ថ្មី​សម្រាប់​កម្ពុជាៈ ការប្រគំតន្ត្រី​ក្រោម​តំណក់ទឹក​

1115
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ អាច​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​ថ្មី ប្លែក​សម្រាប់​កម្ពុជា​គឺ​ការប្រគំ​តន្ត្រី ដែលមាន​ការ បាញ់ទឹក​រាំ​កម្សាន្ត​និង​មាន​ឌី​ជេ​មកពី​ជិត​១០​ប្រទេស ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការប្រគុំ​តន្ត្រី​ក្រោម​តំណក់ទឹក​នេះ វ៉​ត​ធ័​រ សេន​សេ​សិន ភ្នំពេញ​២០១៨ នឹង​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃទី ៦ ,៧ និង​៨ ខែ មេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​(​រូប សុផល​)

​ ​ការប្រគំ​តន្ត្រី​ក្រោម​តំណក់ទឹក​នេះ​ឈ្មោះថា វ៉​ត​ធ័​រ សេន​សេ​សិន ភ្នំពេញ​២០១៨(Water Sensation Phnom Penh 2018) ដែល​នឹង​ប្រារព្ធ​ធ្វើ​មួយ​សប្តាហ៍​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ គឺ​នៅ​ថ្ងៃទី ៦ ,៧ និង​៨ ខែ មេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ ​លោក ថា​ណា​វ៉ា​ត់ ម៉ា​នី​កន ជុង​ស៊ី​រី​( Thanawat Maneekorn Jongsiri) នាយក​គ្រប់គ្រង FINZociety Cambodia ដែលជា​អ្នកជំនាញ​រៀបចំ​កម្មវិធី​កម្សាន្ត​លំដាប់​អន្តរជាតិ បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពី​រាត្រី​ថ្ងៃទី​២៤ ខែមីនានៅ​ភោជនីយដ្ឋាន​Bottoms Up រាជធានី​ភ្នំពេញ ថា​៖ ការប្រគុំ​តន្ត្រី​ក្រោម​តំណក់ទឹក បានទទួល​ជោគជ័យ​ខ្លាំង និង​ទទួលបាន​ការគាំទ្រ​ច្រើន​នៅ​ប្រទេស​ថៃ​។​ដូច្នេះ​លោក​ចង់​នាំ​បទពិសោធន៍​កម្សាន្ត​បែប​ថ្មី ប្លែក​និង​សប្បាយរីករាយ​នេះ មក​ប្រទេស​កម្ពុជា ។​

​ ​លោក​បាន​ឱ្យដឹងទៀតថា ព្រឹត្តិការណ៍​នេះ​រឹតតែ​ថ្មី​ទៀត​គឺមាន​ការចូលរួម​ពី​ឌី​ជេ​កំពូលៗ​មកពី​ជិត​១០​ប្រទេស​គឺ កម្ពុជា កូរ៉េខាងត្បូង ហុ​ល្លង់ អង់គ្លេស ឡាវ ថៃ វៀតណាម​និង បង់​ក្លា​ដែ​ស ។​

​ ​លោក ថា​ណា​វ៉ា​ត់ បាន​បន្តថា ការប្រគំ​តន្ត្រី​បាញ់​ទឹក​នេះ ចាប់ផ្តើម​ពី​ម៉ោង​៥​ល្ងាច​ដល់ ម៉ោង​១២​យប់ ហើយ​សំបុត្រ​លក់​ក្នុងតម្លៃ​១០​ដុល្លារ​ដល់​២០​ដុល្លារ​អាមេរិក​។​សម្រាប់​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ​មិន​អនុញ្ញាតឱ្យ​ចូលរួម​កម្ម​វិធី​នេះ​ទេ​។​លោក​បាន​រំពឹងថា នឹងមាន​អ្នកចូលរួម​ពី​៣០០០​ទៅ​៤០០០​នាក់​ក្នុង​មួយថ្ងៃ​។​

​ ​ទាក់ទង​នឹង​សុវត្ថិភាព​នោះ លោក​ថា​ណា​វ៉ា​ត់ ម៉ា​នី​កន បាន​ធានា​អះអាងថា ការប្រគុំ​តន្ត្រី​នេះ មានការ​រៀបចំ​ការពា​រ​យ៉ាង​ល្អ តាំងពី​ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​បច្ចេកវិទ្យា​បាញ់​ទឹក និង ការរៀបចំ​ពីស​សម្រាប់​រាំ​កម្សាន្ត​៕MN

​ការប្រគុំ​តន្ត្រី​ក្រោម​តំណក់ទឹក​នេះ វ៉​ត​ធ័​រ សេន​សេ​សិន ភ្នំពេញ​២០១៨ នឹង​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃទី ៦ ,៧ និង​៨ ខែ មេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​(​រូប សុផល​)

#