ថ្នាំ​ព្យាបាល​មហារីក​សុដន់ ត្រូវគេ​អះអាងថា បាន​ផលិត​ជោគជ័យ

893
ចែករម្លែក

ពួក​អ្នកវិទ្យាសាស្ត្រ​ទើបនឹង​ផលិត​ជោគជ័យ​នូវ​ថ្នាំ​ព្យាបាល​មហារីក​សុដន់​ថ្មី​មួយ​ប្រភេទ មានលទ្ធភាព​បង្កើន​ថែម ៣០% នូវ​អត្រា​នៅ​រស់នៅ​អ្នកជំងឺ ។​

​សារព័ត៌មាន Medical Xpress បាន​ចុះផ្សាយ​ថា ថ្មីៗ​នេះ​នៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​មហារីក នៅ​ឈឺ​កា​ហ្គោ សហរដ្ឋអាមេរិក​, អ្នកជំនាញការ​អន្តរជាតិ​១​ក្រុម​បានប្រកាស​លទ្ធផល​ស្រាវជ្រាវ​ពាក់ព័ន្ធ​ដល់​ថ្នាំ​ព្យាបាល​មហារីក​សុដន់​មួយ ដែល​ពួកគេ​ទើបនឹង​ផលិត​បាន ។​

​ដើម្បី​សម្រេចបាន​លទ្ធផល​ស្រាវជ្រាវ​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ចំណាយពេល​ជាង ៥ ឆ្នាំ ។ បន្ទាប់មក គេ​បាន​ជ្រើស​យក​ស្ត្រី ៦៧២ នាក់ មាន​អាយុ​ក្រោម ៥៩ ឆ្នាំ កំពុង​ព្យាបាល​មហារីក​សុដន់ ដើម្បី​ពិសោធន៍​ថ្នាំ ។ តែ​ក្នុង​រង្វង់ ៣,៥ ឆ្នាំ ត្រូវបាន​ព្យាបាល​ដោយ​ថ្នាំ​នេះ​, ស្ថានភាព​ជំងឺ​របស់​ស្ត្រី​ទាំងនេះ​ត្រូវបាន​កែប្រែ​ប្រសើរឡើង​យ៉ាងច្បាស់ លាស់​, អត្រា​នៅរស់​កើន ៣០% ប្រៀប​នឹង​មុនពេល​ចាប់ផ្តើម​ចូលរួម​ព្យាបាល ។​

​វេជ្ជបណ្ឌិត Sara Hurvitz អ្នកដឹកនាំ​ការស្រាវជ្រាវ​ឲ្យ​ដឹងថា «​ខុសពី​ពពួក​ថ្នាំ​ព្យាបាល​ធម្មតា​, ថ្នាំ​ផលិត​ដោយ​ក្រុម​របស់​អ្នកស្រី ធ្វើ​សកម្មភាព​សំខាន់​ផ្អែកលើ​យន្តការ​ទប់ស្កាត់​ចរន្ត​អ័រម៉ូន estrogen ។ តាំងពី​យូរ​មកហើយ មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​បាន​រកឃើញ​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជួរមុខ បង្ក​ជា​ជំងឺមហារីក​សុដន់ គឺជា​អ័រម៉ូន estrogen ។ ខ្ញុំ​ចាត់ទុកថា យើង​មានលទ្ធភាព​កំទេច​កោសិកា​មហារីក​ល្អ​ជាង អាស្រ័យ​ដោយ​ការទប់ស្កាត់​ចរន្ត​អ័រម៉ូន​នេះ​» ។​

​ក្រុមហ៊ុន​ឱសថ Novartis, អ្នក​ឧបត្ថម្ភ​ការស្រាវជ្រាវ​នឹង​បញ្ចេញ​លើ​ទីផ្សារ​នូវ​ថ្នាំ​មហារីក​ថ្មី​នេះ​ក្រោម​ឈ្មោះថា Kisqali ។ ១​កញ្ចប់​ថ្នាំ​ព្យាបាល​រួមមាន ២៨ ដូ​ស នឹងមាន​តម្លៃ ប្រមាណ ១២.៥៥៣ ដុល្លារ អាមេរិក ៕ ប្រែ​សម្រួលៈ រតនៈ​