ថ្ម​ឋាន​ព្រះ​ចន្ទ​១​ដុំ ត្រៀម​ដាក់លក់​ដេញថ្លៃ អាច​បាន ៥០ ម៉ឺន​ដុល្លារ​

509

ថ្ម​ឋាន​ព្រះ​ចន្ទ​១​ដុំ ដែល​គេ​រកឃើញ​នៅលើ​ផែនដី អាច​ឡើងថ្លៃ​រហូតដល់​ទៅ ៥០០.០០០ ដុល្លារ នៅពេល​លក់​ដេញថ្លៃ​។​

​ដុំថ្ម​ទេពច្យុត​ពី​ឋាន​ព្រះ​ចន្ទ​ទម្ងន់ ៥,៤៤ គីឡូក្រាម ដែល​គេ​រកឃើញ​នៅ​អាហ្វ្រិក​ខាងលិច​កាលពី​ឆ្នាំមុន គ្រោង​នឹងដាក់​លក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន RR Auction ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បូ​ស្តុ​ន ហើយនឹង​ត្រូវដាក់​ដេញថ្លៃ​តាម​អន​ឡាញ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​រហូតដល់​ថ្ងៃទី ១៨ ខែតុលា​។​

​ក្រុមហ៊ុន RR Auction បាន​ពិពណ៌នា​ថា វា​ជា “​ដុំថ្ម​ទេពច្យុត​ដ៏​សំខាន់បំផុត​មួយ ដែល​អាច​រក​ទិញ​បាន​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​” ហើយ​ជា​បំណែក​ធំ​បំផុត​មួយ​នៃ​ព្រះ​ចន្ទ ដែល​ត្រូវបាន​ដាក់លក់​។​

​ថ្ម​ដែល​គេ​ដាក់ឈ្មោះថា NWA 11789 ឬ​ហៅថា Buagaba ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំមុន​នៅក្នុង​តំបន់​ដាច់ស្រយាល​មួយ​នៃ​ប្រទេស​ម៉ូ​រីតា​នី ប៉ុន្តែ​ប្រហែលជា​បាន​ធ្លា​ក់លើ​ផែនដី​រាប់ពាន់​ឆ្នាំ​មកហើយ​។​

​លោក ជី​អូ​ហ្វ ណ​ត់​គីន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Aerolite Meteorites ដែល​លក់ដុំ​ថ្ម​នេះ​បាន​និយាយថា ភាគច្រើន​នៃ​ទេពច្យុត​ពី​ឋាន​ព្រះ​ចន្ទ ដែល​គេ​រកឃើញ គឺមាន​ទំហំ​ប៉ុន​គ្រាប់​វ៉​ល​ណាត់ ឬ គ្រាប់​បាល់​កូន​ហ្គោល​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

ដុំថ្ម​ទេពច្យុត​ពី​ឋាន​ព្រះ​ចន្ទ​ទម្ងន់ ៥,៤៤ គីឡូក្រាម ឈ្មោះ NWA 11789 នឹង​ដាក់លក់​ដេញថ្លៃ​តាម​អន​ឡាញ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​រហូតដល់​ថ្ងៃទី ១៨ ខែតុលា