ថ្នាក់ដឹកនាំខេត្តសៀមរាបត​គាំទ្រ​ចំពោះ​សាលារៀន​ឯកជន​ក្នុងការ​ចូលរួម​បណ្តុះបណ្តាល​កុមារ​តូចឲ្យមាន​គ្រឹះ​រឹងមាំ​

726
ចែករម្លែក
  • 2
    Shares

​ដោយ : ​គូលែន​/​សៀមរាប ៖ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ការបណ្តុះបណ្តាល​កុមារ​ឱ្យមាន​គ្រឹះ​រឹងមាំ​ពី​តូច គឺជា​កត្តា​ដ៍​សំខាន់បំផុត ព្រោះ​កុមារ​គឺជា​ក្រដាស​ស ដូច្នេះ​បើ​យើង​បានផ្តល់​ចំណេះដឹង​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​ដល់​ពួកគាត់​ពី​តូច​ហើយ​នោះ ការបន្ត​សិក្សា​របស់​ពួកគាត់​នៅ​បឋមសិក្សា​ឬ​នៅ​ឧ​ត្ត​មសិ​ក្សា នឹង​ទទួលបាន​ជោគជ័យ​។​

លោក ពិន ប្រាកដ មានប្រសាសន៍​បែបនេះ ក្នុងឱកាស​ចែក​វិញ្ញាបនបត្រ និង​លិខិត​សរសើរ ជូន​ដល់​សិស្សា នុសិស្ស​របស់​សាលារៀន​អន្តរជាតិ​អង្គរ​ប្រ៊ិ​ដ ខេត្តសៀមរាប សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ នាពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨​នេះ ។​

លោក ហួត សូ​នី នាយក​សាលារៀន​អន្តរជាតិ​អង្គរ​ប្រ៊ិ​ដ មានប្រសាសន៍ថា សាលារៀន​អន្តរជាតិ​អង្គរ​ប្រ៊ិ​ដ មាន​​គោលដៅ​ចម្បង​គឺ ធ្វើយ៉ាងណា​ដើម្បីឱ្យ​សិស្សានុសិស្ស ទទួលបាន​ជោគជ័យ​លើ​ការសិក្សា រួមទាំង​អត្ត​ច​រិ​ក​ល្អ ដែលមាន​ការស្វាគមន៍​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ សាលា​បាន​ពង្រឹង​ការបង្រៀន​របស់​គ្រូ និង​ការរៀន​របស់​សិស្ស ដោយ​ក្នុងនោះ​ត្រូវ​ជ្រើសរើស​គ្រូ​ដែលមាន​គរុកោសល្យ ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​ការផ្តល់​ចំណេះដឹង និង​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការបង្រៀន ខណៈ​បច្ចុប្បន្ននេះ សាលា​កំពុង​បង្រៀន​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ចំនួន​៥៤​នាក់ ថ្នាក់​អង់គ្លេស​ពេញ​ម៉ោង​សម្រាប់​កុមារ​ចំនួន ៤៤​នាក់ , ថ្នាក់​ភាសា​បរទេសក្រៅ​ម៉ោង​ចំនួន ២២២ នាក់ និង​ថ្នាក់​កំ​ព្យូ​ទ័​រ​ចំនួន ២៤​នាក់ ។​

លោក នាយក​សាលា​បានបញ្ជាក់​ទៀតថា សាលារៀន​អន្តរជាតិ​អង្គរ​ប្រ៊ិ​ដ ប្តេជ្ញា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​កុមារ​តូច​ឱ្យបាន​រឹងមាំ សម្រាប់​បន្ត​ការសិក្សា​នៅ​បឋមសិក្សា ឬ​នៅ​ឧ​ត្ត​ម​សិក្សា​ប្រកបទៅដោយ​ភាពជោគជ័យ ។​

​លោក ពិន ប្រាកដ មានប្រសាសន៍ថា គោលដៅ​សំខាន់​គឺ​ឱ្យ​កុមារ​តូច​នៅតាម​តំបន់​ជនបទ​ទួលបាន​ការបណ្តុះ​បណ្តាល​គ្រឹះ​ឱ្យមាន​ភាពរឹងមាំ​ពី​តូច​នោះ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បង្កើតឱ្យមាន​សាលា​ម​ត្តេ​យ្យ​សហគមន៍​ជាច្រើន នៅតាម​មូលដ្ឋាន​ឱ្យនៅ​កៀក​នឹង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែលជា​ការផ្តល់ឱ្យ​កាស​ឱ្យ​កុមារ​តូច​បាន​ចូលរៀន ហើយ​ក្រៅ​ពីសា​លាម​ត្តេ​យ្យ​សហគមន៍​នេះ នៅតាម​ទីប្រជុំជន ក៏មាន​សាលារៀន​ឯកជន​ជាច្រើន បានទទួល​កុមារ​តូច​ឱ្យ​ចូលរៀន និង​មើល​ការថែទាំ ដូច្នេះ អាជ្ញាធរ​ខេត្តសៀមរាប សូម​គាំទ្រ​ចំពោះ​សាលារៀន​ឯកជន​ក្នុងការ​ចូលរួម​បណ្តុះបណ្តាល​កុមារ​តូច​ឱ្យមាន​គ្រឹះ​រឹងមាំ សម្រាប់​បន្ត​ការសិក្សា​នៅ​បឋមសិក្សា​ឬ​នៅ​ឧ​ត្ត​ម​សិក្សា​នេះ ជាពិសេស​បាន​ជួយ​ដល់​មាតាបិតា​បាន​ទៅធ្វើ​ការរកស៊ី​បាន​ផងដែរ ព្រោះថា​មាន​កន្លែង​សម្រាប់​កូនតូចៗ​សម្រាប់​រៀន និង​ថែ​ទាំង​មាន​សុវត្ថិភាព​ពេញ​មួយថ្ងៃ​ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ដោយសារតែ​ក្នុង​ខួរក្បាល​របស់​ពួកគាត់ មានការ​ចង់​រៀន​ចង់​ចេះ ចង់ដឹង​ស្រាប់​ហើយ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​បន្ត​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស​លើ​គ្រប់ផ្នែក ប្រកបដោយ​គុណភាព និង​មាន​គុណធម៌​ល្អ ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច ដើម្បី​កសាង​កម្ពុជា​ឱ្យ​ក្លាយជា​សង្គម​រីកចំរើន ជឿនលឿន ដែល​ផ្អែកលើ​មូលដ្ឋាន​ចំណេះដឹង លើ​គ្រប់​វិស័យ រួមទាំង​វិទ្យាសាស្ត្រ​បច្ចេកទេស និង​ចំណេះធ្វើ ហើយ​ដើរ​ស្រប​ជាមួយនឹង​ការរីកចម្រើន នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក ៕B