ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បង្ហាញថា ការអប់រំ​ល្អ ជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង សេដ្ឋកិច្ច​

547
ចែករម្លែក

ដោយ : គូលែន/ សៀមរាប : ថ្នាក់ដឹកនាំ​មន្ទីរអប់រំ ​យុវជន និង​កីឡា ​ខេត្តសៀមរាប បាន​បង្ហាញថា ការអប់រំ​ល្អ ជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង សេដ្ឋកិច្ច​។​ ប្រសាសន៍​យ៉ាង​ដូច្នេះ ត្រូវបានលើក​ឡើង​​​ក្នុង​ពិធី​បើក​បវេសនកាល​​ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​ប្រគល់​សញ្ញាបត្រ ចែកជូន​លិខិត​សរសើរ និង រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ឆ្នើម​ប្រចាំឆ្នាំ​សិក្សា ២០១៧-២០១៨ ដែល​រៀបចំឡើង​ដោយ នៅក្នុង​ដែល​សាលា​អន្តរជាតិ ស្មា​ត​ប្រាយ នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក សុខ ដា​នី អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការអប់រំ​ល្អ ជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​ជាក់ស្តែង ក្នុង​យុគសម័យ សេដ្ឋកិច្ច​ពុទ្ធិ និង​បច្ចេកវិទ្យា​ព័ត៌មាន អាស្រ័យ​លើក​ត្តា​ធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ​ទូលំទូលាយ មាន​ភាព​ច្នៃប្រឌិត និង​មាន​ជំនាញ​ច្បាស់លាស់ ព្រោះ​ការអប់រំ​ឆ្លើយតប​ទៅនឹង​ទីផ្សារពលកម្ម និង​ដំណើរការ​ឆ្លើយតប​និង​បរិ​យា​ការណ៍ នៃ​សកលភាវូបនីយកម្ម ស្រប​នឹង​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ព័ត៌មាន ដែល​កំពុង​ទទួលបាន​នូវ​ឧត្តមភាព ប្រកបដោយ​សក្តានុពល អាច​ប្រែក្លាយ​សង្គមជាតិ មានការ​អភិវឌ្ឍ​ជឿនលឿន​។​

លោក​មានប្រសាសន៍​បន្ថែ​ម​ថា ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ ពិសេស​ការជំរុញ​ការកសាង​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ការសិក្សា​រៀនសូត្រ មិន​ត្រឹមតែ​អនុវត្តន៍​បន្ត​ពេញ​មួយជីវិត​ទេ ប៉ុន្តែ​ជាការ​ងារ​មួយ​តម្រូវ លើកកម្ពស់​និង​អភិវឌ្ឍ​គ្មាន​ទីបញ្ចប់ ដើម្បី​ផលិត​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព មាន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​មានការ​រីកចម្រើន​ភាព​សុខដុម និង​ចីរភាព ។ ដូច្នេះ​ឪពុក ម្តាយ​គ្រប់រូប​ត្រូវបញ្ជូន​កូន ចៅ​របស់ខ្លួន​មក​ចុះឈ្មោះ​ចូលរៀនឲ្យបាន​ទាន់ពេលវេលា ដើម្បី​អនាគត​ដ៏​ត្រ​ចេះ​ត្រចង់​នៅពេល​អនាគត ព្រោះ​ក្មួយៗ​ជា​សិស្សានុសិស្ស ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​បាន អាស្រ័យ​ដោយ​ប្រទេស មាន​ធនធានមនុស្ស ប្រកបដោយ​គុណភាព និង​សមត្ថភាព​គ្រប់គ្រាន់ ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ មានការ​រីកចម្រើន​៕B