ថ្នាំប្រឆាំងគ្រុនចាញ់ត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាពព្យាបាលវីរុស Covid-19

229
ចែករម្លែក

មន្រ្តីចិនម្នាក់បាននិយាយកាលពីថ្ងៃចន្ទទី១៧កុម្ភៈថា ក្រុមអ្នកជំនាញចិនដោយផ្អែកលើលទ្ធផលនៃការសាកល្បងព្យាបាល បានបញ្ជាក់ថា ថ្នាំប្រឆាំងគ្រុនចាញ់ Chloroquine Phosphate មានប្រសិទ្ធិភាពព្យាបាលលើវីរុស COVID-19។ នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ។

លោកស្រី ស៊ុន យ៉ានរ៉ុង អនុប្រធានមជ្ឈមណ្ឌលជាតិអភិវឌ្ឍន៍ជីវបច្ចេកវិជ្ជាចិននៅក្រោមចំណុះក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា (MOST) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមអ្នកជំនាញបានណែនាំ “ជាឯកច្ឆន្ទ” ឱ្យដាក់បញ្ចូលឱសថនេះទៅក្នុងការណែនាំបន្ទាប់នៃការព្យាបាលនិងអនុវត្តក្នុងការសាកល្បងព្យាបាលសម្រាប់ករណីស្រាលៗឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកស្រីស៊ុនបាននិយាយថា ថ្នាំ Chloroquine Phosphate ដែលបានប្រើប្រាស់អស់រយៈពេលជាង ៧០ ឆ្នាំមកហើយនោះ ត្រូវបានសម្រិតសម្រាំងចេញពីថ្នាំរាប់ម៉ឺនមុខ​ដែលមានស្រាប់ បន្ទាប់ពីការធ្វើតេស្តជាច្រើនដង។

យោងតាមលោកស្រីបានឱ្យដឹងថា ថ្នាំនេះបានស្ថិតក្រោមការសាកល្បងព្យាបាលនៅមន្ទីរពេទ្យជាង ១០ កន្លែងនៅទីក្រុងប៉េកាំងក៏ដូចជានៅខេត្តក្វាងទុងភាគខាងត្បូងនិងខេត្តហ៊ូណានភាគកណ្តាលប្រទេសចិនហើយបានបង្ហាញពីប្រសិទ្ធភាពល្អគួរសម។

លោកស្រីនិយាយថា នៅក្នុងការសាកល្បងព្យាបាល ក្រុមអ្នកជំងឺដែលបានលេបថ្នាំនេះបានបង្ហាញសូចនាករល្អប្រសើរជាងក្រុមអ្នកជំងឺដទៃទៀត ដូចជាការថយចុះគ្រុនក្តៅ ភាពល្អប្រសើរឡើងនៃការថតស្កែតសួត និង ភាគរយច្រើនឡើងនៃអ្នកជំងឺ ដែលធ្វើតេស្តអវិជ្ជមានចំពោះអាស៊ីតនុយក្លេអ៊ិចរបស់វីរុស។

លោកស្រីបានបន្ថែមថា អ្នកជំងឺ ដែលលេបថ្នាំនេះ ក៏ត្រូវចំណាយពេលខ្លីដើម្បីជាសះស្បើយឡើងវិញផងដែរ។

លោកស្រីស៊ុនបានលើកឧទាហរណ៍អំពីអ្នកជំងឺអាយុ ៥៤ ឆ្នាំនៅទីក្រុងប៉េកាំង ដែលគេបញ្ជូនទៅមន្ទីរពេទ្យ ៤ ថ្ងៃ បន្ទាប់ពីបង្ហាញរោគសញ្ញា។ បន្ទាប់ពីលេបថ្នាំអស់រយៈពេលមួយសប្តាហ៍ គាត់បានឃើញសូចនាករទាំងអស់មានភាពប្រសើរឡើង ហើយអាស៊ីតនុយក្លេអ៊ិចរបស់វីរុសបានប្រែទៅជាអវិជ្ជមាន។

លោកស្រីនិយាយថា រហូតមកទល់ពេលនេះ ពុំមានប្រតិកម្មធ្ងន់ធ្ងរណាមួយដែលជាប់ទាក់ទងនឹងថ្នាំប្រឆាំងគ្រុនចាញ់ត្រូវបានរកឃើញក្នុងចំណោមអ្នកជំងឺជាង ១០០ នាក់ ដែលបានចុះឈ្មោះក្នុងការសាកល្បងព្យាបាលនោះទេ៕ ដោយ៖ កញ្ញាដាលីស

ថ្នាំប្រឆាំងគ្រុនចាញ់ Chloroquine Phosphate បង្ហាញប្រសិទ្ធភាពព្យាបាលអ្នកជំងឺកូរ៉ូណា