ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​វប្បធម៌​បារាំង​ផ្តោតលើ​សហប្រតិបត្តិការ វិស័យ​អប់រំ វិទ្យាសាស្ត្រ សាកលវិទ្យាល័យ ការស្រាវជ្រាវ សុខាភិបាល វប្បធម៌ និង​បេតិកភណ្ឌ

126

(​ភ្នំពេញ​)៖​លោកស្រី ឡូ​រ៉ង់ អូវែ (Laurence Auer)​ប្រធាន​នាយកដ្ឋាន​វប្បធម៌​សិក្សា​ស្រាវជ្រាវ​និង​បណ្តាញ​នៃ​ក្រសួង​អឺរ៉ុប​និង​ការ​បរ​​ទេស​បារាំង បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០១៧​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​គណៈ​ក​ម្មា​ធិ​​ការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor)​និង​ពិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទ​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បានឱ្យដឹងថា​ក្នុង​ដំណើរ​ទស្ស​កិច្ច​នេះ លោកស្រី​បាន​អញ្ជើញ​ទៅ​ទស្សនា​​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​ប្រទេស​បារាំង​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ការដ្ឋាន​ខាងលើ​ក៏​ជា​កន្លែង​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​កម្ពុជា​ពាក់ព័ន្ធ​ការអភិរក្ស និង​ការជួសជុល​ប្រាសាទ​ផងដែរ​។

​លោកស្រី​បាន​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្រៅពីនេះ លោកស្រី​បាន​អញ្ជើញ​ទៅ​ទស្សនា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​​បារាំង​អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ​តាមរយៈ​គម្រោង​ជាច្រើន​។ ជាងនេះទៅទៀត​លោកស្រី​បាន​ជួប​ជាមួយ​តំណាង​ស្ថាប័ន​សាកល​​វិទ្យាល័យ និង​វិទ្យាសាស្ត្រ​នានា រួមទាំង​អតីត​និស្សិត ដែល​បាន​សិក្សា​ថ្នាក់​ភាសា​បារាំង​នៅតាម​សាកលវិទ្យាល័យ​ឬ​ធ្លាប់បាន​បន្ត​ការ​​សិក្សា​ថ្នាក់​ឧ​ត្ត​ម​នៅ​បារាំង​។

​លោកស្រី​ក៏បាន​ជួប​ផងដែរ​ជាមួយ​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​ជាមួយ​ប្រទេស​បារាំង ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​បាន​គូសបញ្ជាក់​សារជាថ្មី​ពី​ការយកចិត្តទុកដាក់រ​បស់​ប្រទេស​បារាំង​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​នៅក្នុង​វិស័យ​អប់រំ វិទ្យាសាស្ត្រ សាកលវិទ្យាល័យ ការស្រាវជ្រាវ សុខាភិបាល វប្បធម៌ និង​បេតិកភណ្ឌ​៕​ដោយៈ​សុផល​/sn