឈ្នះ​ឈ្នះ គឺជា​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ធ្វើអោយ​ដួលរលំ​អង្គការ​ចាត់តាំង​របស់​ខ្មែរក្រហម ដែល​តស៊ូ​តាម​ព្រៃ​ជាយដែន​ខ្មែរ​-​ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ប៉ៃលិន ជាដើម​។
​ ​
​តាម​លោក​ឧ​ត្ត​ម​សេនីយ៍ នយោបាយ ឈ្នះ​-​ឈ្នះ បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បី​ចំណុច​សំខាន់ៗ ក្នុងការ​ធានា​ដល់​សុវត្ថិភាព សម្រាប់​កងទ័ព​ខ្មែរក្រហម ទី​១. ធានា​អាយុជីវិត និង​សុវត្ថិភាព​រូប​កាយ ទី​២. ធានា​អាជីព និង​មុខរបរ និង​ទី​៣. ធានា​សន្តិសុខ​លើ​ទ្រព្យសម្បត្តិ ទាំង​អចលនទ្រព្យ និង​ចលនទ្រព្យ ។​
​ ​
​សូម​រម្លឹកថា ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ កម្មករ​កាត់ដេរ នៅ​តំបន់​រោងចក្រ តាមផ្លូវ​ជាតិ​លេខ​៣ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​យក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ទាំងស្រុង តាម​នយោបាយ​ឈ្នះ​ឈ្នះ “​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​”​។​
​ ​
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ពន្យល់ថា រាជរដ្ឋាភិបាល បានទទួល​សមាហរណកម្ម​កងទ័ព​ខ្មែរក្រហម នៅ​តំបន់​អន្លង់វែង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​ព្រំដែន​ថៃ ដែលជា​ទីតាំង​ចុងក្រោយ​របស់​ខ្មែរក្រហម ចាប់តាំងពី​ខែមីនា និង​ខែមេសា ឆ្នាំ​១៩៩៨​។ ប៉ុន្តែ​រហូតដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើប​ក្បាលម៉ាស៊ីន អង្គការ​ចាត់តាំង​ខ្មែរក្រហម ដែល​រួមមាន​៖ ខៀវ​សំផន នួន​ជា និង​គណៈរដ្ឋមន្ត្រី​រប​ស់​ខ្មែរក្រហម បានមក​ចុះចូល​ដល់ផ្ទះ​របស់​សម្តេច​តេ​ជោ នៅ​តាខ្មៅ ក្នុង​ខេត្តកណ្តាល​។ ដូច្នេះ​សម្តេច​តេ​ជោ ក៏បាន​កំណត់​យក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល​ទាំងស្រុង នៅ​កម្ពុជា តាម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​។​
​ ​
​ដើម្បី​រម្លឹក​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ​នៃ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា តាម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងការពារជាតិ កំពុង​សាងសង់​ស្តូប​វិមាន​អនុស្សា​វរិ​យ៍ “​នយោបាយ​ឈ្នះ​ឈ្នះ​” ដែល​យក​គំរូ​តាម​រចនាបទ​ប្រាង្គ​ប្រាសាទ​នានា ដើម្បី​ទុកជា​មរតក សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ វិមាន​នយោបាយ​ឈ្នះ​ឈ្នះ មាន​កម្ពស់ ៥៤ ម៉ែត្រ ទទឹង ៣៦​ម៉ែត្រ សាងសង់​លើ​ផ្ទៃដី​សរុប​ចំនួន ៨ ហិកតា ស្ថិតនៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្នុង​តំបន់​អភិវឌ្ឍន៍​វិភាគទាន​របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ នៅ​ព្រែក​ព្នៅ​។ មកដល់​ខែធ្នូ ឆ្នាំ​២០១៧ ការដ្ឋាន​សំណង់​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ សម្រេចបាន​ជាង ៧០ ភាគរយ​ហើយ​៕​ដោយ​៖ ម៉េង​ឆៃ​/sn