ថ្នាក់ដឹកនាំ​តែង​នៅ​ជាមួយ​ពលរដ្ឋ​,​កម្មករ​កម្មការិនី​ពេល​មានទុក្ខ​លំបាក​

593
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​”​ថ្នាក់ដឹកនាំ​តែងតែ​យកចិត្តទុកដាក់​រាល់​សុខទុក្ខ​របស់​កម្មករ​កម្មការិនី​ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​បណ្តែតបណ្តោយ​ឱ្យ​បងប្អូន​រស់នៅក្នុង​ភាព​ឯកា​ឡើយ​”​។​នេះ​ជា​ប្រសាសន៍​របស់​អភិបាលខេត្ត​កំពត​ខណៈ​ពេលដែល​លោក​ជួប​សួរសុខទុក្ខ​និង​ចូលរួម​រំលែក​ការឈឺចាប់​ជាមួយ​កម្មករ កម្មការិនី​ដែល​កំពុង​សម្រាក​ព្យាបាល​ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​។​

​ទោះបី​ការងារ​មមាញឹក​យ៉ាងណាក្តី​កាលពី​យប់​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត​បាន​ឆ្លៀតពេល​ចុះ​ជួប​សួរសុខទុក្ខ​កម្មករ​កម្មការិនី​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ហើយ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​។​

មានប្រសាសន៍​ក្នុងន័យ​បង្ក​ភាពកក់ក្តៅ​ជាមួយ​គ្រួសារ​និង​ជនរងគ្រោះ​លោក​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​រាល់​សេចក្តី​សុខទុក្ខ​របស់​ក​ម្មករ​កម្មការិនី​ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​បណ្តែតបណ្តោយ​ឱ្យ​នរណាម្នាក់​ស្ថិតក្នុង​ស្ថានភាព​ឯកា​ឡើយ​។

​នេះ​ជាការ​គិតគូរ​របស់​ប្រមុខ​ដឹកនាំ​ក៏ដូចជា​សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​តែង​ក្រើនរំលឹក​ដល់​ថ្នាក់ក្រោម​មិនឱ្យ​មានការ​ធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ​នោះ​។​លោក​អភិបាលខេត្ត​បាន​បន្តថា​តាមរយៈ​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ដែល​បងប្អូន​កម្មករ​មា​ន​រៀងៗ​ខ្លួន​នោះ​គឺ​រាល់​ការ​សម្រាល​ព្យាបាល​នេះ​មិនត្រូវ​ចំណាយ​ថវិកា​អ្វី​ទាំងអស់​។​សំខាន់​សូមឱ្យ​បងប្អូន​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមគ្រូពេទ្យ​បំណង​ឆាប់​ជាសះស្បើយ​ដើម្បី​បាន​វិលត្រឡប់​ទៅ​បម្រើ​ការងារ​វិញ​។​

​សូម​រំលឹកថា​កាលពី​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង​បាន​ក្រឡាប់​ពេល​កំពុងបើក​បរដល់​ចំណុច​ភូមិ​ស្រែ​ចែង​ឃុំ​ស្រែ​ចែង​ស្រុក​ជុំ​គិរី​ខេត្តកំពត​។​ជាមួយនឹង​ហេតុការណ៍​នោះបាន​បណ្តាលឱ្យ​កម្មករ​២៥​នាក់​ក្នុងចំណោម​អ្នករួមដំណើរ​ជាង​៤០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​។​

​ភ្លាមៗ​សមត្ថកិច្ច​បាន​ចាត់ចែង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​និង​មន្ទីរពេទ្យ​មួយចំនួនទៀត​ដើម្បី​ទទួល​ការសង្គ្រោះ​បន្ទាន់​។​កម្មករ​ទាំងអស់​មាន​ទីលំនៅ​ភូមិ​ដំណាក់​ឈើ​ក្រំ​ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គិរី ខេត្តកំពត តែ​បម្រើ​ការងារ​ក្នុង​រោងចក្រ​មួយ​នៅ​ខេត្តតាកែវ​៕S/​