ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់វែង​លើក​ទី​ពីរ​

635
ចែករម្លែក
ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់វែង​លើក​ទី​ពីរ​(រូបថតត÷ សន ប៊ុនស៊ីម)

ដោយៈ​សុភ​ក្ត្រ ភា​ណា​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់វែង គឺជា​ការផ្តួចផ្តើម​កាល​ពី​ពីរ​ឆ្នាំមុន​។ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មានប្រសាសន៍ថា «​ផ្លូវ​ទៅកាន់​សន្តិភាព​មួយ​គឺ​ពិតជា​ឆ្ងាយ​, ថ្មើរជើង​ទៅកាន់​ប្រវត្តិសាស្ត្រ​មួយ​គឺ​ពិតជា​អន្លង់​អ​ន្លោ​ច ប្រសិនបើ​យើង​មិន​ដើរ​ជាមួយគ្នា​»​។​

​ស្រុក​អន្លង់វែង ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ – “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​លើក​ទី​ពីរ​” ប្រមូលផ្តុំ​មនុស្ស​ចំនួន​ប្រមាណជាង២.០០០ នាក់​ឲ្យ​ចូលរួម​យ៉ាង​កក​ករ​។ កម្មវិធី​នេះ​ប្រព្រឹត្តទៅ​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​ការរៀបចំ​របស់​ក្រសួងទេសចរណ៍ សហការ​ជាមួយនឹង​គណៈកម្មាការ​អន្តរក្រសួង និង​គណៈ​គ្រប់គ្រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺជា​សមាជិក​រៀបចំ​ក​ម្ម​វិធី​នេះដែរ​។ គោលបំណង​ចម្បង​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​និង​ផ្សព្វផ្សាយ​អំពី​តំបន់​អន្លង់វែង​។​

ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់វែង​លើក​ទី​ពីរ​(រូបថតត÷ សន ប៊ុនស៊ីម)

​អ្នកចូលរួម​មាន​សាវតារ​ចម្រុះ និង​អញ្ជើញ​មកពី​គ្រប់​ស្ថាប័ន ដែលមាន​ដូចជា សិស្សានុសិស្ស ប្រជាជន​ស៊ីវិល ទាហាន និង​មន្ត្រីរាជការ​។ ទន្ទឹមនឹង​នេះដែរ ពាក់កណ្តាល​នៃ​ចំនួន​អ្នកចូលរួម​សរុប គឺ​៧៥០​នាក់ ជា​ប្រជាជន​ថៃ​។ នៅក្នុង​ឆ្នាំនេះ គណៈកម្មាធិការ​រៀបចំ បានដាក់​បញ្ចូល​កម្មវិធី​កម្សាន្ត​យ៉ាង​សម្បូរបែប​បន្ថែមទៀត ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មាន​ភាព​អធិកអធម បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​រៀបចំ “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​” លើកដំបូង​របស់ខ្លួន​កាលពី​ឆ្នាំមុន​។ កម្មវិធី​ទាំងអស់​មាន​រយៈពេល​២​ថ្ងៃ​កន្លះ ដោយ​គួបផ្សំ​នូវ ពិព័រណ៍​រូបថត​ចំនួន ១០០​ផ្ទាំង​, ចំបាប់​ខ្មែរ​, ការប្រណាំង​ទូក​, ការប្រកួត​បាល់ទាត់​និង​បាល់ទះ​មិត្តភាព​កម្ពុជា​-​ថៃ​, ពិ​ព័រ​ណ៌​ម្ហូបអាហារ​កម្ពុជា​-​ថៃ​, ការប្រណាំង​កង់​យឺត​, ការសម្តែង​ប្រដាល់​គុណ​ខ្មែរ​និង​ថៃ ព្រមទាំង​តន្ត្រី​និង​ការ​រាំលេង​កម្សាន្ត​។​

​លោក ប៉ែន កុសល អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានលើកឡើង​នៅក្នុង​សុន្ទរកថា​របស់លោក​ថា កម្មវិធី​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នេះ​នឹង “​ពង្រឹង​មិត្តភាព​រវាង​កម្ពុជា​-​ថៃ​” ជាពិសេស​នៅតាម​តំបន់​ព្រំដែន​ដូចជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ​ផ្ទាល់​។ អភិបាលខេត្ត​រូបនេះ បាន​បន្តថា​គណៈកម្មាធិកា​រ​គ្រោង​នឹង​រៀបចំ​កម្មវិធី​រៀងរាល់ឆ្នាំ ដើម្បី​បង្កើន​កេរ្តិ៍ឈ្មោះ​តំបន់​អន្លង់វែង និង​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយជា “​ទិសដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​”​។ លោក យល់ឃើញថា ព្រឹត្តិការណ៍​ប្រភេទ​នេះ ក៏​គួរតែ​រៀបចំឡើង​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​នៅតាម​បណ្តោយ​ព្រំប្រទល់​ថៃ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​បន្ថែមថា អន្លង់វែង នឹង​ជា “​ទីតាំង​ដំបូង​” ដែល​នឹងមាន​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ ដើម្បី​ជា​និមិត្តរូប​នៃ​សន្តិភាព​។​

ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់វែង​លើក​ទី​ពីរ​(រូបថតត÷ សន ប៊ុនស៊ីម)

​លោក សំ​រួយ កេ​ធិ​គុណ អភិបាលរង​ខេត្ត​ស៊ីសាកេត បានបង្ហាញ​នូវ​សេចក្តីសោមនស្ស​ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​ឡើង​។ លោក​ជឿជាក់ថា សកម្មភាព​នេះ​នឹង​ជួយ​រឹតបន្តឹង​ដល់​ចំណងមិត្តភាព​របស់​ក​ម្ពុ​ជា​-​ថៃ ព្រមទាំង​ជា​កាយវិការ​ដ៏​ប្រសើរ​សម្រាប់​ប្រជាជន​ទាំងពីរ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។ “​ភាគី​ថៃ រីករាយ និង​ប្រាកដជា​សហការ​គាំទ្រ ព្រមទាំង​ចូលរួម​រាល់​សកម្មភាព​មិត្តភាព​ដែល​ភាគី​កម្ពុជា​ផ្តួចផ្តើម ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​ទាំងពីរ​។​”
​អន្លង់វែង គឺជា​ស្រុក​មួយ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្ថិតនៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ថៃ​។ អន្លង់វែង គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​។ យោងតាម​សៀវភៅ “​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​៖ តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​” តំបន់​នេះ​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋបាល​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម រហូតដល់​មានការ​មកដល់​នៃ​អាណានិគម​បារាំង​។ អន្លង់វែង បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កម្ពុជា​ជា​អចិន្ត្រៃយ៍ នៅពេលដែល​មានការ​បង្កើត​ជា​របប​សង្គមរាស្ត្រនិយម​។ ក្នុង​របប​នេះ សម្តេច នរោត្តម សីហនុ បាន​បង្កើតជា​ខេត្ត​ថ្មី​មួយ គឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​បំបែក​ចេញពី​ផ្នែក​ខ្លះ​នៃ​ខេត្តសៀមរាប ហើយ​អន្លង់វែង​គឺជា​ភូមិ​មួយ និង​ក្រោយមក​ក៏​ក្លាយទៅជា​ស្រុក​រហូតមកដល់​បច្ចុប្បន្ន​។

ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់វែង​លើក​ទី​ពីរ​(រូបថតត÷ សន ប៊ុនស៊ីម)

​ភាគច្រើន​នៃ​ប្រជាជន​រស់នៅក្នុង​ស្រុក​នេះ​បច្ចុប្បន្ន គឺជា​អតីត​សមាជិក​នៃ​របប​ខ្មែរក្រហម​។ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅក្នុង​ឆ្នាំ​១៩៧៩ ចលនា​តស៊ូ​របស់​មេដឹកនាំ​ខ្មែរក្រហម​មិនបាន​បញ្ចប់ទៅ​ភ្លាមៗ​ទេ​។ មេដឹកនាំ​ទាំង​នោះបាន​ភៀសខ្លួន​ទៅ​តាំងទី នៅតាម​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ជាប់​ទៅនឹង​ព្រំប្រទល់​ថៃ ដោយបាន​ប្រមូល​កៀរ​យក​សមាជិក​និង​ប្រជាជន​សាមញ្ញ​ទៅជា​មួយ​ផង​។ មេដឹកនាំ​ខ្មែរក្រហម​បាន​បន្ត​ចលនា​របស់ខ្លួន​តាម​តំបន់​ទាំងនេះ ដោយ​បង្ក​ជា​ភាពវឹកវរ​និង​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​រហូតដល់​សមាហរណ៍កម្ម​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​១៩៩៨ បន្ទាប់ពី​មរណភាព​របស់ ប៉ុល ពត​។ ដោយសារតែ​មូលហេតុ​នេះ អន្លង់វែង​គឺជា​ទីតាំង​ដែល​មិនអាច​ខ្វះ​បាន​មួយ ក្នុងការ​បកស្រាយ​អំពី​របប​ខ្មែរក្រហម ក៏ដូចជា​ប្រវត្តិសាស្ត្រ​នាពេល​ថ្មីៗ​របស់​កម្ពុជា​។

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុងនាម​ជា​ស្ថាប័ន​ឈានមុខ​មួយ​ក្នុងការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម បាន​បំពេញការងារ​ស្រាវជ្រាវ​និង​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​នៅក្នុង​ស្រុក​អន្លង់វែង​។ ក្រៅពី​មាន​ទីស្នាក់ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏បាន​បង្កើតជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៅតាម​បណ្តា​ខេត្ត​នានា​។ ក្នុងនោះ អន្លង់វែង គឺជា​ទីតាំង​ដំបូង​ដែល​មជ្ឈមណ្ឌល​បាន​បង្កើត​ការិយាល័យ​ស្រាវជ្រាវ​ដំបូង​បំផុត នោះ​គឺ «​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​»​។​
​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បាន​ចាប់បដិសន្ធិ​ឡើង​នៅក្នុង​ឆ្នាំ​២០១៤ ក្នុង​គោលបំណង​បន្ត​ការស្រាវជ្រាវ​អំពី​របប​ខ្មែរក្រហម​ជាពិសេស​ប្រវត្តិសាស្ត្រ​នៃ​តំបន់​អន្លង់វែង​ផ្ទាល់ ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​រវាង​អតីត​សមាជិក​និង​អ្នក​រស់រានមានជីវិត​នៃ​របប​ខ្មែរក្រហម​តាមរយៈ​វប្បធម៌​សន្ទនា​រវាង​ក្រុម​ទាំងពីរ ក៏ដូចជា​ការដឹកនាំ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​នេះ​។ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក៏បាន​ធ្វើការ​យ៉ាង​ស្វិតស្វាញ​ជាមួយនឹង​ក្រសួងទេសចរណ៍​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ដើម្បី​ថែរក្សា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារសំខាន់​ទាំង​១៤​ទីតាំង ដែល​រួមមាន ទីតាំង​ដុត​សព ប៉ុល ពត​, ទីតាំង​កប់​សព ប៉ុល ពត​, ផ្ទះ​តា​ម៉ុក និង​ទីស្នាក់ការ​របស់​តា​ម៉ុក ជាដើម ក្នុង​គោលបំណង​អប់រំ​និង​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន​ជំនាន់​ក្រោយ និង​ធានាថា​របប​ឃោរឃៅ​នេះ​នឹងមិន​កើតឡើង​វិញ​ជា​រៀងរហូត​។​

អន្លង់វែង(រូបថតសនប៊ុនស៊ីម)

​បណ្ឌិត លី សុខ​ឃាង ប្រធាន​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បានបង្ហាញ​ភាព​សុទិដ្ឋិនិយម​ចំពោះ​កម្មវិធី​ថ្មើរជើង​ប្រវត្តិសាស្ត្រ និង​កីឡា​ទេសចរណ៍​អន្លង់វែង​ជារួម ព្រមទាំង​សម្តែង​នូវ​អំណរគុណ​ចំពោះ​ការគាំទ្រ​របស់​សំណាក់​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​គណៈកម្មាធិការ​រៀបចំ​កម្មវិធី ដល់​ការងារ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក្នុងការ​អភិរក្ស​និង​លើកកម្ពស់​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ “​ខ្ញុំបាទ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ ការផ្តួចផ្តើម​សាងសង់​វិមាន​ឈ្នះ ឈ្នះ នៅក្នុង​ទឺ​កដី​ស្រុក​អន្លង់វែង​នេះ​” លោក​បាន​បញ្ជាក់បន្ថែម​។​

​លោក ប្រយោជន៍ លោកគ្រូ​បង្រៀន​មកពី​ខេត្ត​ស៊ីសាកេត បានបង្ហាញ​ចំណាប់អារម្មណ៍​ពេញចិត្ត​ចំពោះ​កម្មវិធី​នេះ ដោយ​លើកឡើងថា ថ្មើរជើង​នេះ “​ពិតជា​ល្អ​” ដោយសារតែ​យើង​បាន​បង្កើតជា “​វប្បធម៌​ដ៏​ប្រសើរ​” រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ថៃ ពីព្រោះ​ថ្ងៃនេះ​យើង​បាន “​ដើរ​ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌​, ដើរ​ដើម្បី​ការសិក្សា​, ដើរ​ដើម្បី​ព្រះពុទ្ធសាសនា និង​ដើរ​ដើម្បី​កីឡា​” ហើយ​នេះ​គឺជា​សកម្មភាព​ជាទី​ប្រសើរ​សម្រាប់​ប្រជាជន​ទាំងពីរ​ប្រទេស​។​

អន្លង់វែង(រូបថតសនប៊ុនស៊ីម)


​បណ្ឌិត លី សុខ​ឃាង ប្រធាន​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បានបង្ហាញ​ភាព​សុទិដ្ឋិនិយម​ចំពោះ​កម្មវិធី​ថ្មើរជើង​ប្រវត្តិសាស្ត្រ និង​កីឡា​ទេសចរណ៍​អន្លង់វែង​ជារួម ព្រមទាំង​សម្តែង​នូវ​អំណរគុណ​ចំពោះ​ការគាំទ្រ​របស់​សំណាក់​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​គណៈកម្មាធិការ​រៀបចំ​កម្មវិធី ដល់​ការងារ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក្នុងការ​អភិរក្ស​និង​លើកកម្ពស់​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ “​ខ្ញុំបាទ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ ការផ្តួចផ្តើម​សាងសង់​វិមាន​ឈ្នះ ឈ្នះ នៅក្នុង​ទឺ​កដី​ស្រុក​អន្លង់វែង​នេះ​” ។​លោក​បាន​បញ្ជាក់បន្ថែម​។​
​លោក ឌី ថា​រ៉េ​ន ម្ចាស់​បទ​ចម្រៀង “​អន្លង់វែង​ស្នេហា​” បង្ហាញ​អំពី​សេចក្តីសោមនស្ស​ជា​ពន់ពេក​ដែល​បាន​មកដល់​ទឹកដី ដែល​លោក​ធ្លាប់តែ​ច្រៀង​រៀបរាប់​នៅក្នុង​បទ​ចម្រៀង ព្រមទាំង​ត្រេកអរ​យ៉ាង​ក្រៃលែង​ដោយបាន​បង្ហើរ​សំនៀង​ជូន​ប្រជាជន​នៅក្នុង​ស្រុក​នេះ​ផ្ទាល់​ស្តាប់​កម្សាន្ត​។ គួររម្លឹកថា “​អន្លង់វែង​ស្នេហា​” គឺជា​បទ​ចម្រៀង​ស្ថិតក្រោម​កិច្ច​ផ្តួចផ្តើម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយមាន​ការគាំទ្រ​តាមរយៈ​ការចូលរួមចំណែក​ជា​ស្នាដៃ​និពន្ធ​ពី​សំណាក់​លោកគ្រូ ស៊ុំ សារឿន កវី​ជើងចាស់​ដែល​បាន​និពន្ធ​ទំនុក​បទ​ភ្លេង​រាប់ពាន់​បទ​នៅក្នុង​ប្រទេស​កម្ពុជា​។ បទ​ចម្រៀង​នេះ និពន្ធ​ឡើងជា​ពិសេស​សម្រាប់​ស្រុក​អន្លង់វែង​៕​សរន​

អន្លង់វែង(រូបថតសនប៊ុនស៊ីម)
អន្លង់វែង(រូបថតសនប៊ុនស៊ីម)