ថ្ងៃ​៣​កើត​ខែមាឃ​ធំ​អ្នកស្រុក​តំបន់​អង្គរ​ប្រារឰ​ទំនៀម​ឡើងអ្នកតា​

267

​ភ្នំពេញ​៖ ជា​រៀងរាល់ឆ្នាំ​នៅ ថ្ងៃ​៣​កើត ខែមាឃ​ធំ​អ្នកស្រុក​ក្នុង​តំបន់​អង្គរ​តែងតែ​ប្រជុំគ្នា​តាម ស្រុកភូមិ​របស់ ខ្លួន​រៀបចំ​ទំនៀម​ឡើងអ្នកតា ឬ​ហៅថា ឡើង​មាឃ ។ ទោះបី​សម័យកាល​មាន ការរីកចម្រើន​ទៅហើយ​ក្តី​តែ​អ្នកស្រុក អង្គរ​នៅតែ​ថែរក្សា​ទំនៀម​បែប​បុរាណ នេះ​បាន​យ៉ាង​ល្អ ហើយ​គេ​តែង​បាន ឃើញ​ការរៀបចំ​ពិធី​ឡើងអ្នកតា​នេះ ពេញ​ដោយ​ភាព​អ៊ូអរ​និង​សប្បាយ​រីក រាយ​បំផុត ។​

​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៅ ក្នុង​ឧទ្យាន​អង្គរ ឬ​ខេត្តសៀមរាប​មានការ​រៀបចំ​ពិធី​នេះ​មិន​ខុសគ្នា ប៉ុន្មាន​នោះ ទេ ។ អ្នកស្រុក​អ្នកភូមិ​តែង​មក​ជុំគ្នា រៀបចំ​ពិធី​នេះ​នៅតាម​សាលាឆទាន វត្ត​អារាម ឬ​នៅ​ទី​សក្ការបូជា​ផ្សេងៗ ដែលមាន​អ្នកតា​តាំងនៅ ។ អ្នកខ្លះ​យក បាយ​សម្ល​បង្អែមចម្អាប​គ្រឿង​សំណែន ផ្សេងៗ ពិសេស​គឺ​នំ​បញ្ចុក​តែម្តង​ពី​ផ្ទះ រៀងៗ ខ្លួន​ដើម្បី​យក​សែនអ្នកតា​សុំ​សេចក្តីសុខ​ចម្រើន​ក្នុង គ្រួសារ​ផង ក្នុងភូមិ​ស្រុក​ខ្លួន​ផង ។​
​ ​
​គ្រឿង​រណ្តាប់​សំខាន់ៗ​បន្ថែម ពីលើ​ចំណីអាហារ​យើង​សង្កេតឃើញ មានៈ ស្លាធម៌ បាយសី​ទៀនធូប​ភ្ញីផ្កា គ្រឿងក្រអូប​អំបោះ​ចងដៃ​ផ្លែឈើ ភេសជ្ជៈ ពិសេស​ស្រាស​មាន់​លុង​ស្ងោរ​ក្បាលជ្រូក​ទៅតាម​លទ្ធភាព របស់​អ្នក ភូមិ ។ លើសពីនោះ​តួអង្គ​សំខាន់​នៅក្នុង ពិធី​គឺ​អ្នក​ស្នង​រូប​អ្នកតា​និង​អ្នកភ្លេង​ដើម្បី ញ៉ាំង​បរិយាកាស​កម្មវិធី​ឱ្យ​កាន់តែ សប្បាយរីករាយ​ផង​ដើម្បីឱ្យ​មនុស្ស​មាន​ទំនាក់ទំនង​ជាមួយ អមនុស្ស​ផង​ដោយ សួរនាំ​ពី​តម្រូវការ​របស់​អ្នកតា​ថែរក្សា ភូមិ​ស្រុក​រួមទាំង​សុំ​ពរ​សុំ​ជ័យ​ពី​គាត់ ។​
​ ​
​ភាគច្រើន​នៃ​ការប្រារឰពិធី ឡើង អ្នកតា គឺ​គេ​តែង​ធ្វើឡើង​ចាប់ពី​ម៉ោង ២​រសៀល​រហូតដល់​ម៉ោង​៧​យប់ តាម​តំបន់ ព្រោះ​កន្លែង​ខ្លះ​មានការ​បញ្ជាន់ រូប​ហើយ​កន្លែង​ខ្លះទៀត​ត្រឹម​សែន ព្រេន​ធម្មតា (​ករណី​គ្មាន អ្នក​បញ្ជាន់រូប ចូលរួម​)​។ នៅពេល​ដល់​ម៉ោង​កំណត់ ហើយ​អ្នកស្រុក​អ្នកភូមិ​បាន​យក​ចំណីអាហារ គ្រឿង​សំណែន​ពី​ផ្ទះ​រៀងៗ ខ្លួន មក​ជុំគ្នា​នៅ​ខ្ទម​អ្នកតា​វត្ត​អារាម​សាលាឆទាន​និង​កន្លែង​សក្ការបូជា ដែល​អ្នក ភូមិ​គោរព​ដោយ​តម្រៀប​ម្ហូបអាហារ យ៉ាងច្រើន​នៅ​ពីមុខ​ខ្ទម​ហើយ​ចាប់ផ្តើម​សែនព្រេន តែបើ​កន្លែង​ខ្លះ​ដែល បញ្ជាន់រូប គឺ​គេ​មានការ​ប្រគំ​ភ្លេង​ជា ច្រើន​បទ​ដែល​សុទ្ធតែជា​បទ​ចំណូល ចិត្ត​របស់​អ្នកតា​ឬ​អមនុស្ស​ផ្សេងៗ​ឱ្យ រាំលេង​សប្បាយរីករាយ ហើយ​មាន​អ្នកស្រុក​អ្នកភូមិ​សួរ​ឆ្លងឆ្លើយ នឹង​រូបនោះ​។ ឯ​រូបនោះ​ក៏​និយាយ​រាំរែក​ហូបចុក​តាម ចំណង់​ចិត្ត​ឯ​អ្នកស្រុក​ខ្លះ​ក៏​សុំ​ពរ​សុំ​ជ័យ​សុំ​ចង​អំបោះ ដៃ​សុំ​ទឹកមន្ត​មក​ប្រោះព្រំ​ជា ដើម ។ ពេល​សែនព្រេន​រួចរាល់​ឬ រាំរែក អស់ចិត្ត​អស់ចង់​ហើយ​គេ​ក៏​យក សំណែន​នោះ​ទៅ​ចាក់គរ​គ្នា​នៅមុខ​ខ្ទម អ្នកតា​ទុកជា​កិច្ច​បង្ហើយ​នៃ​កម្មវិធី​។ ពេល​ចប់​ហើយ​អ្នកស្រុក តំបន់​ខ្លះ ក៏​ត្រឡប់ទៅផ្ទះ​ជាធម្មតា​តែ​អ្នកស្រុក​នៅ តំបន់​ខ្លះ​គេ​នៅ​បន្ត​សប្បាយរីករាយ​ដោយ​ការ​ជះ ទឹក​ប៉ាត​ម្សៅ​គ្នា​រាំរែក​ស្គរ ដៃ​យ៉ាង​គគ្រឹកគគ្រេង ។​
​ ​
​លោកយាយ​ព្រឿង​ចាស់ព្រឹទ្ធាចារ្យ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ឡើងអ្នកតា​នៅ​ភូមិ​សំរោង​សង្កាត់​នគរធំ​បានឱ្យដឹងថា លោកយាយ​តែង​ចូលរួម​ក្នុង​ពិធី ឡើងអ្នកតា​ជា​រៀងរាល់ឆ្នាំ​មិនដែល ខកខាន​ទេ ។ លោកយាយ បន្ថែមថា ពិធី​នេះ ធ្វើឡើង ដើម្បី​គោរព​ដល់​អ្នកតា ម្ចាស់​ស្រុក​បំណង​ឱ្យ​លោក​ថែរក្សា ភូមិករ និង​ឱ្យ​អ្នកភូមិ​បាន​សុខ​សប្បាយ ចៀសផុត​រោគរាតត្បាត​ធ្វើស្រែ​ធ្វើ​ស្រូវ​ឱ្យបាន​ភោគផល​ច្រើន​រកស៊ី ទទួលទាន មានបាន​នៅក្នុង​ឆ្នាំ​ថ្មី ។​
​ ​
​តាម​ការ​ឱ្យដឹងពី​លោកយាយព្រឿង​អ្នកតា​ម្ចាស់​ស្រុក​នៅ​ភូមិ​សំរោង ឈ្មោះ​តា​រឹទ្ធិ​មានជ័យ​ដែលជា អ្នកតា​ថ្មី ក្រោយ​អ្នកតា​ចាស់ ឈ្មោះ​តា​គង់ បាន បាត់​នៅ​សម័យ​សង្គ្រាម ។ យ៉ាងណា លោកយាយ​ថា លោកតា​រឹទ្ធិ​មានជ័យ តែង​ជួយ​ថែរក្សា​អ្នកភូមិ​ឱ្យមាន​សេចក្តី សុខ​ជា​រហូតមក ។​
​ ​
​រីឯ​លោកយាយ​នុ​ក​គិ​ក​ក៏បង្ហាញ​អារម្មណ៍​រីករាយ​ក្នុង​ការចូល រួម​ពិធី​ឡើងអ្នកតា​នេះដែរ ។ លោក យាយ​ថា នៅ​ឆ្នាំ​ថ្មី​នេះ​លោកយាយ​បន់ អ្នកតា​សុំឱ្យ​ស្រុកទេស​សុខ​សប្បាយ​មាន​អាយុ​វែង និង​ឱ្យមាន ភ្លៀង​ផ្គរ​ច្រើន ដើម្បី​ស្រោចស្រព​ផលដំណាំ​បាន​ផល​ល្អ ៕ ដោយ​: អាជ្ញាធរ​ជាតិ​អប្សរា​

ថ្ងៃ​៣​កើត​ខែមាឃ​ធំ​អ្នកស្រុក​តំបន់​អង្គរ​ប្រារឰ​ទំនៀម​ឡើងអ្នកតា​(​រូប​អាជ្ញាធរ​ជាតិ​អប្សរា​)

ថ្ងៃ​៣​កើត​ខែមាឃ​ធំ​អ្នកស្រុក​តំបន់​អង្គរ​ប្រារឰ​ទំនៀម​ឡើងអ្នកតា​(​រូប​អាជ្ញាធរ​ជាតិ​អប្សរា​)