ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ទទួល​ជួប​សវនាការ​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម

749
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: នា​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤:៣០​នាទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ​ជាន់ខ្ពស់ រដ្ឋសភា​វៀតណាម ដឹកនាំ​ដោយ​លោកស្រី ថុង ធី​ហ្វុ​ង អនុប្រធាន​សភា​ប្រទេស​វៀតណាម ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល​លោកស្រី​ដឹកនាំ​គណៈ​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​ជំនួប​សវនាការ​នេះ សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ និង​ស្វាគមន៍​ដ៏​កក់ក្តៅ​បំផុត​ចំពោះ​លោកស្រី និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​ប្រធានព្រឹទ្ធសភា សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​នាឱកាស នេះ នឹង​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត និង​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស ទាំងពីរ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកស្រី​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​កម្ពុជា​ដើម្បី​ផ្ទេរតំណែង​ប្រធាន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) ជា​ផ្លូវការ ឱ្យ​សភា​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​។ សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក សភា​កម្ពុជា​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់​ហើយ ដូចជា​ការកំណត់​ប្រធានបទ​ស្នូល នៃ​កិច្ចប្រជុំ “​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។ កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​គឺ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីក្រុង​សៀមរាប​។​

នៅក្នុង​ឱកាស​ជំនួប​សម្តែង​ការគួរសម​នោះ លោកស្រី ថុង ធី​ហ្វុ​ង បាន​សម្តែង​នូវ​សេចក្តី រីករាយ​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។ លោកស្រី​បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ព្រមទាំង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុងនាម​រដ្ឋសភា​វៀតណាម លោកស្រី​បានបញ្ជាក់​អំពី ការបន្ត​ជុំរុញ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ប្រសើរឡើង ថែមទៀត​។ ជាមួយគ្នានេះ លោកស្រី បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​នានា ដែល​ប្រទេស ទាំងពីរ បាន​ព្រមព្រៀង​ជាមួយនឹង​គ្នា​។

​លោកស្រី​បាន​សម្តែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ខួប​លើក​៥០ នៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម ដែល​បាន​បន្សល់ទុក​នូវ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ចំពោះ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​លោកស្រី ថុង ធី​ហ្វុ​ង បាន​កត់សម្គាល់ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង សភា​នៃ​ប្រទេស ទាំងពីរ​កាន់តែ​ប្រសើរឡើង ទាំង​នៅក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ​។ លោកស្រី បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​សភា​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៦ នៃ​វេទិកាសភា អាស៊ី​ប៉ា​ស៊ី​ហ្វី​ក (APPF) នៅ​ប្រទេស​វៀតណាម​។ ការរួមចំណែក​យ៉ាង សកម្ម​នេះ បានធ្វើ​ឲ្យ​កិច្ចប្រជុំ APPF លើក​ទី​២៦ ទទួលបាន​ជោគជ័យ ប្រកបដោយ​លទ្ធផល ល្អប្រសើរ​។​

​ក្នុងនាម​រដ្ឋសភា​វៀតណាម លោកស្រី​បាន​បញ្ជាក់ថា ប្រទេស​វៀតណាម មិនអាច​បំភ្លេចបាន ចំពោះ​គុណូបការៈ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ជួយ​ប្រជាជន​វៀតណាម ក្នុង​គ្រា​លំបាក និង​ក្នុងការ អភិវឌ្ឍ​ប្រទេស​។ លោកស្រី មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រទេស​កម្ពុជា នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នាពេល​ខាងមុខនេះ​។ នៅក្នុង​ឱកាស​នោះដែរ ក្នុងនាម​រដ្ឋសភា​វៀតណាម លោកស្រី​បាន​គោរព​អញ្ជើញសម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឺទ្ធសភា និង​គណៈកម្មការ​នានា​របស់​ព្រឹទ្ធសភា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ប្រ​ទេ​សេ វៀតណាម នៅពេល​វេលា​ខាងមុខ​សមស្រប​ណាមួយ​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី​ដែល​នាំមក​នូវ​ការ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​វៀតណាម ជូន​ចំពោះ​សម្តេច និង​ថ្នាក់ដឹកនាំ​កម្ពុជា​ដទៃទៀត​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ​កន្លងទៅនេះ​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​របស់លោក​ស្រី​ដែល​ថ្លែង​សរសើរ​អំពី​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ព្រមទាំង​កា​ររ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ប្រជាជន​នៃ​ប្រទេស​ទាំង ពីរ​មាន​ប្រពៃណី សាមគ្គីភាព តាំងពី​យូ​លង់​ណាស់​មកហើយ​។ ប្រទេស​ទាំងពីរ​បា​នប​ង្កើ​ត​ទំនាក់ទំនង​ការទូត ដោយ​ស្នា​ព្រះ​ហ​ស្ថ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម​ជំនាន់​មុន​។ ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ដោយ​ថ្នាក់ដឹកនាំ និង​ប្រជាជន ជា​បន្តបន្ទាប់​តរៀងមក​។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​ជានិច្ច​ចំពោះ​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ដែល​តែងតែ​ឧបត្ថម្ភ​គាំ​ដល់​ប្រជាជន​កម្ពុជា ដើម្បី​បុព្វហេតុ​យុត្តិធម៌​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ទាំង​ក្នុងសម័យ​សង្គ្រាម​រំដោះជាតិ និង​ក្នុង​សង្គ្រាម សង្គ្រោះ​ជាតិ​កម្ពុជា​។

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បានឃើញ​នូវ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រឹទ្ធសភា​កម្ពុជា និង​សភា​វៀតណាម មានការ​រីកចម្រើន​ឥត ឈប់ឈរ​។ កា​រីកចម្រើន​នេះ ស្តែងឡើង​តាមរយៈ​ទាំ​នាក់​ទំនង​ទ្វេភាគី ពហុភាគី ក្នុង​ក្របខណ្ឌ កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ និង​អន្តរជាតិ ដូចជា​៖ AIPA, APF, IPU, APPF និង CLV ជាដើម​។​
​ក្នុងនាម​ព្រឹទ្ធសភា​កម្ពុជា សម្តេច​បាន​ថ្លែ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋសភា​វៀតណាម ដែល​តែងតែ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​ព្រឹទ្ធសភា​កម្ពុជា​។ តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ទាំងនោះ ពិតជា​បានរួម​ចំណែក​ដល់​កា​រលើ​កម្ពស់​សមត្ថភាព​ស្ថាប័ន និង​លើ​កម្ពស់​សមត្ថភាព​មន្ត្រី​រាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។ ព្រឹទ្ធសភា​កំពុង​ប្រើប្រាស់​ជំនួយ​ទាំងអស់នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​ដោយ​ការទទួលខុសត្រូវ​។ ជាមួយគ្នានេះ សម្តេច​ប្រធានព្រឹទ្ធសភា បានស្នើ​រដ្ឋសភា​វៀតណាម បន្ត​ជួយ​គាំទ្រ​សភា​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា អាស៊ី​ប៉ា​ស៊ី​ហ្វី​ក (APPF) នៅ​ឆ្នាំ​២០១៩​នាពេល​ខាងមុខនេះ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​បក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ស​ម្រ​ច​បាន ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​បក្ស​កុ​ម្មុនី​ស្ត​វៀតណាម និង​សូម​ប្រសិទ្ធពរ​ជូន បក្ស និង​ប្រជាជន​វៀតណាម បន្ត​សម្រេច​ជ័យជម្នះ ក្នុង​បុព្វហេតុ​ផ្លាសប្តូរ​ថ្មី និង​កសាង​ប្រទេស​វៀតណាម ជា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន ស្របតាម​ទិសដៅ​ដែល​មហា សន្និបាត​លើក​ទី​១២ របស់​បក្ស​កុម្មុយនីស្ត​វៀតណាម បានកំណត់​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ប្រសិទ្ធពរ​ជូន​លោកស្រី​ប្រធាន​គណៈប្រតិភូ សូមឱ្យ​មាន​សុខ ភាពល្អ បរិបូរណ៍ បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ជោគជ័យ​។​
​បន្ទាប់ពី​ជំនួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​ប្រធានព្រឹទ្ធសភា គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា វៀតណាម ដឹកនាំ​ដោយ​លោកស្រី ថុង ធី​ហ្វុ​ង អនុប្រធាន​សភា​ប្រទេស​វៀតណាម បាន​អញ្ជើញ ជួប​សវនាការ​ការងា​រ​ទ្វេភាគី​ជាមួយនឹង​ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា​។​

​ភាគី​ទាំងពីរ បានបង្ហាញ​នូវ​ឆន្ទៈ​រួម​ក្នុង​ការបន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ប្រជាជន និង​ប្រទេស​ទាង​ពីរ ជាពិសេស​អង្គការ​នីតិ​ប្បញ្ញា​ត្តិ កម្ពុជា វៀតណាម ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕ ល​