ថ្នាក់ដឹកនាំ​ធនាគារ អេស៊ីលីដា​និង​អ្នកវិនិយោគទុន​ជប៉ុន ជួបគ្នា​និយាយ​ពី​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​

195
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ថ្នាក់ដឹកនាំ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ពាណិជ្ជករ​មកពី​ក្រុមហ៊ុន​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ បាន​ជួបពិភាក្សា ឈ្វេងយល់​ពីគ្នា​ទៅវិញទៅមក​អំពី​ស័​យ​ធនាគារ​និង​ហិរញ្ញវត្ថុ ។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​បាន​មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី «​វេទិកា​នេះ​ហៅថា បណ្ដាញ​គណនី បណ្ដាញ​ប្រាស្រ័យ​ទាក់ទង រវាង​ពាណិជ្ជករ​ជប៉ុន ជាមួយ​ធនាគារ​អេស៊ីលីដា និង​ភាគហ៊ុន​និក ។ វេទិកា​នេះ​ក៏​ផ្តោតលើ​ការពិភាក្សា​អំពី​កិច្ចការ ដែល​នឹងត្រូវ​បន្ដធ្វើ ស្ដាប់​និង​ផ្ដល់យោបល់​ផ្សេងៗ​ដល់​គ្នា​ទៅវិញទៅមក​»​។​

​លោក​បាន​បន្ថែមថា ៖​ធនាគារ​អេស៊ីលីដា​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ធនាគារ SMBC ជប៉ុន​កាលពី​ខែកញ្ញា ឆ្នាំ​២០១២ ។​តាមរយៈ​កិច្ចព្រមព្រៀង​នេះ បាន​បង្កើត​ឲ្យ មាន​ការិយាល័យ បម្រើ​អតិថិជន​ខ្នាត​អន្ដរជាតិ​។ ២​ឆ្នាំ​ក្រោយមក SMBC បាន​វិនិយោគ​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​កាន់កាប់​ភាគហ៊ុន​ចំនួន​១២.២៥%​ហើយ​ឆ្នាំ​២០១៧​ខែសីហា​បាន​តម្លើង​ភាគហ៊ុន​រហូតដល់​១៨.២៥%​។​
​លោក​បណ្ឌិត​បាន​បន្ថែម​ថា​៖​ដោយសារ​SMBC​ជា​ភាគទុន​និក​សំខាន់​មួយ ក្នុងចំណោម​ភាគហ៊ុន​ទុន​និក របស់​ធនាគារ​អេស៊ីលីដា ផ្នែក​ភាគទុន​និក​បរទេស ដូច្នេះ​យើង​មាន​អតិថិជន​ខ្នាត​សាជីវកម្ម​របស់​ជប៉ុន ដែលមាន​ប្រតិបត្តិការ​ជាមួយ​ធនាគារ​អេស៊ីលីដា​យ៉ាងច្រើន​។​

​លោក អ៊ិន ចាន់នី បាន​បញ្ជាក់ថា «​ថ្ងៃនេះ​ជាការ​ជួបជុំ​លើក​ទី​១ ជាមួយ​សាជីវកម្ម​ជប៉ុន​ជាង​១០០ ហើយ​ជា​សាជីវកម្ម​ខ្នាត​ធំៗ​តែម្ដង ក្នុងនោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ជម្រាបជូន​គាត់​ពី អ្វីដែល​ធនាគារ​អេស៊ីលីដា​ធ្វើ​ជាមួយ​គាត់​, ពិភាក្សា​ពី​ការគាំទ្រ​គ្នា​ទៅវិញទៅមក​តាម​កម្រិត​ណា និង​ស្ដាប់​យោបល​របស់គាត់ ដើម្បី​រក​វិធី​ឆ្លើយតប​នឹង​តម្រូវការ​សា​អាជីវកម្ម​ទាំងអស់នោះ​វិញ​»៕