ថ្នាំ​គ្រាប់​អាំង​ស៊ុយ​លីន​ជិត​ត្រូវបាន​លក់​នៅ​អាមេរិក​

1478
ចែករម្លែក

​ឱសថការី​អាមេរិក បាន​ផ្សំ​ដោយ​ជោគជ័យ​នូវ​ថ្នាំ​គ្រាប់​អាំង​ស៊ុយ​លីន ដែល​អាច​កម្ចាត់​ចោល​ជា​ស្ថាពរ​នូវ​តម្រូវ​ការចាក់​ថ្នាំ​បង្ក​ការឈឺចាប់​ឲ្យ​អ្នកជំងឺ​ទឹកនោមផ្អែម ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​បណ្តា​ប្រទេស​ជាច្រើន​ធ្លាប់​ស្រាវជ្រាវ ដើម្បី​ផលិត​ថ្នាំ​គ្រាប់​អាំង​ស៊ុយ​លីន​, តែ​ពួក​ឱសថការី​អាមេរិក នៅ​កាលីហ្វ័រ​ញ៉ា និង​បូ​ស្តុ​ន ទើប​ជា​អ្នក​អភិវឌ្ឍន៍​ជោគជ័យ​លើ​ពពួក​ថ្នាំ​គ្រាប់​អាំង​ស៊ុយ​លីន​ដ៏​ពិសេស​នេះ ។ តាម​អ្នកជំនាញ រឿង​សំខាន់​គឺ​ថ្នាំ​គ្រាប់​នេះ​សុវត្ថិភាព​ទាំងស្រុង​ចំពោះ​ក្រពះ ។​

​តាម​ស្ថិតិ​ថ្មី​បំផុត លើ​ពិភពលោក មាន​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រមាណ ៣៤០ លាន​នាក់ ។ ប្រមាណ ៥០% ក្នុងចំណោម​នោះ រាល់ថ្ងៃ​ត្រូវ​ចាក់​អាំង​ស៊ុយ​លីន​ដល់ ៦ ម្ជុល ដើម្បី​រក្សា​កម្រិត​ដ៏​ល្អ​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​, តែ​ជារឿយៗ អ្នកជំងឺ​ឧស្សាហ៍​ចាក់​លើស​កម្រិត ឬ ផ្ទុយ​មកវិញ ភ្លេច​ចាក់ ។​

​ថ្នាំ​គ្រាប់​អាចជួយ​ដោះស្រាយបាន​បញ្ហា​នេះ ។ ពួក​អ្នកជំនាញការ​ឲ្យ​ដឹងថា​៖ ”​សំបក​ថ្នាំ​ជា​ល្បាយ​អំបិល​មួយ ការពារ​សារធាតុ​សកម្ម​ផុត ពិ​ឥទ្ធិពល​អាស៊ីត​ក្រពះ និង​ធានា​រំដោះ​អាំង​ស៊ុយ​លីន​យ៉ាង​មាន​ស្ថិរភាព (​ក្នុងអំឡុងពេល​ប្រមាណ ១២ ម៉ោង​) ពេល​បាន​នៅក្នុង​ពោះវៀន​” ។ ប៉ុន្តែ ពេលវេលា​ច្បាស់លាស់ ដែល​ថ្នាំ​គ្រាប់​អាំង​ស៊ុយ​លីន​នេះ​ត្រូវ​មក ដល់ដៃ​អ្នកជំងឺ​គឺ​នៅ​ពុំទាន់​ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹងថា នៅពេលណា​ពិតប្រាកដ​នៅឡើយ ៕ ប្រែ​សម្រួល​: រតនៈ​